ខេត្តកំពង់ធំ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ ខណៈដែលមានជនមិនស្គាល់មុខបានប្រើកាំបិតចាក់សម្លាប់ស្ត្រីវ័យជាង៦០ឆ្នាំម្នាក់បណ្ដាលឲ្យស្លាប់ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
ពាក់ព័ន្ធហេតុការណ៏ឃាតកម្មខាងលើនេះ មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀង គឹមហ៊ូ អាយុ៦៥ឆ្នាំ ទីលំនៅភូមិ/ ឃុំកើតហេតុ ត្រូវបានជនមិនស្គាល់មុខចាក់សំលាប់ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ។
លោកវរៈសេនីយ៏ឯក កែ ខាន់ណារ៉ា ស្នងការរងកណ្ដាលនគរបាលព្រហ្មទណ្ឌបានបន្តថា ផ្អែកលើចម្លើយបឋមរបស់ចៅស្រីជនរងគ្រោះដែលមានអាយុ៨ឆ្នាំបានឱ្យដឹងថា មុនដំបូងជនដៃដល់បានលូនចូលទៅពួននៅក្រោមគ្រែជនរងគ្រោះដោយប្រើជំពាមកៅស៊ូបាញ់គ្រាប់ព្រួញដែកមានងៀង បន្ទាប់មកទើបចាក់នឹងកាំបិត ។
ឆ្លងតាមការពិនិត្យ និងស្រាវជ្រាវរបស់នគរបាលព្រហ្មទណ្ឌ នគរបាលបច្ចេកទេស និងនគរបាលអធិការដ្ឋានស្រុកបារាយណ៏ បានធ្វើ ការសន្និដ្ឋានថា ឃាតកម្មនេះកើតឡើងដោយសារគំនុំផ្ទាល់ខ្លួន ។ បើទោះបីជាជនដៃដល់នៅមិនទាន់បានវែកមុខ និងមិនទាន់បានចាប់ខ្លួនក្ដី ប៉ុន្តែមហាជន ពិសេសព័ត៌មានខ្សឹបខ្សៀវជាច្រើនបាននិយាយថា ជនរងគ្រោះត្រូវបានជនដៃដល់ស្គាល់មុខម្នាក់សម្លាប់ ព្រោះកន្លងមកមានការសង្ស័យ និងចោទប្រកាន់ថា ជនរងគ្រោះចេះធ្វើអំពើ មន្តអាគមអូមអាមជាដើម ។
រហូតមកដល់ម៉ោងនេះ សមត្ថកិច្ចនគរបាល ដឹកនាំដោយលោកស្នងការរងបាន និងកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅកំណត់មុខសញ្ញាដើម្បីចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ