ខេត្តស្វាយរៀង ៖ ទឹកប្រាក់ប្រមាណ២៧លានរៀល ត្រូវបានចោរប្លន់ទាំងថ្ងៃនៅកណ្តាលក្រុងស្វាយរៀង កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២២ វិច្ឆិកា នៅចំណតរថយន្តក្រុងស្វាយរៀង ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខណៈជនរងគ្រោះ២នាក់ប្តីប្រពន្ធដើរចេញពីផ្ទះប្តូរប្រាក់ ហើយបម្រុងទ្បើងជិះរថយន្តត្រទ្បប់ទៅខេត្តព្រៃវែង ក៏ត្រូវក្រុមចោរភ្ជង់ដោយអាវុធខ្លីរួចបាញ់គំរាមប្លន់យកប្រាក់ ។
ជនរងគ្រោះជាប្តីឈ្មោះ សឿន សារ៉ាយ អាយុ២៩ឆ្នាំ ប្រពន្ធឈ្មោះ ឆេង សុខរ័ត្ន អាយុ២២ឆ្នាំ ជាអាជីវករទិញលក់ស្រូវមានទីលំនៅភូមិជ្រៃសីមា ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
បើតាមជនរងគ្រោះប្រាប់ឱ្យដឹងថា ពួកគាត់២នាក់ប្តីប្រពន្ធបានប្រមូលទិញស្រូវពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រួចដឹកមកលក់នៅច្រកទ្វារអន្តរជាតិព្រៃវល្លិ ឃុំថ្មី ស្រុកកំពង់រោទ៍ គឺលក់ឱ្យឈ្មួញវៀតណាមបានជាប្រាក់ដុងក៏យកប្រាក់ដុងវៀតណាមមកប្តូរយកប្រាក់រៀលនៅផ្ទះប្តូរប្រាក់ បានចំនួន២៧លានរៀល ។ ម្ចាស់ផ្ទះប្តូរប្រាក់ឈ្មោះ ម៉ៅ យ៉ា អាយុ៥៦ឆ្នាំ នៅផ្ទះជួរមុខផ្សារវាលយន្ត ។ ក្រោយពីប្តូរប្រាក់រួចក៏យកដាក់ក្នុងកាបូបកាន់ចេញពីផ្ទះប្តូរប្រាក់នោះ ហើយដើរទៅកាន់ចំណតរថយន្តក្រុងខាងកើតផ្ទះប្តូរប្រាក់ចម្ងាយប្រមាណ១០០ម៉ែត្រ យកប្រាក់ដាក់ក្នុងរថយន្តរួចប្តីទ្បើងជិះរថយន្តដឹកស្រូវពាក់ស្លាកលេខកំពង់ចាម 3A-3589 ក៏ត្រូវចោរប្លន់២នាក់ដកកាំភ្លើងខ្លីម៉ាកកា៥៤មួយដើម ភ្ជង់ឱ្យប្រគល់ប្រាក់ដល់ពួកគេ ។
ប៉ុន្តែជនរងគ្រោះអល់អែកមិនព្រមឱ្យ ចោរនោះក៏ភ្ជង់ចំដើមទ្រូងរួចកេះកៃបាញ់ តែសំណាងល្អមិនផ្ទុះ ហើយជនរងគ្រោះរត់គេចចេញ ចោរក៏បាញ់មួយគ្រាប់ទៀត ។ ពេលនោះជនរងគ្រោះបានក្រាបទៅនឹងដីទើបចោរបាញ់ខុស ហើយចោរក៏លូកយកកាបូបប្រាក់ពីកាប៊ីនរថយន្ត រួចរត់ទ្បើងជិះម៉ូតូម៉ាកហុងដាធុនសេ១២៥ ពណ៌ខ្មៅ ដែលបក្សពួកម្នាក់ទៀតបញ្ឆេះចាំរួចជាស្រេច បើកគេចខ្លួនតាមផ្លូវជាតិលេខ១ ។ ភ្លាមៗ នគរបាលក្រុងស្វាយរៀង ក៏បើករថយន្តដេញតាមពីក្រោយរហូតដល់ខ្លោងទ្វារវត្តចំបក់បិទមាស ចោរបានបោះកាបូបមួយចោល ទើបនគរបាលឈប់រថយន្តរើស ហើយក្រុមចោរក៏ជិះម៉ូតូបត់ចូលផ្លូវលំចូលទៅវត្តចំបក់បិទមាស ។
ការរើសកាបូបនោះ ព្រោះស្មានថាជាកាបូបលុយដែលចោរបោះឱ្យវិញ តែជាការចាញ់ល្បិចចោរព្រោះជាកាបូបដាក់សម្លៀកបំពាក់ចាស់ៗ ក៏ព្យាយាមបើករថយន្តដេញតាមក្រុមចោរនោះទៀត រហូតជ្រុលចង្កូតធ្លាក់ស្រែជាប់ផុងទៅមុខលែងរួច ។ រីឯក្រុមចោរជិះម៉ូតូឆ្ពោះទៅខាងជើងខ្លោងទ្វាវត្តចំបក់បិទមាស ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង គេចខ្លួនបាត់ស្រមោលទៅ ។ មានការសន្និដ្ឋានថា នេះមិនមែនជាអំពើប្លន់ដោយចៃដន្យទេ គឺក្រុមចោរបានតាមឃ្លាំមើលសកម្មភាព ដែលជាធម្មតាជនរងគ្រោះតែងដឹកស្រូវមកឱ្យលក់ឈ្មួញវៀតណាម បានប្រាក់ដុងហើយយកមកប្តូរយកប្រាក់រៀល នៅផ្ទះប្តូរប្រាក់ឈ្មោះ ម៉ៅ យ៉ា រាល់លើក ។ ដូច្នេះហើយទើបក្រុមចោរឆក់ឱកាសធ្វើសកម្មភាពប្លន់ទាំងថ្ងៃនៅកណ្តាលក្រុងតែម្តង ។ មហាជនបានរិះគន់ថា សមត្ថកិច្ចគ្មានសមត្ថភាព ទើបចោរប្លន់ទាំងថ្ងៃហើយចំកណ្តាលក្រុងទៀត តែសមត្ថកិច្ចមិនអាចបង្ក្រាបឬចាប់ក្រុមចោរបាន ដែលប្រការនេះធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសអាជីវករនៅក្រុងស្វាយរៀង មានការភ័យខ្លាចយ៉ាងខ្លាំង រហូតដល់ក្រុមអាជីវករលក់មាសប្តូរប្រាក់នាំគ្នាបិទតូប ។ នេះជាលើកទីមួយហើយ ដែលក្រុមចោរហ៊ានចូលមកប្លន់ទាំងថ្ងៃ ហើយជនរងគ្រោះក៏សំណាងមហាសំណាងដែរ ដែលចោរបាញ់មិនផ្ទុះ បើសិនជាផ្ទុះពិតជាស្លាប់មិនខានទ្បើយ និងមួយគ្រាប់ចុងក្រោយចោរបាញ់មិនត្រូវទៀត ដោយជនរងគ្រោះក្រាបផុត។
រីឯស្ត្រីជាប្រពន្ធឃើញប្តីក្រាបនៅនឹងដីស្មានថាចោរបាញ់ត្រូវប្តី ក៏ស្ទុះចូលឱបប្តីដោយក្តីរន្ធត់ញាប់ញ័រ លុះពេលងើបទ្បើងឈរពុំមានរបួសក៏នាំគ្នាទាំង២នាក់ប្តីប្រពន្ធរត់ចូលផ្ទះប្តូរប្រាក់វិញ ទើបមានការឆោទ្បោទ្បើង ។ លុះប្រមាណ១០នាទីក្រោយមក កងរាជអាវុធហត្ថខេត្តមកដល់ និងបន្ទាប់គ្នានគរបាលក្រុងស្វាយរៀងមកដល់ រីឯនគរបាលខេត្តប្រហែលកន្លះម៉ោងក្រោយ ទើបមកដល់ ។
អ្វីដែលគួរឱ្យកត់សម្គាល់ដែរនោះ គឺមន្ត្រីនគរបាលក្រុងស្វាយរៀងមួយរូប នៅក្នុងហេតុការណ៍មិនបានរាយការណ៍ឱ្យលោកអធិការ ឬលោកស្នងការដឹងភ្លាមទេ បែរជាបើករថយន្តដេញតាមចោរតែម្នាក់ឯង រហូតបើករថយន្តធ្លាក់ស្រែទៅមុខលែងរួចទុកឱកាសឱ្យចោរជិះម៉ូតូគេចខ្លួនបាត់ ៕
ចែករំលែកព័តមាននេះ