ខេត្តកណ្តាល ៖ យុវជន២នាក់បានស្លាប់គរលើគ្នាយ៉ាងអាណោចអាធ័មក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តដឹកទំនិញធុនធំបើកក្នុងល្បឿនលឿន បុកម៉ូតូពីក្រោយពេញទំហឹងអូសជាង២០ម៉ែត្រ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៣១ មករា នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ភូមិពញាឮឃុំ ពញាឮ ស្រុកពញាឮ ។
នគរបាលចរាចរស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នា ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ កណ្តាល 1Q-4579 មានឈ្មោះ ហ៊ុន វីរៈ ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ គឹម សុគន្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុង មានទី លំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ជាមួយគ្នា ចំណែករថយន្តបង្កហេតុម៉ាកFUSO ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 3B-6054 ។
តាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលគ្រោះថ្នាក់រថយន្ត និងម៉ូតូ បើកក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង ដោយអ្នកជិះម៉ូតូបើកនៅពីមុខរថយន្ត ហើយរថយន្តបើកពីក្រោយក្នុងល្បឿនលឿន។ ពេលមកដល់ចំណុចកើតហេតុមិនដឹងយ៉ាងម៉េចស្រាប់តែរថយន្តបើកបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់គរលើគ្នាទាំង២នាក់យ៉ាងអណោចអធ័ម ខ្ទាតម៉ូតូចម្ងាយជិត២០ម៉ែត្រពីចំណុចគ្រោះថ្នាក់ ចំណែករថយន្តបានបើកទៅមុខជិត១គីឡូម៉ែត្រទើបឈប់ ហើយអ្នកបើកបរបានចុះពីរថយន្តរត់គេចខ្លួនបាត់ ។
នគរបាលស្រុកពញាឮបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយការបើកបរក្នុងល្បឿនលឿន ហើយមិនប្រុងប្រយត្ន័៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ