ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​កូនស្រី​មិន​បាន​បា.ញ់​រះ​ចូល​ផ្ទះ ជន​ដៃដល់​ដេក​ព្រៃ​ជាង​៤ខែ​ហើយ

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​ជាង​៤​ខែ​មក​ហើយ ដែល​ជន​ដៃដល់​បាន​លួច​បា.ញ់​រះ​លើ​គ្រួសារ​មួយ​បណ្តាល​ឱ្យ​របួសធ្ងន់​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​ម្ចាស់ផ្ទះ ។ ប៉ុន្តែ​ទោះបីជា

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​ជាង​៤​ខែ​មក​ហើយ ដែល​ជន​ដៃដល់​បាន​លួច​បាញ់​រះ​លើ​គ្រួសារ​មួយ​បណ្តាល​ឱ្យ​របួសធ្ងន់​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​ម្ចាស់ផ្ទះ ។ ប៉ុន្តែ​ទោះបីជា​មានការ​បាញ់​រះ​មក​លើ​លំនៅ​ឋាន​បង្ក​ឱ្យ​មានការ​រង​គ្រោះ​បែប​នេះ​ក្តី ក៏​មក​ដល់​ពេល​នេះ​ជន​ដៃដល់​នៅ​តែ​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ ខណៈ​ក្រុម​សមត្ថកិច្ច​បាន​ប្រាប់​ថា ទោះជា​រឿង​ក្តី​នោះ​មាន​អាយុកាល​ជាង​៤​ខែ​មក​ហើយ​ក្តី ក៏​សមត្ថកិច្ច​នៅ​តែ​ដុតដៃដុតជើង​តាម​ស្វែងរក​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​នោះ​ដែរ ។

ការ​បាញ់​រះ​កាលពី​ជាង​៤​ខែ​មុន​នេះ ត្រូវ​បាន​គេ​ដឹង​ថា ដោយសារ​តែ​ខ្មាន់កាំភ្លើង​តាម​ស្រឡាញ់​កូនក្រមុំ​ម្ចាស់ផ្ទះ​នោះ​មិន​បាន​ទើប​ក្លាយជា​កំហឹង​ដ៏​ពិសពុល​បែប​នេះ ។

លោក ខៃ វណ្ណៈ អធិការរង​នគរបាល​ស្រុក​អូរ​រាំង បានឱ្យ​ដឹង​ថា តាំងពី​ថ្ងៃ​កើតហេតុ​រហូត​មក​ដល់​ពេល​នេះ កម្លាំង​អធិការដ្ឋាន​ស្រុក​នៅ​តែ​បន្ត​តាម​រក​ជន​ដៃដល់​ដែល​កំពុង​សម្ងំ​លាក់ខ្លួន​ក្នុង​ព្រៃ ។ លោក​បន្ត​ថា «​កម្លាំង​នគរបាល​របស់​យើង​មានការ​លំបាក​ណាស់ ព្រោះ​ជនល្មើស​បាន​គេច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​ព្រៃ​ជ្រៅ​» មិន​ខុស​ពី​លេងបិទពួន​នោះ​ទេ ។

លោក ញ៉ែ​ម វ៉ា​ន់​នី ស្នងការ​នគរបាល​ខេត្ត បានឱ្យ​កោះសន្តិភាព​ដឹង​ថា «​បើ​ទោះបីជា​សមត្ថកិច្ច​ជួប​ការ​លំបាក​ក្នុង​ការ​តាម​ចាប់​ជនល្មើស​យ៉ាងណា​ក្ដី ក៏​កម្លាំង​ក្រោម​ឱវាទ​របស់​លោក​នៅ​តែ​បន្ត​បង្កើន​សកម្មភាព​រុករក​ជនល្មើស​ដែល​បាន​រត់គេច​ខ្លួន​ទៅ​ក្នុង​ព្រៃ អស់​ជា​ច្រើន​ខែ​មក​នោះ​ដដែល ។ លោក​ជឿជាក់​ថា ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ សមត្ថកិច្ច​នឹង​អាច​ចាប់ខ្លួន​ជនល្មើស​បាន ព្រោះ​កម្លាំង​សមត្ថកិច្ច​បាន​កំណត់​ទីកន្លែង​លាក់ខ្លួន​របស់​ខ្មាន់កាំភ្លើង​នោះ​រួច​ហើយ ក៏​ប៉ុន្តែ​បញ្ហា​ប្រឈម​មួយ​របស់​សមត្ថកិច្ច​ដែល​កំពុង​ជួប​ប្រទះ គឺ​ជន​ដៃដល់​មាន​កាំភ្លើង​ជាប់​នឹង​ខ្លួន ។ ជាក់ស្តែង​កាលពី​ពេល​កន្លង​មក សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ​ជនល្មើស​ខាងលើ​បាន​ម្តង តែ​ត្រូវ​ជន​នោះ​បាញ់​រះ​អស់​ជា​ច្រើន​គ្រាប់​មិន​ឱ្យ​ចូលចាប់ ។

សូម​រំឭក​ថា ប្តី​ប្រពន្ធ​២​នាក់​បាន​រង​របួស​ជា​ទម្ងន់ ក្នុង​អំពើ​បាញ់ប្រហារ​មួយ​យ៉ាង​សាហាវ កាលពី​វេលា​ម៉ោង​១១​និង​១៨​នាទី​យប់​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៤ នៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង និង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។

សមត្ថកិច្ច​ស្រុក​បាន​និយាយ​ថា នៅ​វេលា​កើតហេតុ​នោះ​គេ​បានឮ​សំឡេង​ផ្ទុះអាវុធ​ជាប់​ៗ​គ្នា​ប្រមាណ​ជាង​១០​គ្រាប់​ដែល​ជនល្មើស​បាន​បាញ់​រះ​មិន​ប្រណី​ដៃ​ទៅ​លើ​លំនៅ​ឋាន​ជន​រង​គ្រោះ​។ ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​បាញ់​រះ​អស់ចិត្ត​ហើយ ខ្មាន់កាំភ្លើង​បាន​គេចខ្លួន​ចូល​ក្នុង​ព្រៃ​បាត់​។ ដោយឡែក ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នោះ គឺ​កំពុង​សម្រាក​លង់លក់​ក្នុង​ដំណេក​ដែល​មាន​ចំនួន​ប្រាំ​នាក់ រាប់​ទាំង​អ្នក​ត្រូវ​របួស​ពីរ​នាក់​ផង ។

អ្នក​រង​របួស​ក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ​អ៊ិត ថុ​ល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​ប្តី រង​របួស​ពីរ​កន្លែង​ត្រង់​ភ្លៅ​ខាងស្តាំ និង​ម្នាក់​ទៀត​ឈ្មោះ ធឿ​ន គា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជាប្រពន្ធ រង​របួសធ្ងន់​ត្រង់​ភ្លៅ​ខាងស្តាំ​ដែរ​។ ចំពោះ​ជន​ដៃដល់​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ ចិ សុក អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពូ​ទ្រូ ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ដែល​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ដើម្បី​ចាប់ខ្លួន ។

គេ​ឆ្ងល់​ថា តើ​ជន​នោះ​បាន​អ្វី​ស៊ី​ទៅ​បើ​បន្ត​លាក់ខ្លួន​រាប់​ខែ​ក្នុង​ព្រៃ​បែប​នេះ ឬ​មួយ​ក៏​ធ្វើ​ជា​មនុស្ស​ព្រៃ ?