រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ត្រូវកម្មករសំណង់ដូចគ្នាទាញដំបងឈើជ្រុងដេញវាយត្រូវមួយដំបងបណ្តាលឱ្យរបួសដោយសារខឹងជនរងគ្រោះខ្ចីទូរស័ព្ទម៉ាក Metfone តេហើយស៊ីដាច់ តាមទារវិញច្រើនដងអត់បាន។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១១ មករា ២០១៥ នៅផ្លូវលេខ៣៥៥ ចំណុចរង្វង់មូលកាំកូស៊ីធី ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
កម្មករសំណង់ដែលជាជនដៃដល់ឈ្មោះផាន ម៉ៅ អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងបុរីមួយ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី រីឯអ្នកស៊ីដាច់ទូរស័ព្ទគេឈ្មោះអំ និមិត្ត ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករសំណង់ដូចគ្នា។
តាមការឱ្យដឹងពីឈ្មោះផាន ម៉ៅ បានឱ្យដឹងថា បានជារូបគេវាយឈ្មោះអំ និមិត្ត ដោយសារខឹងខ្ចីទូរស័ព្ទរបស់គេថា Callទៅបង តែពេលCall ហើយស្រាប់តែស៊ីដាច់បាត់១ខែហើយអត់ឃើញឱ្យគេវិញ ។ ផាន ម៉ៅ បន្តថា រូបគេបានតាមទារ៤ដងហើយ តែឈ្មោះអំ និមិត្ត មិនព្រមឱ្យ ចេះតែគេចរហូត ។ លុះនៅព្រឹកថ្ងៃទី១១ មករា នេះរូបគេបានប្រទះឃើញអំ និមិត្ត នៅតាមផ្លូវក្បែររង្វង់មូលកាំកូស៊ីធី ពេលនោះអំ និមិត្ត ក្រឡេកឃើញរូបគេក៏រត់គេចខ្លួនបម្រុងទៅហៅមិត្តភក្តិមកវាយរូបគេ ទើបគេទាញដំបងដេញវាយតែម្តងទៅ។
ចំណែកឈ្មោះអំ និមិត្ត វិញបានឱ្យដឹងដែរថា ទូរស័ព្ទនោះត្រូវមិត្តភក្តិរបស់គេខ្ចីបន្តយកទៅបញ្ចាំបាត់ហើយ ដោយអត់លទ្ធភាពសង ទើបរូបគេចេះតែគេចរហូត។
ពេលនេះជនដៃដល់ និងអ្នកស៊ីដាច់ទូរស័ព្ទគេត្រូវសមត្ថកិច្ចនាំទៅប៉ុស្តិ៍បឹងកក់១ដើម្បីសួរនាំ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ