ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង ហៀ​ង ណាត់ សួង សុវណ្ណ​ថា ឡើង​តតាំង​គូប្រកួត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​៣០ វិច្ឆិកា ស្អែក​នេះ កីឡាករ​វ័យក្មេង​ពីរ​រូប គឺ​សេង ហៀ​ង និង​សួង សុវណ្ណ​ថា ត្រូវ​ដល់​ថ្ងៃ​កំណត់​ឡើង​ប្រកួត​ជាមួយ​ជើង​ខ្លាំង​របស់​ខ្លួន​នោះ​ហើយ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ស្រា​បៀរ​កម្ពុជា នៅ​ពេល​រសៀល ។

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​៣០ វិច្ឆិកា ស្អែក​នេះ កីឡាករ​វ័យក្មេង​ពីរ​រូប គឺ​សេង ហៀ​ង និង​សួង សុវណ្ណ​ថា ត្រូវ​ដល់​ថ្ងៃ​កំណត់​ឡើង​ប្រកួត​ជាមួយ​ជើង​ខ្លាំង​របស់​ខ្លួន​នោះ​ហើយ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ស្រា​បៀរ​កម្ពុជា នៅ​ពេល​រសៀល ។ ជាមួយនឹង​ការ​ឡើង​រេញ​នេះ​កីឡាករ​ម្នាក់​ៗ​កំពុង​ត្រូវ​បាន​គេ​ឃ្លាំមើល​យ៉ាង​ខ្លាំង ថា​ពិតជា​យកឈ្នះ​លើ​ដៃគូ​បាន​ឬ​មិន​បាន​? កីឡាករ សេង ហៀ​ង ដែល​អ្នក​ណា​ក៏​ដឹង​ថា ជា​ជើង​ខ្លាំង​ប្រចាំ​ក្លិប​សុភា​មាន​ជ័យ បាន​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​យូរ​ក្រែល​មក​ហើយ ដោយសារ​តែ​លោក​ជាប់​ឈ្មោះ​ថា បាន​លក់ខ្លួន​គ្រប់ពេល​ឡើង​រេញ ហើយ​ធ្វើ​ឲ្យ​មន្ត្រី​ប្រចាំ​សហព័ន្ធ​ដាក់​វិន័យ​មិន​ឲ្យ​ឡើង​រេញ​អស់​មួយ​រយៈ ក៏​ដូច​ជា​ធ្វើ​ឲ្យ​អតីត​គ្រូបង្វឹក​របស់​លោក​ទទួល​រង​ការ​អាម៉ាស់ ។

លោក​បាន​ដើរ​ចេញពី​ក្លិប​ចាក់​អង្រែ​កីឡា ចូល​មក​ជ្រក​ក្នុង​ក្លិប​ថ្មី ក្នុង​បំណង​កសាង​កេរ្តិ៍ឈ្មោះ​ជា​ថ្មី បើ​ទោះជា​សភាព​ស្អុយរលួយ​ដែល​បាន​បន្សល់​ទុក​ហាក់​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ច្រើន​ប៉ុន្មាន​នៅ​បន្ត​ទុកចិត្ត​ពី​សមត្ថភាព​របស់​លោក ។ កីឡាករ​រូប​នេះ ត្រូវ​អ្នក​ទស្សនា​គ្រប់​គ្នា​សរសើរ​ថា វាយ​បាន​ល្អ និង​មាន​ផ្លែ​ដៃ​ច្បាស់លាស់ ប៉ុន្តែ​លោក​ច្រើន​តែ​សុខចិត្ត​ធ្វើ​ចាញ់​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ទិញ​ទឹកចិត្ត​បន្តិចបន្តួច ទើប​ធ្វើ​ឲ្យ​ក្រេ​ឌី​តរបស់​លោក​បាក់​ស្រុត​នៅ​ក្នុង​ពិភព​កីឡាប្រដាល់ ។ យ៉ាងណា​ក៏​ដោយ គ្រប់​លើក​នៃ​ការ​ចោទប្រកាន់​ទាំងនោះ កីឡាករ សេង ហៀ​ង មិន​ដែល​ទទួលស្គាល់​នោះ​ទេ ដោយ​បាន​បង្វែរ​ភាព​ចាញ់​ថា បណ្ដាល​មក​ពី​ហេតុផល​មិន​បាន​ហ្វឹកហាត់​ជាប់លាប់​ច្រើន​ជាង ។ មន្ត្រី​ប្រចាំ​សហព័ន្ធ​បាន​ព្រមាន​កីឡាករ​រូប​នេះ​ច្រើន​លើក​មក​ហើយ ដោយ​បាន​ទាំង​ហៅ​ទ​ង្វើ​របស់​លោក​ថា ជា​ទ​ង្វើ​ច្រំ​ដែល ដែល​សុខចិត្ត​លក់​កិត្តិយស និង​មុខមាត់​ក្នុង​នាម​ជា​ជើង​ខ្លាំង​លើ​សង្វៀន​ព្រោះតែ​ប្រាក់​នៅ​ក្រៅ​សង្វៀន​ដែល​ត្រូវ​គេ​ដឹង​ថា មិន​មាន​តម្លៃ​ខ្ពស់​នោះ​ផង ។

លោក​ត្រូវ​មន្ត្រី​សហព័ន្ធ និង​អ្នក​ផ្គូផ្គង​ធីប​ចោល​មិន​ឲ្យ​ប្រកួត​អស់​មួយ​រយៈ បន្ទាប់​ពី​បាន​ព្រមាន​ដោយ​មាត់ទទេ​ច្រើន​លើក​ហើយ​មិន​កែ​ទម្លាប់​ពេល​ឡើង​សង្វៀន ធ្វើ​ឲ្យ​មានការ​ចោទប្រកាន់​ថា បាន​លក់ខ្លួន​ដដែល​ជា​ដដែល នៅ​មុន​ពេល​បាត់​មុខ ។ អ​ញ្ចឹ​ង​ហើយ ទើប​ការ​សម្រេចចិត្ត​វិល​វិញ ក្រោម​ការ​សន្យា​ជាមួយ​សហព័ន្ធ និង​អ្នក​រៀបចំ​ការ​ប្រដាល់​នា​ពេល​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​មានការ​ឃ្លាំមើល​យ៉ាង​ខ្លាំង​ថា កីឡាករ​រូប​នេះ​នឹង​បិទ​ចោល​ប្រវត្តិសាស្ត្រ​ច្រំ​ដែល ឬ​នៅ​តែ​ភ្លេចត្រចៀក​ទៀត ។ ប្រភព​អ្នក​ផ្ដល់​ឱកាស​ឲ្យ​សេង ហៀ​ង ឡើង​រេញ​ជា​ថ្មី​និយាយ​ថា សេង ហៀ​ង បាន​និយាយ​ហើយ​ថា មិន​លក់ខ្លួន​ធ្វើ​ចាញ់​ទៀត​ទេ ដោយ​មាន​ទាំង​ការ​អះអាង​របស់​ប្រធាន​ក្លិប​សុភា​មាន​ជ័យ ដែល​ជាទី​ជម្រក​ថ្មី​របស់​លោក​ធ្វើការ​ធានា​ជូន​ផង​ដែរ ទើប​មានការ​ជឿជាក់​ថា ករណី​ដដែល​នោះ​ពិតជា​មិនកើត​មាន​ទៀត​ទេ ។

នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ លោក​ត្រូវ​គេ​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ ពេជ្រ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ដោយ​ការ​ប៉ះ​ប្រកួត​នេះ ប្រសិនបើ​ជើង​ខ្លាំង​សេង ហៀ​ង មិន​ទទួល​សម្ពាធ​ក្នុង​ការ​ធ្វើ​ចាញ់ គឺ​ពិតជា​ឈ្នះ​ដោយ​មិនបាច់​ប្រឹង​នោះ​ទេ ដោយសារ​តែ​ក្រេ​ឌី​ត​ពី​អតីតកាល​របស់​កីឡាករ ពេជ្រ ប៊ុ​ន​ធឿ​ន ស្រាល​ជាង​កីឡាករ​សេង ហៀ​ង ឆ្ងាយ​ណាស់ ។ ក្នុង​នោះ​សូ​ម្បី​តែ​ល្បិច​និង​បច្ចេកទេស​ក្នុង​ការ​វាយលុក ក៏ ពេជ្រ ប៊ុ​ន​ធឿ​ន ត្រូវ​គេ​មើលឃើញ​ថា មិនមែន​ជា​ដៃគូ​របស់ សេង ហៀ​ង នោះ​ដែរ ប្រសិនបើ​សេង ហៀ​ង ពិតជា​វាយ​ដោយ​ប្រើ​សមត្ថភាព ។ ក្រុម​អ្នកវិភាគ​និយាយ​ថា ការ​វិល​ត្រលប់​របស់​កីឡាករ​រូប​នេះ​មិន​អាច​បណ្ដោយ​ឲ្យ​ប្រវត្តិសាស្ត្រ​ចាស់​គំរឹល​ញាំញី​ទៀត​ទេ គឺ​ពិតជា​ព្យាយាម​បញ្ចេញ​សមត្ថភាព និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ជំនួប​ប៉ះ ពេជ្រ ប៊ុ​ន​ធឿ​ន ដែល​កន្លង​មក មិន​ធ្លាប់​ប៉ះ​គ្នា ។ ប្រសិនបើ​លោក​ចៀស​ផុត​ពី​ការ​រិះគន់ នោះ​មាន​ន័យ​ថា កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​ពិតជា​មិន​ពិបាក​ប្រទាញ​យក​ការ​ចាប់អារម្មណ៍​នោះ​ទេ សម្រាប់​ការ​ប្រកួត​លើក​ក្រោយ​ៗ​ដែល​នឹង​មានការ​ផ្គូផ្គង​បន្ត ។

មួយគូ​ទៀត កីឡាករ សួង សុវណ្ណ​ថា មក​ពី​ក្លិប​ដែល​ទើប​ធ្លាក់​ចេញពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​របស់​ស្រា​បៀរ​កម្ពុជា​ថ្មី​ៗ ក៏​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ សល់ អា​ម៉ា មក​ពី​ក្លិប​កុសល​កីឡា ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ផង​ដែរ​។ ការ​ប្រកួត​រវាង​គូ​នេះ​នឹង​ប៉ះ​គ្នា​ជា​គូ​ដែល​ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ភាគច្រើន​ចាប់អារម្មណ៍​។ ទោះបី​យ៉ាងណា ការ​ប៉ះ​ប្រកួត​របស់​ពួក​គេ ហាក់​ទទួល​បានការ​ចង់​ដឹង​ពី​អ្នក​ទស្សនា​តិច​ជាង​ការ​ប្រកួត​របស់ សេង ហៀ​ង និង​ពេជ្រ ប៊ុ​ន​ធឿ​ន ដោយសារ​តែ សេង ហៀ​ង ជា​កីឡាករ​ល្បីឈ្មោះ និង​ធ្លាប់​ផ្ទុះ​រឿងអាស្រូវ​លក់ខ្លួន​ធ្វើ​ឲ្យ​មានកេរ្តិ៍ឈ្មោះ​ក្នុង​ស្រទាប់​មហាជន​រួច​ទៅ​ហើយ ។ កីឡាករ សួង សុវណ្ណ​ថា ដ្បិតថា​បាត់​ឱកាស​ដណ្ដើម​យក​ខ្សែក្រវាត់ ប៉ុន្តែ​កម្រិត​ប្រកួត​របស់​លោក ក៏​មិន​អន់​ប៉ុន្មាន​ដែរ ទាំង​ផ្លែ​ដៃ និង​បច្ចេកទេស​ប្រកួត ។

អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប៉ះ​កណ្ដាប់ដៃ​ជាមួយ សល់ អា​ម៉ា ក្នុង​ថ្ងៃអាទិត្យ​នេះ គឺ​ពិតជា​ធ្វើ​ឲ្យ​អ្នក​ចង់​តាមដាន​មានការ​ចាប់អារម្មណ៍ ។ ចាំ​មើល​តើ​សួង សុវណ្ណ​ថា អាច​យកឈ្នះ សល់ អា​ម៉ា បាន​ទេ ក្នុង​ពេល​ដែល សល់ អា​ម៉ា ត្រូវ​គេ​ស្គាល់​ថា ខ្លាំង និង​ឡើង​សន្ទុះ​គួរ​ឲ្យ​កត់សម្គាល់​ប្រចាំ​ក្លិប​កុសល​កីឡា​នោះ ? ការ​ប្រកួត​រវាង​គូ​ទាំង​ពីរ ពិតជា​រំលេច​ព្រឹត្តិការណ៍​ប្រដាល់​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ឲ្យ​មានការ​ចង់​ដឹង​ច្រើន សម្រាប់​រសៀល​ថ្ងៃអាទិត្យ​ស្អែក​នេះ ៕