ខេត្តកណ្ដាល ៖ បុរសចិត្តស្លុយម្នាក់ត្រូវនគរបាលស្រុកកោះធំចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះនារីម្នាក់ ហើយចាប់បង្ខំនាងប៉ុនប៉ងរំលោភ តែត្រូវនាងរើបម្រាស់រួច ស្រែកឆោឡោឲ្យគេជួយ កាលពីម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ស្ថិតក្នុងភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខណៈម្ដាយ ឪពុកនាងមិននៅផ្ទះ ។
នគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះហេង ចាន់ហ៊ាង ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកសិករមានទីលំនៅ ភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ជននេះជាមុខសញ្ញាចោរកម្ម និងប្រើប្រាស់ថ្នាំញៀន នៅក្នុងមូលដ្ឋាន ។ ចំណែកនារីរងគ្រោះឈ្មោះល សន អាយុ២០ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានឲ្យដឹងតៀតថា នៅយប់កើតហេតុនោះ ម្ដាយឪពុកនាងមិននៅផ្ទះ ទៅលក់ដូរនៅភ្នំពេញ នាងនៅផ្ទះតែម្នាក់ឯង ។ នៅវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ជនសង្ស័យ ឈ្មោះហេង ចាន់ហ៊ាង បានលបលួចចូលទៅក្នុងផ្ទះ ឃើញនារីរងគ្រោះកំពុងដេកលក់នៅលើគ្រែ ក៏បានចាប់អោបថើប ពេលនាងដឹងខ្លួនឡើង បានខំរើបម្រាស់ និងប្រកាយប្រតប់ គ្នារហូតរួចពីដៃជនសង្ស័យ ក៏ស្រែកឆោឡោឡើងផ្អើលទាំងយប់ហៅឲ្យគេជួយ ។ ពេលនោះជនសង្ស័យ បានរត់គេចខ្លួនបាត់ទៅ ប៉ុន្តែនាងបានស្គាល់មុខជនសង្ស័យច្បាស់ ។
លុះដល់រសៀលថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៤ ដដែល ម្ដាយឪពុកនាងត្រឡប់មកវិញ នាងប្រាប់ពីហេតុការណ៍ខាងលើ ម្ដាយឪពុកនាងក៏ទៅប្ដឹងនគរបាលតែម្ដង ។ ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ