ខេត្តកណ្តាល ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំជិះម៉ូតូឆ្លងថ្នល់រេចង្កូតពេញផ្លូវដោយមិនមានពាក់មួកសុវត្ថិភាព បានប៉ះជាមួយរថយន្តមួយគ្រឿង បណ្តាលឱ្យរងរបួសរួចទាមទារសំណងចំនួន៤ពាន់ដុល្លារអាមេរិក កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ កុម្ភៈ នៅលើកំណាត់ផ្លូវជាតិ៦A ចន្លោះស្ពានលេខ១៣-១៤ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ឈ្មោះ ពេញ ផល្លា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ជិះម៉ូតូមួយគ្រឿងម៉ាកគុបC90 ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ 1A-6403 ក្នុងសភាពស្រវឹងស្រាជោកជាំថ្ងៃសែនចិន និងមិនមានពាក់មួកសុវត្ថិភាពទេ បានជិះម៉ូតូរេពេញផ្លូវក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត រួចរេចង្កូតទៅជល់ជាមួយរថយន្តមួយគ្រឿងម៉ាក Tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2Q-2644 បើកបរដោយ ឈ្មោះ វន ច័ន្ទដារ៉ាវី ភេទប្រុស អាយុ៣៧ឆ្នាំ បណ្តាលឱ្យអ្នកបើកបរម៉ូតូដួលទៅលើផ្លូវរងរបួសស្រាលក្រោកអង្គុយខ្លួនឯង ។
សាក្សីបានបន្តថា ក្រោយពេលកើតហេតុអ្នកបើកម៉ូតូបានក្រោកឡើងអង្គុយធម្មតា អត់មានប្រកាច់ទេ ធុំក្លិនស្អុយស្រាង៉ោង ។ ចំណែកខាងរថយន្តបានព្យាយាមសម្របសម្រួលដើម្បីបញ្ចប់រឿងដែរ ប៉ុន្តែខាងម៉ូតូមិនបានដោះស្រាយនោះទេ ដោយបាននិយាយថា រវល់មើលអ្នករបួសនៅមន្ទីរពេទ្យកាល់ម៉ែត ព្រោះជនរងគ្រោះរងរបួសបាក់ជើង និងដេរក្បាល៦ថ្នេរ ។ ចំណែកខាងរថយន្តព្យាយាមទៅមើលអ្នករបួសដល់ពេទ្យកាល់ម៉ែត ប៉ុន្តែមិនបានជួបទេ ដោយខាងម៉ូតូប្រាប់ថា បានទៅសម្រាកព្យាបាលនៅគ្លីនិកមួយកន្លែងនៅទួលគោក ។ ទោះបីជាភាគីរថយន្តចង់ជួបក្រុមគ្រួសារ ក៏ដូចជាអ្នកជំងឺយ៉ាងណាក៏ដោយ ក៏ក្រុមគ្រួសារមិនព្រមឱ្យជួបដែរ ដែលតាមដំណឹងថា ទុកដើម្បីទាមទារឱ្យបានច្រើន ។
លុះដល់ថ្ងៃទី២០ កុម្ភៈ ទើបបានជួបអ្នករបួសនៅផ្ទះ នៅតែស្អុយស្រាមិនទាន់បាត់ ហើយក៏បានធ្វើការសម្របសម្រួលគ្នានៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ នៅក្នុងការសម្របសម្រួលគ្នានេះ ខាងភាគីម៉ូតូបានទាមទារសំណង៤ពាន់ដុល្លារអាមេរិក ពីភាគីរថយន្ត ប៉ុន្តែខាងរថយន្តមិនមានលទ្ធភាពនោះទេ គឺអាចជួយបានត្រឹម៣រយដុល្លារតែប៉ុណ្ណោះ ដែលនេះជាមនោសញ្ចេតនាដោយភាគីរថយន្តមិនបានខុសនោះទេ គឺខាងម៉ូតូទៅវិញទេ ដែលស្រវឹងស្រាជិះម៉ូតូរេពេញផ្លូវមកប៉ះរថយន្ត ដែលអ្នកឃើញហេតុការណ៍និយាយថា មនុស្សស្រវឹងនេះចង់ជល់ជាមួយរថយន្តដើម្បីទារលុយផងក៏មិនដឹង ។ ព្រោះផ្លូវធំទូលាយម៉េចក៏មិនជិះស្រាប់តែជិះមកជល់រថយន្តបែបនេះទៅវិញ ?
បើតាមសម្តីរបស់លោក ឯក លន់ អធិការរងទទួលផែនចរាចរណ៍បានប្រាប់អ្នកយកព័ត៌ កោះសន្តិភាពឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១៩ កុម្ភៈ ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺខាងភាគីម៉ូតូជាអ្នកខុស ហើយបើកបរដោយមានជាតិស្រវឹងជោកជាំបាត់ម្ចាស់ការ សមណាស់សងការខូចខាតរថយន្តគេវិញផង ។
មន្ត្រីប៉ូលិសបានខ្សឹបប្រាប់ថា ឈ្មោះពេញ ផល្លា អ្នកបើកម៉ូតូ គឺជាប្អូនប្រុសរបស់មន្ត្រីប៉ូលិសប៉ុស្តិ៍រកាកោង ហើយគេព្យាយាមគេចខ្លួនមិនចង់ឱ្យខាងភាគីរថយន្តជួបទេ អាងខ្លួនជាខ្សែប៉ូលិស ទើបគេហ៊ានធ្វើបែបនេះ បើមិនបានសំណងដូចការទាមទារបស់គេទេនោះ ទោះបីជាឡើងទៅដល់ណា ក៏គេមិនខ្លាចដែរ ព្រោះគេមានខ្នងបង្អែកជាប៉ូលិស ។
បើតាមការពិនិត្យមើលតាមហ្វីលថត បានបង្ហាញថា ជើងរបស់ ពេញ ផល្លា បានបាក់ឆ្អឹងតូចមួយ ជើងខាងឆ្វេង និងក្បាលខាងក្រោយដេរ៦ថ្នេរ ដែលអាចលាបប្រេងកូឡាក៏បានដែរ ។
ក្នុងការទាមទារសំណងនោះ បានពិនិត្យឃើញថា ពួកគេបានធ្វើវិក្កយបត្រពេទ្យ៣សន្លឹកសង្ស័យក្លែងក្លាយ ព្រោះនៅលើវិក្កយបត្រពេទ្យនោះ គ្មានអាសយដ្ឋាន ឬលេខទូរស័ព្ទសម្រាប់ទាក់ទងឡើយ ។ ក្នុងនោះ វិក្កយបត្រ១សន្លឹក ថ្លៃព្យាបាលអស់ប្រមាណជាង៨០ដុល្លារ បែរជាថែមរហូតជាង៣០០ដុល្លារ ។ ការក្លែងបន្លំនេះ ប៉ូលិសនិយាយថា ត្រូវមានទោសមួយជាន់ទៀត ។ នេះជាល្បិចមនុស្សខូច ៕
ចែករំលែកព័តមាននេះ