រាជធានីភ្នំពេញ ៖ ក្រុមចោរល្បីឈ្មោះខាងស្ទាក់កាបនឹងភ្ជង់បាញ់ប្លន់យកម៉ូតូ កក្រើករាជធានីភ្នំពេញនាពេលរាត្រី ដែលសមត្ថកិច្ចគ្មានសមត្ថភាពបង្ក្រាបនិងចាប់ខ្លួនបាននោះទេ ។ ក្រុមនោះបានធ្វើសកម្មភាពស្ទាក់ភ្ជង់ប្លន់យកម៉ូតូស្គូពី ពណ៌ស មួយគ្រឿង ពីប្តីប្រពន្ឋ១គូរទៀតហើយ កាលពីវេលាម៉ោង៣ និង១០នាទី ទាបភ្លឺ ឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ នៅចំណុច ផ្លូវ២១១ ម្តុំបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមការអោយដឹងពីប្តីប្រពន្ឋរងគ្រោះទាំង២នាក់បានរៀបរាប់ប្រាប់សមត្ថកិច្ចនិងក្រុមអ្នកយកព័ត៌មាននាពេលរាត្រីទាំងទឹកមុខភ័យស្លេកស្លាំងថា នៅមុនពេលពួកគាត់ត្រូវក្រុមចោរខាងលើប្លន់ម៉ូតូ ពួកគាត់ទាំង២នាក់បានជិះម៉ូតូឌុបគ្នាចេញពីធ្វើការនៅក្នុងខារ៉ាអូខេX2 ពេលធ្វើដំណើរត្រលប់ទៅផ្ទះវិញ ដោយបានធ្វើដំណើរកាត់តាមផ្លូវ១៨២ ក៏មានជនសង្ស័យ១ក្រុម មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ស៊េរីឌ្រីមសេ១២៥ ទាំង៣បីគ្រឿង ដោយនៅក្នុងដៃជនសង្ស័យទាំង៦នាក់នោះ ខ្លះមានកាន់ដាវសាំម៉ូរ៉ៃ និងខ្លះទៀត កាន់សុទ្ឋតែកាំភ្លើងខ្លី២ដើម បានជិះម៉ូតូដេញតាមម៉ូតូពួកគាត់ពីក្រោយរហូតដល់ផ្លូវ២១១ ម្តុំបុរីកីឡា នៅក្បែរអធិការខណ្ឌ៧មករា ពួកជនសង្ស័យទាំងអស់នោះ ក៏បានធាក់ផ្តួលម៉ូតូ ហើយបានស្រែកគំរាម និងបានដកដាវចេញពីខ្លួនរបស់ពួកគេ ដេញកាប់ មិនអស់ចិត្តថែមទាំងដកកាំភ្លើងខ្លី២ចេញពីចង្កេះ ភ្ជង់មកលើប្តីប្រពន្ឋរងគ្រោះ នឹងបានស្រែកគំរាមថា ចង់ស្លាប់មែន ដោយមានអារម្មណ៍ភ័យតក់ស្លុតខ្លាំង ជនរងគ្រោះនាំគ្នារត់រកកន្លែងដែលមានសុវត្ថិភាពទៅ ។ ចំណែកម៉ូតូវិញ ត្រូវក្រុមចោរលើឡើង ហើយជិះគេចខ្លួន ដោយសុវត្ថិភាព ដោយមិនបានរំខានដល់សមត្ថកិច្ចខណ្ឌ៧មករាបន្តិចណាសោះឡើយ ។
គួរបញ្ចាក់ផងដែលថា គ្រាន់តែ១យប់នេះក្រុមចោរល្បីឈ្មោះខាងស្ទាក់កាប់ និងភ្ជង់បាញ់ប្លន់ម៉ូតូនាពេលរាត្រីកក្រើរាជធានី ដែលសមត្ថកិច្ចគ្មានសមត្ថភាពបង្ក្រាបនិងតាមចាប់ខ្លួននោះ បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ២គ្រឿង ដោយ១គ្រឿងប្លន់ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង១គ្រឿងទៀត ប្លន់ជនរងគ្រោះ២នាក់ប្តីប្រពន្ឋខាងលើ នៅក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា៕
ចែករំលែកព័តមាននេះ