រាជធានីភ្នំពេញ ៖ ក្មេងស្រី២នាក់ជិះកង់ដើរលក់សណ្តែកដីស្ងោត្រូវម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ ក្នុងស្ថានភាពស្រវឹងបុកបណ្តាលឲ្យដួលរដូករណែលរងរបួសធ្ងន់៣នាក់ និងស្រាល២នាក់ កាលពីវេលាម៉ោង១២អធ្រាត្រថ្ងៃទី១ មករា នៅមុខក្រសួងមហាផ្ទៃ តាមមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះជិះកង់គ្នា២នាក់ដើរលក់សណ្តែកដីស្ងោក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូបង្កម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS 0762 ជិះគ្នា៣នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើអ្នកលក់សណ្តែកដីបានឈប់លក់ឲ្យសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុ ដោយបាំងនឹងរថយន្តមួយគ្រឿងធ្វើឲ្យម៉ូតូបើកបរក្នុងស្ថានភាពស្រវឹងមើលអត់ឃើញជិះទៅបុកកង់ក្មេងស្រីលក់សណ្តែកដីបណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ រីឯអ្នកជិះម៉ូតូ២នាក់ទៀតបែកមុខបែកមាត់ និង២ទៀតរងរបួសស្រាល ចំណែកសណ្តែកដីកំពប់រាយប៉ាយលើថ្នល់ ។
ក្មេងស្រីដែលរងរបួសធ្ងន់មានឈ្មោះ សាន ពិយ៉ា អាយុ១៨ឆ្នាំ មុខរបរលក់សណ្តែកដី មានស្រុកកំណើតនៅភូមិព្រែករន្ទះ ស្រុកពាមរ ខេត្តព្រៃវែង ។ ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ចំណែកម៉ូតូ និងកង់យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ