ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តយក្សមួយគ្រឿងដែលព្យាយាមបើកជែងជាមួយរថយន្តមួយគ្រឿងទៀតមិនបានសម្រេច ក៏ជ្រុលទៅបុកមនុស្សដែលកំពុងដើរចូលរោងការ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៩ មករា ២០១៤ ស្ថិតនៅក្បែរផ្លូវជាតិលេខ៥ ក្នុងភូមិស្រះកែវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ១-ឈ្មោះព្រឿង ឧត្តម ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់) ២-ឈ្មោះឃឿន ស៊ីលៀង ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់) ទាំង២នាក់ រស់នៅក្នុងភូមិ-ឃុំខាងលើ ៣-ឈ្មោះឯម សុខន់ ភេទប្រុស អាយុ៣៤ឆ្នាំ (ស្លាប់) រស់នៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង និង៤-ឈ្មោះថើយ ស៊ីថា ភេទស្រី អាយុ៣៥ឆ្នាំ (របួសធ្ងន់) ។ សមត្ថកិច្ចនិយាយថា ពេលកើតហេតុ គឺជនរងគ្រោះខ្លះកំពុងដើរចូលរោងការ ឯខ្លះទៀតកំពុងឈរក្បែររោងការជាមួយមនុស្សជាច្រើនទៀត ។
មន្ត្រីចរាចរណ៍ស្រុកសង្កែបានឱ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-3967 ដែលធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅកើត តែអ្នកបើកបរបានរត់គេចខ្លួនក្រោយបង្កគ្រោះថ្នាក់ ។ មន្ត្រីដដែលថា រថយន្តនេះបានរេចង្កូតធ្លាក់ចេញពីផ្លូវជាតិ ពេលព្យាយាមឡើងជែងរថយន្តមួយគ្រឿងទៀតមិនបានសម្រេច ក៏ជ្រុលទៅបុកមនុស្សដែលកំពុងដើរចូលរោងការបណ្ដាលឱ្យស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ