ខេត្តកំពង់ឆ្នាំង ៖ កុមារាអាយុ១ឆ្នាំម្នាក់ត្រូវបានរថយន្តកូរ៉េចំណុះ១តោនកន្លះ ដឹកពងទាមួយគ្រឿងថយក្រោយមិនប្រយ័ត្នបណ្តាលឱ្យកិនក្មេងនោះស្លាប់យ៉ាងអណោចអាធ័មនៅកន្លែងកើតហេតុភ្លាមៗ ។ ហេតុការណ៍ដ៏អកុសលនេះកើតឡើង នៅវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៥ នៅ ភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ។ លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាចបាននិយាយថា កុមារារងគ្រោះមានឈ្មោះ ប៊ុន សួរ អាយុ១ឆ្នាំ មានឪពុកឈ្មោះ អ៊ីន វុទ្ឋី អាយុ២៧ឆ្នាំ ម្តាយឈ្មោះ គាវ អាយុ២៤ឆ្នាំ ម្តាយ ជាអ្នករកស៊ីលក់ពងទាក្នុងភូមិ ។
មុនពេលកើតហេតុ មានរថយន្តកូរ៉េមួយគ្រឿង ដែលជាម៉ូញរបស់ស្ត្រីជាម្តាយកុមាររងគ្រោះ បានបើករថយន្តដឹកពងទាយកមកដាក់ឱ្យ ។ ក្រោយពេលជញ្ជូនពងទាចេញពីរថយន្តដាក់ឱ្យរួចរាល់ហើយ អ្នកបើកបររថយន្តបានបើករថយន្តថយក្រោយដើម្បីបត់ត្រឡប់ចេញទៅវិញ ប៉ុន្តែមិនបានប្រយ័ត្ន ខណៈពេលនោះកុមារារងគ្រោះបានដើមកពីក្រោយរថយន្តក៏បានកិនក្មេងនោះបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុយ៉ាងតក់ស្លុតពីឪពុកម្តាយ និងអ្នកបានឃើញហេតុការណ៍ ។ លោកបានបន្តថា ពេលកើតហេតុខណៈពេលសមត្ថកិច្ចមិនទាន់ទៅដល់ ជីតាកុមាររងគ្រោះបានព្រមសម្រុះសម្រួលទទួលយកសំណងពីរថយន្តបង្ក តែមិនបានដឹងថាប៉ុន្មាននោះទេ ហើយក៏បានឱ្យអ្នកបើករថយន្តនោះបើកចេញទៅវិញ ។ប៉ុន្តែក្រោយពីដំណឹងនេះបានដឹងដល់សមត្ថកិច្ច នគរបាលមូលដ្ឋាន និងរាយការណ៍មកលោក លោកក៏បានឆ្លងយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ហើយលោកក៏បានបញ្ជាឱ្យតាមចាប់ ទើបកម្លាំងសមត្ថកិច្ចទាក់ទងជាមួយនគរបាល ខេត្តកំពង់ស្ពឺ ហើយចាប់រថយន្តនោះបាននៅស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ ។
លោកបានបញ្ជាក់ថា រថយន្តបង្កនោះម៉ាកគា (ឡានកូរ៉េ ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2U-5263 បើកបរដោយបុរសឈ្មោះ លី (តាលី) នៅផ្សារបាក់ដឹង ខេត្តកំពង់ស្ពឺ ។ រថយន្តនិងអ្នកបើកបរខាងលើត្រូវបាននគរបាលនាំយកមកកាន់ អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាចដើម្បីចាត់ការតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ចែករំលែកព័តមាននេះ