រាជធានីភ្នំពេញ៖ ចាត់ទុកថាជាសំណាងមួយក្នុងចំណោម១ពាន់គ្រោះថ្នាក់ដែលបុរសម្នាក់មិនបានរងរបួស ឬក៏ស្លាប់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងខណៈពេលកំពុងបើកបររថយន្តម៉ាកកាមរីប៉ាឡែន១គ្រឿងក្នុងល្បឿនលឿន ហើយស្រាប់តែរថយន្តនោះបានបែកកង់មុខខាងឆ្វេង១គ្រាប់ធ្វើឲ្យរេចង្កូតម្ដងទៅខាងឆ្វេង និងម្ដងទៅខាងស្ដាំចុះឡើងៗ បន្ទាប់មកក៏បានដាំដូងក្បាលធ្លាក់ចូលទៅក្នុងប្រឡាយអត់ទឹកមួយកន្លែងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបររងគ្រោះថ្នាក់នោះឡើយ ។
ឧប្បត្តិហេតុនោះបានកើតឡើង កាលពីវេលាម៉ោង៨ និង៣៥នាទីយប់ ថ្ងៃទី០១ កុម្ភៈ ២០១៥ នៅលើកំណាត់ផ្លូវព្រៃស ស្ថិតក្នុងភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប៉ូលីសមូលដ្ឋានបានឲ្យដឹងថា រថយន្តម៉ាកកាមរីប៉ាឡែន១គ្រឿងនោះពណ៍ស ពាក់ស្លាកលេខភ្នំពេញ2Z-1840 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ នៅមុនពេលកើតហតុបានធ្វើដំណើរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីកើតទៅលិច។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែរថយន្តបានបែកកង់មុខខាងឆ្វេង១គ្រាប់ បណ្ដាលឲ្យរេចង្កូតម្ដងទៅខាងស្តាំ និងម្ដងទៅខាងឆ្វេងចុះឡើងៗរួចក៏បានដាំដូងក្បាលធ្លាក់ចូលទៅក្នុងប្រឡាយអត់ទឹកនៅតាមបណ្តោយផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យបុរសអ្នកបើកបរម្នាក់នោះរងរបួសឡើយ។
ប្រភពដដែលបានបន្តថា ដោយសារតែនៅក្នុងខណៈនោះ រថយន្តខាងលើមិនបានក្រឡាប់ទើបមិនបានធ្វើឲ្យអ្នកបើកបររថយន្តនេះមានគ្រោះថ្នាក់ ម្យ៉ាងទៀតមិនបានបណ្ដាលឲ្យមនុស្សណាម្នាក់ផ្សេងទៀតរងគ្រោះឡើយ ព្រោះនៅក្នុងពេលនោះ មិនមានអ្នកធ្វើដំណើរឆ្លងកាត់។
ក្រោយពេលកើតហេតុ មានរថយន្តដឹកដីមួយគ្រឿងទៀតបើកបរឆ្លងកាត់ទីនោះ ទៅដល់ហើយបុរសម្ចាស់រថយន្តបាឡែន បានពឹងពាក់ឲ្យជួយអូសទាញរថយន្តរបស់ខ្លួនចេញពីកន្លែងកើតហេតុយកទៅជួសជុលឡើងវិញដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ