ខេត្តបាត់ដំបង ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ខណៈពិធីមង្គលការមួយកន្លែងត្រូវបានកូនក្រមុំរត់ចោលរោងបាត់ដោយមិនដឹងមូលហេតុ បន្សល់ទុកតែកូនកំលោះនៅឆ្លេឆ្លាតែម្នាក់ឯង ដែលកើតឡើងកាលពីវេលាម៉ោងព្រឹកថ្ងៃទី២៦ កុម្ភៈ ២០១៥ នេះ ស្ថិតនៅភូមិអូរខ្ជាយខាងជើង ឃុំអូរដំបង១ ស្រុកសង្កែ ។
ប្រភពបានឱ្យដឹងថា កូនក្រមុំដែលរត់ចោលរោងការមានឈ្មោះគុជ វ៉ាន់ថៃ ចំណែកឯកូនកំលោះឈ្មោះឆុន វណ្ណៈ ។ ប្រភពបន្តថា នៅក្នុងពិធីការខាងលើនោះ គឺរៀបចំមានចំនួន២០តុដែរ ចំណែកឪពុកម្តាយខាងស្រីចង់ដោះស្រាយរឿងនេះ បានឱ្យប្អូនស្រីកូនក្រមុំរៀបការជំនួសវិញ តែត្រូវនាងបដិសេធន៍ ។
បើតាមប្រភពពីអ្នកជិតខាងឱ្យដឹងថា អ្នកដែលដឹងរឿងនេះ គឺមិនបានមកចូលរួមទេ ការពិតកូនក្រមុំនោះត្រូវបានបាត់ខ្លួនរយៈពេល៣-៤ថ្ងៃមកហើយ តែត្រូវបានឪពុកម្តាយខាងស្រីលាក់ការណ៍មិនឱ្យខាងប្រុសដឹង ដោយចង់នៅស្វែងរកកូន តែនៅតែរកមិនឃើញដដែល ។
ប្រភពបន្តទៀតថា បច្ចុប្បន្នពិធីខាងលើត្រូវបានចាក់ភ្លេងការធម្មតា តែក្រុមភ្លេងខ្មែរត្រូវបានរើអីវ៉ាន់ទៅវិញអស់ហើយ ។ រីឯឪពុកម្តាយខាងស្រីចង់បង្វែកម្មវិធីនេះ ទៅជាកម្មវិធីខួបកំណើតវិញនៅថ្ងៃស្អែក តែមិនដឹងថា ជាខួបកំណើតរបស់អ្នកណានោះទេ?
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ