ខេត្តកំពង់ចាម ៖ រថយន្តពណ៌ត្រេអ៊ី១គ្រឿង ពាក់ស្លាកលេខបាត់ដំបង3A-1114 ដឹកទំនិញរាប់តោនចេញពីព្រំដែនប្រទេសវៀតណាម បានកិនលោកយាយម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុជាង៨០ឆ្នាំ
ដាច់ជើង និងដៃស្តាំបណ្តាលឲ្យស្លាប់ភ្លាមៗ យ៉ាងអណោចអាធម៌ ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរដ៏រន្ធុតនេះ កើតឡើងនៅវេលា ម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី៣ វិច្ឆិកា ២០១៤ លើផ្លូវជាតិលេខ៧ ត្រង់ភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ។ ចំណែកអ្នកបើកបររថយន្ត ភ័យស្លន់ស្លោរ រត់គេចខ្លួនបាត់ផងដែរ ។
តាមមន្ត្រីនគរបាលចរាចរស្រុកព្រៃឈរ ប្រាប់ឲ្យដឹងថា ៖ លោកយាយមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរអែបខាងស្តាំដៃតាមថ្នល់ជាតិ ក្នុងទិសដៅពីកើតមកលិច ដោយស្ពាយកាបូបមួយ ក៏ត្រូវបានរថយន្តដឹក
ទំនិញធុនយក្ស បើកស្របទិសគ្នាមកកិន បណ្តាលឲ្យស្លាប់មួយរំពេច។
មូលហេតុត្រូវបានដាក់ការសង្ស័យមកពីអ្នកបើកបរងងុយដេក ។ មន្ត្រីនគរបាលចរាចរបានប្រាប់បន្តថា នៅពេលដែលអ្នកបើកបររថយន្តដឹង កិនមនុស្សស្លាប់ហើយនោះបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តចោលនៅកន្លែងកើតហេតុ តាមរយៈមនុស្សម្នាដែលបានមកមើលព្រងព្រាតនោះ មិនមានអ្នកណាម្នាក់បានស្គាល់ អត្តសញ្ញាណលោកយាយស្ថិតក្នុងវ័យជាង៨០ផ្លាយឆ្នាំ រស់នៅទីណាឡើយ ។ តែតាមការស្រាវជ្រាវរបស់ជំនាញសមត្ថកិច្ចគ្រាន់តែដឹងថា លោកយាយជាញឹកញាប់ បានដើរមកសុំទានគេឯង នៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ក្រោយពីបានលុយហើយនោះគាត់ បានទៅសំរាកនៅវត្តមួយក្នុងស្រុកព្រៃឈរ ជាបណ្តោះអាសន្ត ។
សពលោកយាយត្រូវបានបង្កើតគណៈកម្មការចំរុះមួយ ដោយបានយកទៅតំកល់នៅវត្តត្រពាំងក្រោលរងចាំមើលក្រែងមានសាច់ញាតិណាម្នាក់មកសួរនាំ ប្រសិនបើមិនឃើញទេនោះនឹងបូជាទៅតាមប្រពៃណីខ្មែរដាក់ធាតុនៅនឹងវត្តនេះតែម្តង ។
លោកវរសេនីយ៏ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ ប្រាប់ឲ្យដឹងដែរថា រថយន្តដឹកទំនិញធុនយក្សដែលបានកិនលោកយាយខាងលើស្លាប់ ជារបស់ក្រុមហ៊ុន ហាក់ ម៉ៅ ក្រោយពីហេតុការណ៏ រថយន្តត្រូវបាននាំមកដាក់ នៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីដោះស្រាយតាមច្បាប់៕
ចែករំលែកព័តមាននេះ