រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មដោយសារខ្សែភ្លើងឆក់ នៅចំណុចព្រែកមួយកន្លែងនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ខណៈទៅលេងផ្ទះសង្សារ ហើយតខ្សែភ្លើងឆក់ត្រី ។
ជនរងគ្រោះដែលត្រូវអគ្គីសនីឆក់ស្លាប់មានឈ្មោះ កា សុព្រី អាយុ៣៤ឆ្នាំ ជាជនជាតិអ៊ីស្លាម រស់នៅសង្កាត់ច្រាំងចំរេះទី១ខណ្ឌឫស្សីកែវ ជាអ្នកម៉ៅការសំណង់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះបានធ្វើដំណើរទៅលេងផ្ទះសង្សាររបស់ខ្លួនឈ្មោះស្វាយ សារី អាយុ២៨ឆ្នាំ នៅចំណុចទីតាំងកើតហេតុខាងលើ ហើយបានតខ្សែភ្លើងពីផ្ទះដើម្បីឆក់ត្រីក្នុងព្រែក ។ ខណៈពេលកំពុងឆក់ត្រី ក៏បានកាន់ចំមុខតំណ ក៏ត្រូវឆក់ខ្លួនឯងប្រកាច់ក្នុងទឹកស្លាប់តែម្តង ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ភ្លាមៗអ្នកជិតខាងបាននាំគ្នាជួយសង្គ្រោះ ដោយសែងយកទៅកប់ដីខ្សាច់ និងធ្វើចលនា ហើយប្រុងហៅរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ តែត្រូវបានគ្រូពេទ្យឱ្យដឹងថា ស្លាប់វបាត់ទៅហើយ ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ