រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តRange Rover ស៊េរីចាស់បើកទៅបុករថយន្តឡង់គ្រីស័រ ៥៧០ មួយគ្រឿងបណ្តាលឱ្យរថយន្តឡង់គ្រីស័ររងការខូចខាតចំហៀងខាងស្តាំអស់ប្រមាណ៥០ភាគរយ តែសំណាងល្អអ្នកបើកបរទាំងសងខាងមិនមានរងរបួស ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៣ មករា ២០១៥ នៅចំណុចទល់មុខសួនច្បារក្តាន់ពីរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីសមត្ថកិច្ចទៅពិនិត្យកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តឡង់គ្រីស័រ ៥៧០ មួយគ្រឿង ពណ៌ទឹកប្រាក់ អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវA6 ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ រថយន្តឡង់គ្រីស័រ បានបើកឆ្លងផ្លូវសហព័ន្ធរុស្ស៊ី ក៏ត្រូវរថយន្តម៉ាកRange Rover ស៊េរីចាស់ ពណ៌កណ្តុល្មេះ ពាក់ស្លាកលេខ ត៧៤៥៤ ភព២ បើកបរដោយបុរសជនបរទេសម្នាក់ ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីលិចទៅកើត បុកចំហៀងខាងស្តាំរថយន្តឡង់គ្រីស័រនោះពេញទំហឹង បណ្តាលឱ្យរថយន្តឡង់គ្រីស័ររងការខូចខាតចំហៀងខាងស្តាំអស់ប្រមាណ៥០ភាគរយ តែសំណាងល្អអ្នកបើកបរទាំងសងខាងមិនមានរងរបួស ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តឡង់គ្រីស័រ៥៧០ បានមកសម្របសម្រួលជាមួយបុរសជនបរទេសបើករថយន្តRange Rover ស៊េរីចាស់ ដោយម្ចាស់រថយន្តឡង់គ្រីស័រ ទាមទារឱ្យភាគីរថយន្តRange Rover សងសំណងនៃការខូចខាតរថយន្តចំនួនមួយមឺុនដុល្លារ តែបុរសបរទេសថាគ្មានលទ្ធភាព សមត្ថកិច្ចក៏បានវាស់វែងយករថយន្តទាំង២គ្រឿងទៅដោះស្រាយគ្នានៅអធិការដ្ឋានខណ្ឌ៧មករា ទៅតាមនិតិវិធីច្បាប់ ។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទាំងពីរគ្រឿងនេះបានធ្វើឱ្យកំណាត់វិថីសហព័ន្ធរុស្ស៊ី មានការកកស្ទះចរាចរណ៍ផងដែរ ចំណែកសមត្ថកិច្ចជាប់មមាញឹកនៅក្នុងការសម្រួលចរាចរណ៍ជូនអ្នកធ្វើដំណើរផងដែរ ។
ចែករំលែកព័តមាននេះ