ខេត្តព្រះវិហារ ៖ ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ នៅកណ្តាលទ្រូងព្រៃយ៉ាងស្ងាត់ឆ្ងាយផុតពីខ្សែភ្នែកអ្នកទេសចរជាតិ និងអន្តរជាតិ ។ ទោះជាយ៉ាងណាក្តី ប្រាសាទទាំងពីរសល់តែស្លាកស្នាមបន្តិចបន្តួចប៉ុណ្ណោះ ព្រោះបានបាក់បែកខូចខាត និងមិនមានប្រវត្តិកត់ត្រានៅក្នុងឯកសារទេ ។
ប្រាសាទកំណប់តូច បាក់បែកស្ទើរបាត់រូបរាងទៅហើយ ព្រោះតែជនទុច្ចរិតគាស់កកាយរាវរកវត្ថុបុរាណយកទៅលក់នៅប្រទេសជិតខាង កាលពីសម័យសង្គ្រាម ។ ចាប់ពីពេលនោះមក ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ ត្រូវគេបោះបង់ចោលនៅក្នុងព្រៃជ្រៅ ស្ទើរតែបាត់ឈ្មោះសូន្យឈឹង ។
ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ ចូលពីផ្លូវជាតិលេខ៩ ចម្ងាយប្រមាណ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
បុរសឈ្មោះហ៊ីម ភាព អាយុ៤០ឆ្នាំ ជនជាតិកួយ និងប្រពន្ធឈ្មោះឈឿន សុវណ្ណ រៀបរាប់ប្រាប់អ្នកយកព័ត៌មានកោះសន្តិភាព កាលពីពេល ថ្មីៗនេះថា ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ ជនជាតិកួយចាត់ទុកជាវត្ថុបន់ស្រន់សុំសេចក្តីសុខ និងជាទីសក្ការបូជា ។ អ្នកភូមិពោធិ៍ទាប តែងតែធ្វើពិធីបន់ស្រន់សុំសេចក្តីសុខពីប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ ។
ប្រភពដដែលឱ្យដឹងថា អ្នកថែរក្សាប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ ឈ្មោះ ហ៊ីម ដោយជនជាតិបារាំងម្នាក់ផ្គត់ផ្គង់ប្រាក់ឱ្យដើម្បីកាប់ឆ្ការព្រៃនៅជុំវិញប្រាសាទ ។ ជាងនេះទៅទៀតជារៀងរាល់ឆ្នាំ ជនជាតិបារាំងនោះ តែងតែទៅមើលប្រាសាទកំណប់តូច កំណប់ធំ ព្រោះតែចង់អភិរក្សប្រាសាទទាំងនោះ ។
អ្នកភូមិជាច្រើនដែលធ្លាប់ដឹងពីប្រវត្តិរបស់ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ ឱ្យដឹងថា ពីមុននៅក្នុងប្រាសាទកំណប់តូច មានវត្ថុមានតម្លៃដូចជាបដិមាសំរឹទ្ធិជាដើម ប៉ុន្តែត្រូវពួកទុច្ចរិតគាត់យកទៅបាត់ ។ ទោះជាយ៉ាងណាក្តី អ្នកទន្ទ្រានទាំងនោះខ្លះឈឺ ខ្លះធ្លាក់ខ្លួនពិការ ចំណែកអ្នកខ្លះស្លាប់យា៉ងវេទនា ។
ដោយឡែក កាលពីប៉ុន្មានខែកន្លងមក ក្រុមហ៊ុនបរទេសមួយ បានឈូសឆាយដីព្រៃ ប៉ះពាល់ប្រាសាទកំណប់តូច ក៏ត្រូវបារមីប្រាសាទ និងម្ចាស់ទឹកម្ចាស់ដីធ្វើឱ្យអ្នកមើលការខុសត្រូវវៀចមាត់វៀចក ។ ក្រោយមកជនបរទេសនោះ យកមាន់ស្ងោរទៅសែននៅមុខប្រាសាទកំណប់តូច និងសុំខមាលទោស ទើបបានជាសះស្បើយ ហើយចាប់ពីថ្ងៃនោះមកឈប់ហា៊នឈូសឆាយនៅក្បែរប្រាសាទទៀត ។
លោកយៀន ឆាយ មេភូមិពោធិ៍ទាប ឱ្យដឹងថា លោកបានទទួលដំណឹងពីរឿងក្រុមហ៊ុនដាំអំពៅ ឈូសឆាយទីទួលប្រាសាទនោះ ប៉ុន្តែវាហួសកម្រិតគ្រប់គ្រងរបស់លោក ។
ចំណែកលោកមេឃុំម្លូព្រៃ ឈ្មោះហេង ភួន អះអាងថា លោកមិនបានដឹងរឿងក្រុមហ៊ុនឈូសឆាយទីទួលប្រាសាទកំណប់តូច ប្រាសាទ កំណប់ធំទេ តែសន្យាថា នឹងទៅមើល ។ បានព័ត៌មានយា៉ងណា លោកនឹងរាយការណ៍ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
លោកនូវ សុគន្ធណា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ប្រាសាទកំណប់តូច ត្រូវមន្ទីរឱ្យកម្មករកាប់ឆ្ការព្រៃ ជារៀងរាល់ខែ ដោយក្នុងមួយខែផ្តល់ប្រាក់១៥ម៉ឺនរៀលសម្រាប់កម្មករមើលថែប្រាសាទ ។ ទោះជាយា៉ងណាក្តី ប្រាសាទកំណប់តូច ប្រាសាទកំណប់ធំ មិនអាចអភិរក្សបានឡើយ ព្រោះនៅសល់តែដុំថ្ម៤ទៅ៥ដុំប៉ុណ្ណោះ រីឯតួប្រាសាទគ្មាននៅសល់អ្វីឡើយ ។
លោកនូវ សុគន្ធណា បញ្ជាក់ថា ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ មិនឃើញមានការកត់ត្រាក្នុងឯកសារណាមួយឡើយ ដូច្នេះមិនដឹងកសាងដោយអង្គស្តេចណា និងនៅឆ្នាំណាទេ ។ បើតាមលោកដឹង ខ្លះៗ ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ កសាងនៅសម័យមេកន្ទ្រាញជំនាន់ប្រើដាវ លំពែង ៕
ចែករំលែកព័តមាននេះ