ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែកបុរសជាប្តីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកពីភូមិរូងក្របៅទៅភូមិដងរុន ស្ថិតក្នុងភូមិគោកទម្លាប់ ឃុំបន្ទាយនាង ស្រុក- មង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ឯក ហ៊ីង ហាន អធិការរង ទទួលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ បានឲ្យដឹងថាជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុឈ្មោះ ជុំ លីន ភេទស្រី អាយុ៥៤ឆ្នាំ និងបុរសរងរបួសធ្ងន់ឈ្មោះ រស់ ឃុល អាយុ៥០ឆ្នាំ ទាំង២នាក់ជាប្តីប្រពន្ធ មានទីលំនៅភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជិះម៉ូតូម៉ាកហុងដាធុនសេ១០០សេរីចាស់ ពណ៌ព្រីងទុំ ពាក់ស្លាកលេខប.មានជ័យ.1C.2773 ចំណែករថយន្តដែលបុកម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2M.6974 អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះទេ បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានរត់គេចខ្លួនបាត់ ។
លោកអធិការរងបានបញ្ជាក់ថាមុនពេលកើតហេតុបើតាមតាមសំដីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុអ្នកបើកម៉ូតូឈ្មោះ រស់ ឃុល ជិៈឌុបប្រពន្ធមកពីទិសដៅលិចទៅកើតឆ្លងផ្លូវ ស្របពេលនោះមានរថយន្តកាមរីឆ្លាម១គ្រឿងដែលបើកបរក្នុងផ្លូវអាទិភាព ពីជើងទៅត្បូងមានល្បឿនលឿន បានបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើរខ្ទាតដូចសី ប្រពន្ធជិៈក្រោយបានស្លាប់នៅកន្លែងកើតហេតុ ចំណែកប្តីរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ចំណែកម៉ូតូខូតខាតធ្ងន់ រថយន្តខូចស្រាលខាងមុខផ្នែកខាងស្តាំ ។ វត្ថុតាងទាំង២គ្រឿងត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំធ្វើការដោះស្រាយពេលក្រោយ។
ចែករំលែកព័តមាននេះ