ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Antoine Pinto លុតជង្គង់​គោរព សេន ប៊ុ​ន​ថេ​ន នៅ​លើ​រេញ Thai Fight-Asia Europe

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ការ​ប្រកួត​លើក​ទី​២ ជាមួយ​កីឡាករ Antoine Pinto កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២២ វិច្ឆិកា កីឡាករ​វ័យក្មេង​បារាំង​បាន​ក្លាយជា​អ្នក​ឈ្នះ ក៏​កីឡាករ​រូប​នេះ ត្រូវ​គេ​ឃើញ​លុតជង្គង់​សំពះ​បាតជើង​សេន ប៊ុ​ន​ថេ​ន ភ្លាម​ៗ​ក្រោយ​ពេល​ចប់​ការ​ប្រកួត​។ ទ​ង្វើ​នេះ​គឺ​បណ្ដាល​មក​ពី Antoine

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ការ​ប្រកួត​លើក​ទី​២ ជាមួយ​កីឡាករ Antoine Pinto កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២២ វិច្ឆិកា កីឡាករ​វ័យក្មេង​បារាំង​បាន​ក្លាយជា​អ្នក​ឈ្នះ ក៏​កីឡាករ​រូប​នេះ ត្រូវ​គេ​ឃើញ​លុតជង្គង់​សំពះ​បាតជើង​សេន ប៊ុ​ន​ថេ​ន ភ្លាម​ៗ​ក្រោយ​ពេល​ចប់​ការ​ប្រកួត​។ ទ​ង្វើ​នេះ​គឺ​បណ្ដាល​មក​ពី Antoine Pinto ទម្រាំ​ឈ្នះ​ក៏​ឈ្នះ​ទាំង​លំបាក​ក្រោម​កណ្ដាប់ដៃ​របស់ សេន ប៊ុ​ន​ថេ​ន លើក​នេះ​ដែរ ។

កីឡាករ សេន ប៊ុ​ន​ថេ​ន មិន​ទទួល​បាន​ជោគជ័យ​ដូច​ការ​គ្រោងទុក​នោះ​ទេ ក្នុង​ការ​ប្រកួត​នៅ​លើ​សង្វៀន Thai Fight-Asia Europe នៅ​ក្នុង​ប្រទេស​ថៃ ដែល​បាន​ធ្វើ​ឡើង​យ៉ាង​កក្រើក​នៅ​ក្នុង​ខេត្ត​ខុន​កែន កាលពី​ម្សិលម្ង៉ៃ នោះ​។ ក្នុង​ទឹក​ទី​១ និង​ទឹក​ទី​២ កីឡាករ Antoine Pinto ធ្វើ​បាន​ល្អ​ហួស​ពី​ការ​ស្មាន ដោយសារ​តែ​លោក​ទាំង​រហ័ស ទាំង​ច្បាស់​ស្នៀត និង​មាន​ដៃជើង​វែង​ៗ អំណោយផល​ក្នុង​ការ​វាយលុក ។ មិន​ត្រឹមតែ​កែង​ម៉ាត់​លើ​ម៉ាត់​ក្រោម ឬ​លើកជើង​ធាក់​ចំ​កណ្ដាល​មុខ​នោះ​ទេ គឺ​កីឡាករ Antoine Pinto វាយ​សង្គ្រុប​បាន​ល្អ​ទាំងអស់ ទៅ​លើ​កីឡាករ សេន ប៊ុ​ន​ថេ​ន ។ ទោះបី​យ៉ាងណា នៅ​ទឹក​ទី​៣ កីឡាករ​កម្ពុជា សេន ប៊ុ​ន​ថេ​ន ធ្វើ​បាន​ល្អ​យ៉ាង​ខ្លាំង​ក្នុង​ការ​វាយ​សង្គ្រុប​ទៅ​លើ Antoine Pinto ដោយ​បាន​ស្ទុះ​អុក​កែង និង​វាយ​បំ​បុក​ចំ​កណ្ដាល​មុខ​របស់​គូបដិបក្ខ​ជា​ច្រើន​លើក​។ នៅ​ក្នុង​ស្នៀត​មួយ​ដែល​កីឡាករ​កម្ពុជា វាយ​ដោយ​ម៉ាត់​ពេញទំហឹង គឺ​អ្នក​ទស្សនា​សុទ្ធតែ​ប្រហោង​ពោះ​ដូច​គ្នា ដោយសារ​តែ​មួយ​ក្បាច់​របស់​លោក​នា​ពេល​នោះ ប្រសិនបើ Antoine Pinto គេច​មិន​ទាន់ គឺ​ពិតជា​សន្លប់​លើ​រេញ​ជាក់​ជា​មិន​ខាន ដោយសារ​តែ​មួយ​ស្នៀត​ដែល សេន ប៊ុ​ន​ថេ​ន វាត់​ចេញ​នា​ពេល​នោះ គឺ​ពោរពេញ​ដោយ​កម្លាំង និង​ថាមពល ។ សំណាង​គេច​ផុត​មួយ​ស្នៀត​នោះ កីឡាករ​បារាំង ក៏​ប៊ិះ​នឹង​ត្រូវ​ពេញទំហឹង​ដោយ​កែង​ដ៏​មុត​ស្រួច​ផង​ដែរ ក្នុង​ពេល​កៀក​នឹង​ចប់​ទឹក​ចុង​ក្រោយ ។ អ​ញ្ចឹ​ង​ហើយ​ទើប​កីឡាករ Antoine Pinto បាន​ទទួល​ការ​សរសើរ​យ៉ាង​ខ្លាំង​ថា​ពូកែ​គេច​បាន​រហ័ស ពេញ​មួយ​ការ​ប្រកួត​ក្នុង​ទឹក​ចុង​ក្រោយ​។ កីឡាករ Pinto ត្រូវការ​តែ​លទ្ធផល​មិន​សន្លប់ គឺ​ពិតជា​ឈ្នះ​នៅ​វគ្គ​ចុង​ក្រោយ ដ្បិត​២​ទឹក​មុន​ដំបូង លោក​ជា​អ្នក​វាយ​ត្រូវ​ចំ​គោលដៅ​បាន​ល្អ​ទៅ​លើ​កីឡាករ សេន ប៊ុ​ន​ថេ​ន ។ ទំនងជា​មក​ពី​ហេតុផល​នេះ ទើប​គ្រាន់តែ​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​ភ្លាម​កីឡាករ Antoine Pinto បាន​លុតជង្គង់​ថ្វាយបង្គំ​កីឡាករ សេន ប៊ុ​ន​ថេ​ន តែ​ម្ដង ដែល​មាន​ន័យ​ថា លោក​ជា​សិស្ស​ប្អូន​បង្ហាញ​ការ​គោរព​ចំពោះ​សិស្ស​ច្បង និង​មាន​ន័យ​មួយ​ផ្នែក​ទៀត​ថា ពិតជា​សំណាង​ខ្លាំង​ណាស់​ដែល​អាច​ឆ្លង​ផុត​កណ្ដាប់ដៃ​របស់​ប៊ុ​ន​ថេ​ន ដោយ​មិន​មាន​គ្រោះថ្នាក់ ។ Pinto ត្រូវ​គណៈកម្មការ​ប្រកាស​ថា​ឈ្នះ​ពិន្ទុ​កីឡាករ សេន ប៊ុ​ន​ថេ​ន ដែល​លទ្ធផល​នេះ គឺ​ពិតជា​មាន​ន័យ​ខ្លាំង​ណាស់​សម្រាប់​កីឡាករ​រូប​នេះ ។ ទី​មួយ​មាន​ន័យ​ថា Antoine Pinto អាច​ការពារ​មិន​ឲ្យ សេន ប៊ុ​ន​ថេ​ន សងសឹក​បាន និង​ទី​២​មាន​ន័យ​ថា លោក​នឹង​បាន​បន្ត​ទៅ​ប្រកួត​ក្នុង​វគ្គ​ចុង​ក្រោយ​ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​ប្រដាល់ Thai Fight 2014 ដែល​ជា​ឱកាស​ដណ្ដើម​យក​ទាំង​ជើងឯក និង​ទទួល​បាន​ទាំង​ទឹកប្រាក់​ច្រើន​ម៉ឺន​ដុល្លារ ។ ការ​ប្រកួត​កាលពី​ខែសីហា គ្រាន់តែ​ជា​ឆាកប្រយុទ្ធ​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​ក្នុង​តំបន់​អាស៊ី និង​កីឡាករ​មក​ពី​ទ្វីបអឺរ៉ុប​គឺ Antoine Pinto ប៉ុណ្ណោះ ដោយ​អ្នក​ឈ្នះ និង​ចាញ់ គឺ​មិនសូវ​សំខាន់​ប៉ុន្មាន​ទេ ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​កាលពី​ម្សិលម្ង៉ៃ​វិញ អ្នក​ឈ្នះ​គឺ​មានឱកាស​ព្រម​គ្នា​តែ​ម្ដង ក្នុង​ការ​ដណ្ដើម​យក​ជើងឯក​ប្រចាំ ឆ្នាំ​ផង និង​ប្រាក់​ម៉ឺន​ដុល្លារ​ផង ។

យោង​តាម​ការ​ប្រកាស​របស់​គណៈកម្មការ​ប្រដាល់​ថៃ ដែល​បកប្រែ​ដោយ​អ្នក​អត្ថាធិប្បាយ​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥ ក្នុង​ពេល​បន្ត​ផ្ទាល់​បាន​បញ្ជាក់​ថា កីឡាករ​ដែល​ឈ្នះ​ការ​ប្រកួត​សម្រាប់​ព្រឹត្តិការណ៍​នៅ​យប់​ថ្ងៃ​២២ វិច្ឆិកា នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ឈ្នះ​នៅ​ចុងខែ​ធ្នូ ម្ដងទៀត ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍ Thai Fight 2014 មុន​នឹង​ឈាន​ធ្វើការ​ជ្រើសរើស​អ្នក​ខ្លាំង​សម្រាប់​ឆ្នាំ​២០១៥​ខាង​មុខ​ទៀត ។ ពិធីករ​កម្ពុជា​ដែល​ជា​អ្នក​អត្ថាធិប្បាយ​បាន​បកប្រែ​សេចក្ដី​ប្រកាស​ពី​ព្រឹត្តិការណ៍​នេះ​ថា កីឡាករ​ដែល​ឈ្នះ​ពី​ការ​ប្រកួត មិន​ត្រឹមតែ​អាច​ទៅ​ប្រកួត​ជាមួយ​អ្នក​ឈ្នះ​សម្រាប់​ខែ​ក្រោយ ដណ្ដើម​យក​តំណែង​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​រៀងខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ន័យ​ថា ពួក​គេ​បាន​ឈាន​ដល់​វគ្គ​ប្រកួត​ដែល​មាន​តម្លៃ​ខ្លួន​ប្រមាណ​ជា​៣​ម៉ឺន​ដុល្លារ ដោយ​សូ​ម្បី​តែ​ចាញ់​ការ​ប្រកួត​នៅ​វគ្គ​ចុង​ក្រោយ​នោះ​ផង​ដែរ ។ អ​ញ្ចឹ​ង​ហើយ ទើប​មហាជន​ខ្មែរ​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល សេន ប៊ុ​ន​ថេ​ន ក្រៅពី​មិន​អាច​សងសឹក Antoine Pinto ក៏​ត្រូវ​បាត់​ទាំង​ឱកាស​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ និង​បាត់​ឱកាស​ឡើង​ប្រកួត​យក​ប្រាក់​កម្រៃ​ដល់​៣​ម៉ឺន​ដុល្លារ​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ។ យ៉ាងណា​ក៏​ដោយ សេន ប៊ុ​ន​ថេ​ន ក៏​ទទួល​បានការ​ថ្វាយបង្គំ​លុតជង្គង់​ពី​សំណាក់ Antoine Pinto ក្រោយ​ការ​ប្រកួត​ចប់​ភ្លាម​ៗ ដោយសារ​តែ​លោក​ប៊ិះ​នឹង​ធ្វើ​ឲ្យ Pinto សន្លប់​លើ​រេញ​នៅ​ទឹក​ចុង​ក្រោយ​នោះ​ផង​ដែរ ។ ការ​ប្រកួត​លើក​នេះ សេន ប៊ុ​ន​ថេ​ន បាន​ពាក់​ក្រមា​ធ្វើ​ជា​ឈ្នួត​ក្បាល​ដូច​ខែ​មុន ហើយ​លោក​ក៏​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្មែរ​អស់ចិត្ត ព្រោះតែ​ប៊ិះ​ធ្វើ​ឲ្យ Pinto​ឆ្លង​ទៅ​កាន់​វគ្គ​ចុង​ក្រោយ​មិន​បាន ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​គេ​ឃើញ​ប្រមូលផ្ដុំ​ដោយ​អ្នក​ទស្សនា​កកកុញ​នៅ​ជុំវិញ​សង្វៀន​ស្ថិត​នៅ​ខេត្ត​ខុន​កែន រហូត​ដល់​រាប់​ម៉ឺន​នាក់ ខណៈ​ដែល​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​កម្ពុជា ប៉ុស្ដិ៍​ថៃ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី ក៏​មាន​ផ្សាយ​ផ្ទាល់ ដែល​ជួយ​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​តំណាង​របស់​កម្ពុជា គឺ​សេន ប៊ុ​ន​ថេ​ន បើ​ទោះជា​លទ្ធផល​លើក​នេះ បាន​ត្រឹម​ចាញ់​ពិន្ទុ​ម្ដងទៀត​ក្តី ៕