រាជធានីភ្នំពេញ ៖ ជនសង្ស័យវាយប្លន់យកម៉ូតូម្នាក់ ក្នុងចំណោមពីរនាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានក្រោយពេលធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះពីរនាក់បងប្អូន ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង១០ នាទីយប់ ថ្ងៃទី១៩ តុលា ២០១៤ នៅចំណុចក្រោយវត្តវង្គតបូរី តាមផ្លូវ២០០២ ស្ថិតក្នុងភូមិផ្សារទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យមានឈ្មោះឈូក សុខា អាយុ២៧ឆ្នាំ ទើបចេញពីពន្ធធនាគារបាន៦ខែ និងស្នាក់ផ្ទះជួលក្បែរកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះទី១,ឈ្មោះ ឡេង រិទ្ធភេទប្រុស អាយុ២៤ឆ្នាំ និងជនរងគ្រោះទី២.ឈ្មោះ ឡេង នី ភេទស្រី អាយុ២៥ឆ្នាំ ។ ជនរងគ្រោះជាបងប្អូនគ្នា មានមុខរបរជាកម្មកររោងចក្រ និងស្នាក់នៅបន្ទប់ជួល ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីជនរងគ្រោះទាំងពីរនាក់បងប្អូនបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូនបានជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1AA-3454 ទៅទិញម្ហូបដោយប្អូនប្រុសជាអ្នកឌុប ហើយបងស្រីជិះពីក្រោយ ខណៈជិះម៉ូតូបានជិត២គីឡូម៉ែត្រស្រាប់តែម៉ូតូបែកកង់ ហើយជនរងគ្រោះពីរនាក់បងប្អូនក៏នាំគ្នាបណ្តើរម៉ូតូមកដល់ក្រោយវត្តវង្គតបូរី ដើម្បីរកជាងប៉ះ។ ពេលនោះក៏មានជនសង្ស័យពីរនាក់ដើរមកស្ទាក់ផ្លូវ ហើយបានថាឱ្យជនរងគ្រោះជាចោរលួចម៉ូតូគេ បន្ទាប់មកជនសង្ស័យបានវាយទៅលើជនរងគ្រោះជាប្អូនបួន ប្រាំដៃកណ្តាលមុខ ជនរងគ្រោះទ្រាំមិនបានក៏បានវាយតដៃទៅវិញ តែវាយមិនឈ្នះជនសង្ស័យនោះទេ ក៏សម្រេចចិត្តនាំបងប្អូនរត់ចោលម៉ូតូគេចចេញពីក្រុមជនសង្ស័យ។
បន្ទាប់ពីជនរងគ្រោះរត់អស់ហើយនោះក្រុមជនសង្ស័យបានជិះម៉ូតូជនរងគ្រោះយកទៅលាក់ទុកនៅក្នុងផ្ទះជួលក្បែរកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះវិញបន្ទាប់ពីរត់គេចខ្លួនពីក្រុមជនសង្ស័យនោះក៏បានទៅជួបប្រទះជាមួយនិងនគរបាលកំពុងជិះម៉ូតូល្បាតក្នុងតាមមូលដ្ឋានក៍មានការភ្ញាក់ផ្អើល ហើយនគរបាលក៏បានចេញតាមចាប់ជនសង្ស័យភ្លាមៗតែម្តង ។ ដោយសារតែម៉ូតូរបស់ជនរងគ្រោះបែកកង់នោះធ្វើឱ្យសមត្ថកិច្ចស្រួលកំណត់មុខសញ្ញា ដោយសមត្ថកិច្ចបានធ្វើការសាកសួរប្រជាពលរដ្ឋតាមផ្លូវ ពេលនោះប្រជាពលរដ្ឋក៏ប្រាប់ថាឃើញជនសង្ស័យ ជិះយកចូលទៅក្នុងបន្ទប់ជួលហើយ ។ គ្រាន់តែទទួលបានព័ត៌មានភ្លាមនោះកម្លាំងនគរបាលក៏បានចូលទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងដកយកម៉ូតូរបស់ជនរងគ្រោះមកវិញ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបាននគរបាលបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ