ខេត្តស្វាយរៀង ៖ មនុស្សប្រុសស្រីក្មេងចាស់ចំនួន៦នាក់បានរងរបួសធ្ងន់សន្លប់នៅក្នុងរថយន្ត ដោយសារអ្នកបើកបរងងុយដេករេចង្កូតធ្លាក់ផ្លូវក្រឡាប់បីបួនត្រឡប់ផ្ងារជើងឡើងលើ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៧ មករា ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ខាងលិចស្ពានកន្ទុយវៃចម្ងាយជាង១០០ម៉េត្រ ស្ថិតនៅភូមិភ្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ។
បើតាមនគបាលចរាចរណ៍ខេត្តបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះពៅ សុផល ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកបើកបរ ២-ឈ្មោះសោម ចន្ធី ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធ ៣-ឈ្មោះគឹម ភា ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវជាម្តាយ និង៣នាក់ទៀតមិនស្គាល់ឈ្មោះទេ ដោយក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្ត ហើយលោកអនុប្រធានមន្ទីរកសិកម្មខេត្តម្នាក់បានយកជនរងគ្រោះចូលក្នុងបន្ទប់វីអាយភី និងព្យាយាមលាក់ឈ្មោះអ្នកទាំងបីនាក់ ក្នុងនោះមានក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ជាកូនអ្នកបើកបរ។
ក្រុមគ្រួសារជនរងគ្រោះមានទីលំនៅភូមិស្វាយរៀង សង្កាត់-ក្រុងស្វាយរៀង។ បើតាមនគរបាលការិយាល័យចរាចរណ៍ស្នងការនគបាលខេត្តបានឲ្យដឹងថា រថយន្តក្រឡាប់ផ្ងារជើងនេះម៉ាកឡិចស៊ីស៣០០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២V៧៧០៥ បើកពីទិសខាងលិចមកកើតយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុក៏រេចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើតែម្តង ខណៈនោះអ្នកបើកបរស្រែកហៅអ្នកស្រុកឲ្យជួយអូសជនរងគ្រោះប្រុសស្រីចាស់ក្មេងដែលសន្លប់ចេញពីក្នុងរថយន្ត ហើយទូរស័ព្ទហៅរថយន្តសាមុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះភ្លាមៗដែរ។
បើតាមស្ត្រីឈ្មោះសោម ចន្ធី បានឲ្យដឹងថា ក្រុមគ្រួសារ ប្តី កូន ម្តាយ និងបងប្អូន៦នាក់ត្រឡប់មកពីពិធីភ្ជាប់ពាក្យក្មួយនៅឯរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើប្តីគាត់ដែលជាអ្នកបើកបរងងុយដេកក៏ងោកមួយភាំងធ្វើឲ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់បីបួនត្រឡប់ចូលហាវថ្នល់បណ្តាលឲ្យរងរបួសបែកមុខ បែកមាត់ បែកក្បាល ដងខ្លួន និងជើងដៃសន្លប់នៅក្នុងរថយន្តតែម្តង៕
ចែករំលែកព័តមាននេះ