ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​ស្តី​ពី​ការ​យល់​ដឹង​ការ​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​អគ្គនាយកដ្ឋាន​កីឡា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ តុលា សហការ​ជាមួយ​អង្គការ WADA SEARADO និង JADA បាន​រៀប​ចំ​សិក្ខាសាលា​ស្តី​ពី​ការ​យល់​ដឹង​ការ​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា ក្នុង​វិស័យ​កីឡា​ដល់​អ្នក​ពាក់ព័ន្ធ​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង និង​បង្ហាត់​ក្រុម​ជម្រើស​ជាតិ ជា​ពិសេស​កីឡាករ​-​កីឡាការិនី​ដែល​ជា​អ្នកចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ ។

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​អគ្គនាយកដ្ឋាន​កីឡា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ តុលា សហការ​ជាមួយ​អង្គការ WADA SEARADO និង JADA បាន​រៀប​ចំ​សិក្ខាសាលា​ស្តី​ពី​ការ​យល់​ដឹង​ការ​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា ក្នុង​វិស័យ​កីឡា​ដល់​អ្នក​ពាក់ព័ន្ធ​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង និង​បង្ហាត់​ក្រុម​ជម្រើស​ជាតិ ជា​ពិសេស​កីឡាករ​-​កីឡាការិនី​ដែល​ជា​អ្នកចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ ។

អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ​មាន​លោក​ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក Gobi Nathan Nair នាយក​ប្រតិបត្តិ​អង្គការ WADA SEARADO ដោយ​មានការ​ចូលរួម​ពី​លោក Yaya Yamamoto ប្រធាន​ជាន់ខ្ពស់​អង្គការ JADA អនុរដ្ឋលេខាធិការ អគ្គនាយក​កីឡា ប្រធាន​-​អនុប្រធាន​នាយកដ្ឋាន ប្រធាន​-​អនុប្រធាន​សហព័ន្ធ គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនី​ជា​ច្រើន​រយ​នាក់ ។ លោក​បុ​៉​ន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បានឱ្យ​ដឹង​ថា សិក្ខាសាលា​នេះ​មាន​រយៈពេល​៣​ថ្ងៃ​ដែល​មាន​សិក្ខាកាម​សរុប​ចំនួន​៣៧២​នាក់ ចែក​ចេញ​ជា​២​ក្រុម គឺ​ចាប់ពី​ថ្ងៃ​ទី​២១-២២ ខែតុលា ឆ្នាំ​២០១៤ សម្រាប់​មន្ត្រី​គ្រប់គ្រង មន្ត្រី​ជំនាញ​សហព័ន្ធ​កីឡា​ទាំង​២១ អនុរក្ស​-​គ្រូបង្វឹក គ្រូ​ជំនួយ​សរុប​១០១​នាក់ ។ រីឯ​ថ្ងៃ​ទី​២៣ តុលា ២០១៤ គឺ​សម្រាប់​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​សរុប​២៧១​នាក់ ។

លោក​បុ​៉​ន សុខ បានឱ្យ​ដឹង​ទៀត​ថា គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ចង់ឱ្យ​សិក្ខាកាម​ទាំងអស់​ចូលរួម​ចំណែក​អប់រំ​ពង្រឹង​ការ​ការពារ​សុខភាព និង​សុវត្ថិភាព ការ​ប្រកួត​កីឡា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា និង​ឈាន​ដល់​ការ​លុប​បំបាត់​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ឱ្យ​បានជា​ទូទៅ សំដៅ​លើក​ស្ទួយ​កិត្តិយស​ជាតិ​លើ​ឆាក​អន្តរជាតិ ។ សូម​បញ្ជាក់​ផង​ដែរ​ថា គ្រូ​ឧទ្ទេសនាម​ដែល​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​មាន លោក Gobi Nathan Nair នាយក​ប្រតិបត្តិ​អង្គការ WADA SEARADO លោក Yaya Yamamoto ប្រធាន​ជាន់ខ្ពស់​អង្គការ JADA លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ស្តើង ជា មន្ត្រី​វេជ្ជសាស្ត្រ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​, លោកស្រី​វេជ្ជបណ្ឌិត ហួត ចាន់​ធានី អនុប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ និង​លោក​អិ​ុ​ត ឡេ​ង ប្រធាន​ការិយាល័យ​ទីភ្នាក់ងារ​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា​នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ។ បទ​បង្ហាញ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ ការ​បង្កើត​ទីភ្នាក់ងារ​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​, ទស្សនៈ​ទូទៅ និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ចំពោះ​ការ​ប្រឆាំង​ដូ​ប៉ា​, គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​, ការ​ផ្តល់​ព័ត៌មាន​ឱ្យ​មាន​ប្រសិទ្ធភាព និង​ច្បាប់​ប្រឆាំង​ដូ​ប៉ា​, ការ​លើកលែង​ប្រើប្រាស់​ចំពោះ​ការ​ព្យាបាល​, ការ​ពិនិត្យ​សារធាតុ​ដូ​ប៉ា​, ការ​ណែនាំ​អំពី​ការ​អប់រំ និង​ការ​ផ្តល់​ព័ត៌មាន WADA Webpage and NADO Webpage និង​កម្មវិធី​បែងចែក​ព័ត៌មាន និង​ការ​អប់រំ​របស់​ជ​បុ​៉​ន ។

លោក​ស៊ា​ន បូ​រ៉ាត បាន​មាន​ប្រសាសន៍​ថា សកម្មភាព​កន្លង​មក ក៏​ដូច​ជា​ក្នុង​ពេល​បច្ចុប្បន្ន ក្រសួង​អប់រំ យុវជន និង​កីឡា តែងតែ​គិតគូរ និង​យកចិត្តទុកដាក់​ជា​ប្រចាំ​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​តាម​រយៈ​ការ​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​ការ​បើក​វគ្គ​បំប៉ន​សមត្ថភាព​ជំនាញ​ជា​ច្រើន​ទៀត ។ ជា​ពិសេស​គឺ​ការ​បញ្ជូន​មន្ត្រី​ជំនាញ​កីឡា​ឱ្យទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជា​លក្ខណៈ​អន្តរជាតិ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​មាន​សក្តានុពល និង​មាន​ប្រសិទ្ធ​ផល​កីឡា​ខ្ពស់​ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ៗ និង​បទ​ពិសោធ​ល្អ​ៗ​បន្ថែម​ទៀត​ក្នុង​ទិស​ដៅ​ជំរុញ​វិស័យ​កីឡា​ជាតិ​របស់​យើង​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន ។ លទ្ធផល​វិជ្ជមាន​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់ និង​ប្តេជ្ញា​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​ឱ្យ​វិស័យ​កីឡា​កាន់តែ​មាន​លទ្ធផល​ល្អ​ប្រសើរ​នា​ថ្ងៃ​អនាគត ។

លោក​សង្ឃឹមថា ចំណេះដឹង និង​បទ​ពិសោធ​ដែល​ទទួល​បាន​ពី​អង្គ​សិក្ខាសាលា​នេះ គឺ​ពិតជា​បាន​រួមចំណែក​ក្នុង​ការ​តម្រង់​ទិស និង​ជា​ត្រីវិស័យ​ដ៏​សំខាន់​សម្រាប់​ការ​ដឹកនាំ​គ្រប់គ្រង និង​ការ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ដោយ​ទទួល​បាន​នូវ​លទ្ធផល​វិជ្ជមាន​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​នូវ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​កិត្យានុភាព​ជាតិ​លើ​ឆាក​ជាតិ និង​អន្តរជាតិ​យ៉ាង​ពិតប្រាកដ ៕