ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានស្លាប់កល់ក្រោមរថយន្ត និងកុមារាអាយុ៩ឆ្នាំម្នាក់រងរបួសធ្ងន់ និងស្លាប់ពេលដឹកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏
រន្ឋត់មួយដែលកើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២៨ កុម្ភៈ ២០១៥ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨៥ និង៨៦ ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលារប្អៀរ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលារប្អៀរបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលបានស្លាប់កល់ជាប់កង់រថយន្តក្រុងមានឈ្មោះកុយ សុផាត ហៅញ៉ឹប អាយុ៥៤ឆ្នាំ ចំណែកចៅប្រុស ឈ្មោះ យិន សុថារាយុទ្ធ អាយុ៩ឆ្នាំ បានរងរបួសធ្ងន់ និងបានស្លាប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
មុនពេលកើតហេតុគេឃើញរថយន្តក្រុងពណ៌ក្រហមគ្មានស្លាកលេខបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ មានរថយន្តតាក់ស៊ី១គ្រឿងម៉ាកកាមរីគូថហើម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-7808 បើកពីមុខបានបត់ទៅខាងឆ្វេងដៃដើម្បីចូលចាក់ប្រេងក៏ត្រូវរថយន្តក្រុងបុកពីក្រោយពេញទំហឹង បណ្តាលឱ្យខ្ទេចមួយកំណាត់ក្រោយប៉ើងរថយន្តតាក់ស៊ីទៅទើលើសួនច្បារមុខស្ថានីយប្រេងឥន្ធនៈ ហើយរថយន្តក្រុងបានជ្រុលទៅបុកផ្ទះតៀមនៅខាងឆ្វេងអូសស្ត្រីរងគ្រោះ និងចៅនៅក្នុងផ្ទះជាប់ទៅជាមួយចម្ងាយប្រមាណជាង១០ម៉ែត្រ និងទៅបុកបង្គោលភ្លើងមួយដើមទៀតបាក់ខ្ទេចទើបទៅមុខលែងរួច។
ក្រោយពេលកើតហេតុគេឃើញអ្នកបើកបរចុះពីរថយន្តរត់គេចខ្លួនបាត់ ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ច និងអ្នកស្រុកជួយកាប់គាស់យកចេញពីក្រោមរថយន្តជាង កន្លះម៉ោងទើបយកចេញបាន ក្រោមសម្រែកទ្រហ៊ោយំពីក្រុមគ្រួសារសពជាច្រើននាក់ដោយភាពរន្ធត់ ចំណែកកុមារាដែលរងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបានស្លាប់នៅតាមផ្លូវ៕
ចែករំលែកព័តមាននេះ