រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់រ៉ឺម៉កម៉ូតូម្នាក់បើកបរទាំងស្រវឹងទ្រេត ជិះទៅកៀររថយន្តកំពុងឈប់ទិញទឹកបរិសុទ្ធ បណ្តាលឲ្យបែកស្តុប ហើយជេរប្រមាថអ្នកបើករថយន្តទៀត លុះពេលអ្នកយកព័ត៌មានចុះទៅថតយករូបភាព បែរជាអ្នកបើករ៉ឺម៉កម៉ូតូរូបនោះយកម៉ាស៊ីនថតថតអ្នកយកព័ត៌មានវិញ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទល់មុខខារ៉ាអូខេ X2 តាមផ្លូវសុធារស កែង២៩៤ ក្រុម១ ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទួរីស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2Z-6893 មានដឹកមនុស្សប្រុស-ស្រី ចាស់-ក្មេង ទើបនឹងចេញពីហូបការ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ បើកបរតាមវិថីសុធារស ពីត្បូងទៅជើង មកដល់ចំណុចខាងលើបានឈប់ទិញទឹកបរិសុទ្ធ ស្រាប់តែរ៉ឺម៉កម៉ូតូបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងទ្រេត បើកមកពីក្រោយ បានបើកទៅកៀររថយន្តដែលកំពុងតែឈប់បណ្តាលឲ្យបែកស្តុបចំហៀងខាងឆ្វេង ។
ក្រោយពេលកើតហេតុ ដោយសារតែអំណាចសុរ៉ា ស្រាប់តែអ្នកបើកបររ៉ឺម៉កម៉ូតូដែលបើកកៀររថយន្តគេបែកស្តុបហើយនោះ បានចុះទៅជេរប្រមាថអ្នកបើកបររថយន្ត ដោយអាងខ្លួនមានវិទ្យុទាក់ទងមួយគ្រឿងសៀតនៅចង្កេះ និងមានម៉ាស៊ីនថតមួយគ្រឿងផងនោះ ខណៈពេលដែលឃើញអ្នកយកព័ត៌មានទៅថតយករូបភាពទៅចុះផ្សាយ អ្នកបើករ៉ឺម៉កម៉ូតូបានយកម៉ាស៊ីនថតមកថតអ្នកយកព័ត៌មានវិញ ។
ដោយសារតែជាអ្នកបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍ ហើយរករឿងគេឯងទៀត ធ្វើឲ្យអ្នកបើករថយន្តមិនចង់ឈ្លោះប្រកែកជាមួយ ក៏សុខចិត្តឲ្យបើករ៉ឺម៉កម៉ូតូយកចេញទៅដោយមិនទាមទារសំណងទេ ៕
ចែករំលែកព័តមាននេះ