រាជធានីភ្នំពេញ ៖ មនុស្សពីរនាក់បានរងរបួសធ្ងន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយម៉ូតូ២គ្រឿងបើកបុកគ្នាពេញទំហឹង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១៩ មករា ឆ្នាំ២០១៥ នៅចំណុចស្តុបមហាមន្រ្តី (ផ្លូវ១៦៣ កែងនិងផ្លូវព្រះសីហនុ ) ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូវ៉េវអាល់ហ្វា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខកំពង់ចាម1G-1033 បានបើកបរធ្វើដំណើរតែម្នាក់ឯងតាមផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ( ស្តុបវត្តមហាមន្ត្រី) ម៉ូតូវ៉េវអាល់ហ្វាបានបើកបត់ឆ្វេងទៅផ្លូវ១៦៣ ស្របពេលនោះក៏មានម៉ូតូស្គូពីមួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខកំពង់ចាម 1I-4399 ជិះដោយបុរសម្នាក់បើកបរធ្វើដំណើរតាមផ្លូវព្រះសីហនុ ក្នុងទិសដៅកើតទៅលិច បានបើកវ៉ាស្តាំរថយន្តក្រុងមួយគ្រឿងបើកស្របទិសគ្នាផុតបានបន្តិច ពេលនោះម៉ូតូស្គូពីក៏បានជ្រុលទៅបុកម៉ូតូវ៉េវអាល់ហ្វាចំពាក់កណ្តាលពេញទំហឹងបណ្តាលឱ្យម៉ូតូរងការខូចខាត ចំណែកអ្នកបើកបររងរបួសធ្ងន់ទាំង២នាក់ ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីគ្រឿងត្រូវបានសមត្ថកិច្ចជំនាញខណ្ឌ៧មករា ធ្វើការវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាល់វង់ ដើម្បីដោះស្រាយគ្នាជាក្រោយតាមនិតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ