ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាក់​គី​អាវ​ការពារ​បាន​ខ្សែក្រវាត់​ស្ថាប័ន WBO ក្រោយ​ឈ្នះ​កីឡាករ​អា​មេ​រិ​ក​អាល់​ជៀ​រី​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ

9 ឆ្នាំ មុន

ទីបំផុត កីឡាករ​ប្រដាល់​ហ្វ៊ី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អាវ បន្ត​ធ្វើ​ជា​ម្ចាស់​ខ្សែក្រវាត់​ស្ថាប័ន WBO តទៅ​មុខ​ទៀត ខណៈ​បាន​ធ្វើ​ឱ្យ​គូប្រកួត គឺ​កីឡាករ​គ្រី​ស អាល់​ជៀ​រី ត្រូវ​អាជ្ញាកណ្តាល​រាប់​ដល់​៦​លើក យកឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ នៅ​ក្នុង​ការ​ប្រកួត​នៅ​សង្វៀន Cotai Arena ក្រុង​ម៉ា​កាវ ប្រទេស​ចិន កាលពី​

ទីបំផុត កីឡាករ​ប្រដាល់​ហ្វ៊ី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អាវ បន្ត​ធ្វើ​ជា​ម្ចាស់​ខ្សែក្រវាត់​ស្ថាប័ន WBO តទៅ​មុខ​ទៀត ខណៈ​បាន​ធ្វើ​ឱ្យ​គូប្រកួត គឺ​កីឡាករ​គ្រី​ស អាល់​ជៀ​រី ត្រូវ​អាជ្ញាកណ្តាល​រាប់​ដល់​៦​លើក យកឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ នៅ​ក្នុង​ការ​ប្រកួត​នៅ​សង្វៀន Cotai Arena ក្រុង​ម៉ា​កាវ ប្រទេស​ចិន កាលពី​ថ្ងៃអាទិត្យ ទី​២៣​វិច្ឆិកា ។

ជា​លទ្ធផល​សរុប​នៃ​ការ​ប្រកួត​ពេញ​១២​ទឹក ប៉ាក់​គី​អាវ យកឈ្នះ​អាល់​ជៀ​រី​ក្នុង​លទ្ធផល ១១៩​ទល់​១០៣, ១១៩​ទល់​១០៣ និង​១២០​ទល់​១០២ ។

គួរ​កត់​សម្គាល់ថា នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ ប៉ាក់​គី​អាវ ហាក់​ធ្វើ​បាន​ល្អ​ច្រើន​ជាង​៣​លើក​កន្លង​ទៅ ដោយ​គេ​បាន​គ្រប​សង្កត់​លើ​គូប្រកួត​ស្ទើរ​គ្រប់ទឹក ។ ល្បឿន​វាយ​ចេញ​យ៉ាង​រហ័ស​គួប​ផ្សំ​នឹង​បច្ចេកទេស​ផ្លាស់​ទី​ដ៏​ល្អ​ផង​នោះ ប៉ាក់​គី​អាវ​បាន​ក្លាយជា​អ្នក​ធ្វើ​ព្យុះ​ភ្លៀង​លើ​អាល់​ជៀ​រី​ស្ទើរ​ពេញ​១២​ទឹក ។ ចាប់ផ្តើម​ក្នុង​ទឹក​ទី​១​ភ្លាម ប៉ាក់​គី​អាវ បាន​ស្ទុះ​ចូល​វាយ​ដោយ​ឥត​សំចៃ​កម្លាំង​ខណៈ​អាល់​ជៀ​រី ហាក់​បង្ហាញ​ភាព​ញញើតញញើម​ក្នុង​ការ​វាយ​តបត ហើយ​ជា​លទ្ធផល ផ្ទៃមុខ​ផ្នែក​ខាងឆ្វេង​របស់​គេ​ហើម​ប៉ោង​បន្តិច ។

ទោះជា​យ៉ាងណា ការ​ប្តូរ​កណ្តាប់ដៃ​គ្នា​ចាប់​កើត​មាន​ខ្លះ​ៗ​ក្នុង​ទឹក​ទី​២ ប៉ុន្តែ​ប៉ាក់​គី​អាវ​មាន​ប្រៀប​ជាង ខណៈ​អាល់​ជៀ​រី រអិល​ជើង​ដួល​ដំណាលគ្នា​នឹង​ការ​រង​កណ្តាប់ដៃ​ប៉ាក់​គី​អាវ ។ រូបគេ​ត្រូវ​អាជ្ញាកណ្តាល​រាប់​ជា​លើក​ទី​១ ។

ចូល​ដល់​ទឹក​ទី​៣ ប៉ាក់​គី​អាវ នៅ​តែ​បន្ត​គ្រប់គ្រង​ការ​ប្រកួត​ជា​ដដែល​ជាមួយនឹង​កណ្តាប់ដៃ​វាយ​ចេញ​ធ្ងន់​ៗ ខណៈ​ដែល​អាល់​ជៀ​រី គ្មាន​អ្វី​តបត​ក្រៅពី​ឃុំ​ការពារ​មុខ និង​លួច​វាយឆ្មក់​ម្តង​កាល ។ ចំណុច​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយទៀត គឺ​កើត​មាន​ក្នុង​ទឹក​ទី​៦ ខណៈ​កណ្តាប់ដៃ​ដ៏​ធ្ងន់​របស់​ប៉ាក់​គី​អាវ បាន​ធ្វើ​ឱ្យ​អាល់​ជៀ​រី ដួល​អុកគូទ​លើ​កា្តរ​រេញ និង​ត្រូវ​អាជ្ញាកណ្តាល​រាប់​ដល់​ទៅ​២​លើក ។ សម្រាប់​អាល់​ជៀ​រី ទោះជា​រង​ការ​វាយ​សន្ធាប់​ក្តី ប៉ុន្តែ​ទឹកចិត្ត​របស់​គេ​ហាក់​មិន​ថមថយ​នោះ​ទេ ។ អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ រូបគេ​ត្រូវ​អាជ្ញាកណ្តាល​រាប់​២​លើក​បន្ថែម​ទៀត​ក្រោយ​រង​កណ្តាប់ដៃ​ប៉ាក់​គី​អាវ ក្នុង​ទឹក​ទី​៩ ។  គេ​សង្កេត​ឃើញ​ថា ការ​ប្រកួត​លើក​នេះ អាល់​ជៀ​រី ហាក់​គ្មាន​បច្ចេកទេស​ណាមួយ​ដើម្បី​ឆ្លើយ​តប​នឹង​ល្បឿន​គេច និង​វាយ​យ៉ាង​រហ័ស​របស់​ប៉ាក់​គី​អាវ ឡើយ​។ កម្លាំង​របស់​គេ​ហាក់​ធ្លាក់​ចុះ​ច្រើន​ក្រោយ​ការ​ដួល​អុកគូទ​ក្នុង​ទឹក​ទី​៩ ដល់​ទៅ​២​លើក ជា​ពិសេស​ក្រោយ​ការ​ដួល​លើក​ទី​២ ក្នុង​ទឹក​នេះ ។

ការ​ប្រកួត​បន្ត​ក្នុង​ទឹក​ទី​១០ អាល់​ជៀ​រី នៅ​តែ​គ្មាន​សំណាង​ដ្បិត​ត្រូវ​ប៉ាក់​គី​អាវ វាយ​ឱ្យ​អាជ្ញាកណ្តាល​រាប់​ម្តងទៀត ។ នេះ​ជា​ការ​រាប់​លើក​ទី​៦ និង​ជា​លើក​ចុង​ក្រោយ ។ ចំណែក​២​ទឹក​ចុង​ក្រោយ ប៉ាក់​គី​អាវ នៅ​តែ​នាំ​មុខជា​ដដែល ហើយ​ជា​លទ្ធផល​គេ​ដណ្តើម​បាន​ជ័យជម្នះ​ជា​លើក​ទី​៥៧ ក្នុង​អាជីព ។ ចំពោះ​អ្នកទិញ​ការ​ប្រកួត​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​វិញ​មាន​តម្លៃ​៦៥​ដុល្លារ បាន​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​អាល់​ជៀ​រី គ្មាន​អ្វី​តបត​ប៉ាក់​គី​អាវ ក្រៅពី​ព្យាយាម​រត់គេច ។

លោក​ហ្វ្រេ​ដ​ឌី រ៉ូ​ច ជា​គ្រូបង្ហាត់​ប៉ាក់​គី​អាវ ថ្លែង​ថា ៖ «​ខ្ញុំ​អស់សង្ឃឹម​យ៉ាង​ខ្លាំង​ចំពោះ​កីឡាករ​អាល់​ជៀ​រី ។ អ្វី​ដែល​គេ​អាច​ធ្វើ​បាន​ក្នុង​ការ​ប្រកួត​លើក​នេះ គឺ​ការ​រត់គេច ។ គេ​មិន​បាន​ធ្វើខ្លួន​ជា​កូនប្រុស​ឡើយ​» ៕