រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់ចេញពីហាងផឹកស៊ីស្រវឹង ក៏ប្រចណ្ឌស្រីស្នេហ៍រហូតដកកាំភ្លើងភ្ជង់អ្នករត់ម៉ូតូឌុប និងវាយអ្នកដំណើរដែលជិះម៉ូតូឆ្លងកាត់តាមផ្លូវ រួចជិះម៉ូតូរត់គេចចូលច្រកវត្តធុតង្គចំការដូងជាផ្លូវទាល់ ទុកម៉ូតូរ៉ឺមក់កង់៣ចោល ហើយរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៥ កុម្ភៈ ២០១៥ ស្ថិតត្រង់ចំណុចក្បែរក្លោងទ្វារវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះ១-ឈ្មោះសុខ ចាន់វណ្ណៈ ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធា ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BQ-2022 ២-ឈ្មោះលី ប៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ ៣-ឈ្មោះចាន់ ណា ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង២ជាជាងជួសជុលរថយន្ត បច្ចុប្បន្នស្នាក់នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំមន ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CB-9170 និង៤-ឈ្មោះសុខ លី ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ មិនមានស្លាកលេខ ឌុបនារីម្នាក់មិនស្គាល់អត្តសញ្ញាណ ជូនមកជួបជនល្មើសជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ ។
បើតាមសម្ដីឈ្មោះសុខ លី ជាអ្នករត់ម៉ូតូឌុបបានរៀបរាប់ថា មុនពេលកើតហេតុ រូបគាត់ត្រូវបាននារីម្នាក់ទើបចេញពីហាងផឹកស៊ីមួយកន្លែងនៅម្ដុំស្ពានដែកចំការដូង ហៅឱ្យឌុបជូនទៅហាងមួយកន្លែងទៀត នៅផ្លូវចូលបឹងតាម៉ាតដើម្បីជួបបុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ ពេលដែលជូនមកដល់នារីរូបនោះចូលទៅរកបុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ប៉ុន្តែមិនឃើញក៏បានសួរម្ចាស់ហាងប្រាប់ថាគាត់ទើបតែចេញទៅមុននេះបន្តិចទេ ដោយទូរស័ព្ទរបស់នាងអស់ថ្មក៏បានខ្ចីទូរស័ព្ទរបស់គាត់ (អ្នករត់ម៉ូតូឌុប) ដាក់ស៊ីមហើយទូរស័ព្ទទៅ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ ហើយបុរសជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣នោះប្រាប់អោយមកជួបនៅក្បែរក្លោងទ្វារវត្តសំបួរមាស។
លោកបន្តថា ពេលដែលជូនមកដល់នារីរូបនោះ មានលុយមិនគ្រប់បានឱ្យគាត់៣ពាន់រៀលដោយប្រាប់ថា ចាំស្អែកចាំឱ្យបន្ថែម ក៏ត្រូវបុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ចោទទៅនារីរូបនោះថា អ្នករត់ម៉ូតូឌុបគឺជាសាហាយមែន? ប៉ុន្តែត្រូវនាងបដិសេធប្រាប់ថាគាត់គឺជាអ្នករត់ម៉ូតូឌុបទេ ដោយមិនជឿហើយស្រវឹងផងនោះ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះភ្ជង់បុរសរត់ម៉ូតូឌុប ខណៈនោះមានបុរស៣នាក់ជិះម៉ូតូ២គ្រឿងទើបចេញមកពីមើលប្អូនឆ្លងទន្លេផ្ទះនៅម្ដុំបឹងតាម៉ាតជិះម៉ូតូឆ្លងកាត់ក៏ត្រូវ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ យកដៃទៅវាយក្បាលបុរសឈ្មោះ សុខ ចាន់វណ្ណៈ ដែលជាមន្ត្រីយោធា កំពុងជិះម៉ូតូត្រូវមួយដៃហើយក៏ឈប់ម៉ូតូបំរុងចូលទៅសួរនាំ ក៏ត្រូវនារីរូបនោះស្រែកប្រាប់កុំអោយចូលមក វាមានកាំភ្លើង ហើយបុរសទាំង៣នាក់នោះក៏បានផ្ដួលម៉ូតូចោលរត់គេចដោយ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ ព្យាយាមដេញតាម ហើយនារីរូបនោះក៏ចេញខ្លួនពីកន្លែងកើតហេតុបាត់ផងដែរ ដោយរូបគាត់ជាអ្នករត់ម៉ូតូឌុបឆ្លៀតឱកាសជិះម៉ូតូគេចមកប្ដឹងសមត្ថកិច្ចនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសុំការអន្តរាគមន៍។
បន្ទាប់ពីកើតហេតុ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ក៏បានឡើងជិះម៉ូតូរ៉ឺម៉កកង់៣ដើម្បីរត់គេចខ្លួន ក៏ត្រូវបុរសទាំង៣នាក់លើកម៉ូតូជិះដេញតាមពីក្រោយរហូត គេចចូលទៅច្រកវត្តធុតង្គចំការដូងផ្លូវទល់ច្រកវត្តរបងចាក់សោ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ក៏ទុកម៉ូតូរ៉ឺម៉កកង់៣ចោលរួចគេចខ្លួនបាត់ ភ្លាមៗកម្លាំងកងអន្តរាគមន៍ខណ្ឌដង្កោក៏បានមកដល់ចំណុចដែលជនល្មើសរត់គេចខ្លួននោះនិងតាមរុករកជនល្មើសផងដែរតែរកមិនឃើញ ក៏បាននាំជនរងគ្រោះមកអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរនិងកំណត់មុខសញ្ញា ។ ក្រោយពេលសាកសួរជនរងគ្រោះទាំងអស់សមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកជនល្មើស ។
ចែករំលែកព័តមាននេះ