ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ស្រុត​ផ្លូវ​កៅ​ស៊ូចូល​ទន្លេ​មេគង្គ​ជម្រៅ​ជាង​១០​ម៉ែត្រ​ លំ​នៅ​ឋាន​នៅ​តាម​ច្រាំង​ទន្លេ​ត្រូវ​បាន​រុះ​រើ​ចេញ​ជា​បន្ទាន់​

10 ឆ្នាំ មុន

ខេត្តក្រចេះ ៖ កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​ជាង​៤០០​ម៉ែត្រ​ដែល​លាតសន្ធឹង​ស្រប​តាម​ច្រាំង​ទន្លេមេគង្គ ក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្ត​បុរី បាន​រង​នូវ​ការ​បាត់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ​ឮ​ដូច​ផ្គរលាន់ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា មិន​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ទេ បុ​៉​ន្តែ​កំពុង​ចោទ​ជា​បញ្ហា​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​វិញ ។ ទោះបីជា​បែប​ណា ផ្ទះ​តូច​ៗ​ដែល​នៅ​តាម​ច្រាំង​ទន្លេ ក៏​រុះ​ចេញ​ជា​បន្ទាន់​ដែរ ។

ខេត្តក្រចេះ ៖ កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​ជាង​៤០០​ម៉ែត្រ​ដែល​លាតសន្ធឹង​ស្រប​តាម​ច្រាំង​ទន្លេមេគង្គ ក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្ត​បុរី បាន​រង​នូវ​ការ​បាត់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ​ឮ​ដូច​ផ្គរលាន់ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា មិន​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ទេ បុ​៉​ន្តែ​កំពុង​ចោទ​ជា​បញ្ហា​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​វិញ ។ ទោះបីជា​បែប​ណា ផ្ទះ​តូច​ៗ​ដែល​នៅ​តាម​ច្រាំង​ទន្លេ ក៏​រុះ​ចេញ​ជា​បន្ទាន់​ដែរ ។

ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​នេះ​ជា​ផ្លូវ​សេសសល់​ពី​សម័យ​សង្គមរាស្ត្រនិយម​មាន​ប្រវែង​ជាង​៣០​គីឡូម៉ែត្រ ភ្ជាប់​ទីរួមខេត្ត​ក្រចេះ​ឆ្ពោះទៅ​កាន់​ស្រុក​សំបូរ ដែល​មា​នទី​តាំងនៅ​ស្រប​មាត់ច្រាំង​ទន្លេមេគង្គ និង​ជា​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​តំបន់​រមណីយដ្ឋាន​ធំ​ៗ​មួយ​ចំនួន​ក្នុង​ខេត្ត​ដូច​ជា រមណីយដ្ឋាន​តំបន់​ទេសចរណ៍​អន្លង់​ផ្សោត រមណីយដ្ឋាន​ទឹក​ជួរ ទន្លេមេគង្គ​កាំ​ពី និង​ព្រះ​វិហារ​វត្ត​សសរ​១០០ ។ ទីតាំង​ផ្លូវ​កៅស៊ូ​ដែល​រង​នូវ​ការ​បាក់​ស្រុត​មួយ​កន្លែង​នេះ ជាទី​តាំង​លក់​ក្រឡាន​ដ៏​ល្បី​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ថ្ម​គ្រែ ដោយ​ពួក​គាត់​តែង​ដាក់​តុ​តូច​ធំ​លក់​តម្រៀប​ត្រៀបត្រា​នៅ​សងខាង​ផ្លូវ និង​ជា​ចំណតរថយន្ត​របស់​ភ្ញៀវ​ទេសចរ​សម្រាប់​ឈប់​ទិញ​ក្រឡាន​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ ឧប្បត្តិហេតុ​បាន​កើតឡើង​នៅ​ពេល​រសៀល គឺ​មិន​មាន​អ្នកទិញ និង​អ្នកលក់​ក្រឡាន​ច្រើន​ទេ ទើប​ឧប្បត្តិហេតុ​បាក់​ស្រុត​ផ្លូវ​ធ្លាក់​ចូល​ទន្លេ​នេះ​មិន​បង្ក​ការ​យាយី​ធ្ងន់ធ្ងរ​ណាមួយ​ដល់​សុវត្ថិភាព​ពលរដ្ឋ ។

បន្ទាប់​ពី​មាន​ឧប្បត្តិហេតុ​ភ្លាម​ៗ កងកម្លាំង​នគរបាល​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ដល់ទី​តាំង​ច្រាំង​ដែល​បាក់​នេះ ដោយ​ដាក់​ពង្រាយ​ខ្សែ​សុវត្ថិភាព និង​បញ្ចៀស​ចរាចរណ៍​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ជិះ​តាម​ផ្លូវ​វាង​ខាងក្រោយ​ភូមិ​វិញ ។ អ្នក​រស់នៅ​ម្តុំ​នោះ​និយាយ​ប្រហាក់ប្រហែល​គ្នា​ថា កន្លង​មក​ច្រាំង​មួយ​កន្លែង​នេះ​បាន​ប្រឈម​នឹង​ការ​បាត់​ស្រុត​បន្តិច​ម្តង​ៗ តែ​មិន​ធ្ងន់ធ្ងរ​ដូច​ពេល​នេះ​ទេ ។ ដោយ​ការ​បាក់​ស្រុត​ផ្លូវ​ច្រាំង​នេះ​ត្រូវ​ពួក​គាត់​អះអាង​ថា បណ្តាល​មក​ពី​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ បូម​ក្រួស​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ពាសពេញ​ទន្លេ​យ៉ាង​អនាធិបតេយ្យ និង​តាម​មាត់ច្រាំង​នៅ​ជុំវិញ​ទីប្រជុំជន​ខេត្ត ។ អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា ស្ថានភាព​បាក់​ស្រុត​ផ្លូវជាតិ និង​ច្រាំង​ចូល​ក្នុង​ទន្លេ បាន​ធូរស្រាល​វិញ​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា បន្ទាប់​ពី​មានការ​បាក់​ស្រុត​បន្តិច​ម្តង​ៗ សរុប​មាន​ចម្ងាយ​ជាង​៤០០​ម៉ែត្រ និង​ខូចខាត​ធ្ងន់ធ្ងរ​ជាង​១០០​ម៉ែត្រ គឺ​ត្រូវ​បាក់​ស្រុត​ផ្លូវ​ចូល​ក្នុង​ទន្លេ​មាន​ទទឹង​ជាង​១០​ម៉ែត្រ ក្នុង​នោះ​លំនៅ​ឋាន​តូច​ធំ​ដែល​តាំង​លំនៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ​ចំនួន​៧​គ្រួសារ​ត្រូវ​បាន​រុះរើ​ចេញ​ជា​បន្ទាន់​ផង​ដែរ ។

លោក​វរសេនីយ៍ឯក ហន ប៉ូច ស្នងការ​រង​កណ្តាល​សណ្តាប់ធ្នាប់​ខេត្ត​ឱ្យ​ដឹង​ថា ក្រោម​បទបញ្ជា​របស់​លោក​អភិបាលខេត្ត និង​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​នគរបាល​ចំណុះ​ឱ្យ​ស្នងការដ្ឋាន​ចំនួន​ជាង​១០០​នាក់​ចុះ​ទៅ​ជួយ​រុះរើ​លំនៅ​ឋាន​តូច​ធំ​ដែល​មា​នទី​តាំងនៅ​ជាប់​ច្រាំង​ទន្លេ និង​ងាយ​ប្រឈម​នឹង​ការ​បាក់​ស្រុត​នោះ​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ ។

តប​ទៅ​តាម​សំណូមពរ​របស់​អ្នក​ភូមិ​ដែល​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​សម្រាប់​ប្រើប្រាស់​វិញ លោក​ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា​ថា ចំណុច​ផ្លូវ​ដែល​រង​នូវ​ការ​ខូចខាត​ដោយ​ការ​បាក់​ស្រុត​នេះ គឺ​អាជ្ញាធរ​មិន​អាច​ស្តារ ឬ​ជួសជុល​ឡើង​វិញ​បាន​ទេ ខណៈ​ដែល​ស្ថានភាព​នៃ​ការ​ខូចខាត​គឺ​ធ្ងន់ធ្ងរ និង​ការ​បាក់​ស្រុត​មាន​ជម្រៅ​ជ្រៅ ។ លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា អាជ្ញាធរ​បាន​ត្រៀម​ទីតាំង​ផ្លូវ​វាង​មួយ​ខ្សែ​សម្រាប់​ធ្វើ​ដំណើរ​ជា​ធម្មតា​ជំនួស​ផ្លូវ​ដែល​បាត់​ស្រុត​ចូល​ទន្លេ​នេះ ហើយ​ក៏​នឹង​ចាប់ផ្តើម​ឈូស​ឆាយ​នៅ​ថ្ងៃ​៣ វិច្ឆិកា នេះ​តែ​ម្តង ៕