រាជធានីភ្នំពេញ៖ បុរសម្នាក់បានត្រូវសមត្ថកិច្ចចម្រុះឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ តុលា ២០១៤ នៅហាងកាហ្វេដាលីន ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ពាក់ព័ន្ឋនឹងការសម្លាប់នារីម្នាក់ជានិស្សិតឆ្នាំទី១នៃវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និង មានជាប់ពាក់ព័ន្ឋនឹងករណីជួញដូរគ្រឿងញៀនផងដែរ ។
សេចក្តីរាយការណ៍បានបញ្ជាក់ឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១៤តុលា ជនសង្ស័យឈ្មោះ ហុង កាលីឌីន អាយុ២៧ឆ្នាំ បានត្រូវប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បាននំាជនសង្ស័យមកឆែកឆេរនៅផ្ទះរបស់ខ្លួនលេខ ១០៤ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីរកវត្ថុតាងពាក់ព័ន្ឋនឹងការជួញដូរគ្រឿងញៀន និងករណីរំលោភធ្វើទារុណកម្មសម្លាប់ស្រ្តីជានិស្សិតខាងលើ ។
គួររំលឹកថា ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានឃាតករមិនស្គាល់មុខរំលោភរួចធ្វើទារុណកម្មជាំពេញខ្លួនប្រាណរហូតដល់ស្លាប់ ហើយដឹកសពយកទៅទម្លាក់ចោលនៅក្នុងទឹកទន្លេ មុខសាលាបឋមសិក្សាជ្រោយចង្វា ខាងត្បូងស្ពានជ្រោយចង្វាប្រហែលកន្លះគីទ្បូម៉ែត្រ ស្ថិតក្នុងភូមិទី២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ ហេតុការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលទ្បើងកាលពីម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី០៧ តុលា នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរទៅហាត់ប្រាណប្រទះឃើញសពអណ្តែតទឹក ។
ដំបូងឡើយសពស្ត្រីរូបនេះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនៅទ្បើយទេ មានអាយុប្រហែលជិត២០ឆ្នាំ ស្លៀករ៉ូបរាត្រីពណ៌ទឹកប៊ិក អណ្តែតផ្កាប់មុខចម្ងាយប្រមាណ៣ម៉ែត្រពីច្រាំងទន្លេ ។ មន្ត្រីនគរបាលប៉ុស្តិ៍ជ្រោយចង្វាបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ តុលានោះ មានអ្នកហាត់ប្រាណបានទៅឈប់ឈរលេងនៅក្បែរបង្កាន់ដៃច្រាំងទន្លេ ក៏ប្រទះឃើញសពស្ត្រីម្នាក់នោះអណ្តែតទឹកផ្កាប់មុខ ។ មុនដំបូងអ្នកហាត់ប្រាណរូបនេះ ស្មានថាជាតុក្កតាអណ្តែតទឹក លុះក្រោយមកទើបដឹងថា ជាសពស្ត្រីវ័យក្មេងម្នាក់ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នាគ្រប់គ្នាតែម្តង ។
នាព្រឹកនោះ នៅមាត់ច្រាំងទន្លេពោរពេញទៅដោយមនុស្សម្នាត្រៀបត្រា មកចោមរោមមើល ហើយសមត្ថកិច្ចនិងអាជ្ញាធរក៏បានចាត់ចែងស្រង់សព ដោយជួលទូកអូសតាមទឹកយកទៅកាន់ឈាបនដ្ឋានវត្តប្រជុំសាគរ ហៅវត្តថ្មី ដើម្បីត្រួតពិនិត្យសពនៅទីនោះ ។ បុរសខ្មែរអ៊ិស្លាមម្នាក់បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីយប់ ថ្ងៃទី៥ តុលា នៅពេលរូបគាត់ទៅរាំលេងកម្សាន្តនៅរង្គសាលមេគង្គតាមផ្លូវជាតិលេខ៥ បានប្រទះឃើញស្ត្រីរូបនោះ រួមជាមួយមិត្តភក្តិទាំងអស់៦នាក់ ក្នុងនោះមានភេទទី៣ម្នាក់ផង ចូលរាំលេងនៅក្នុងក្លិបនោះដែរ ។ លុះរំលងបានមួយយប់ នៅព្រឹកថ្ងៃទី៧ តុលា ស្រាប់តែប្រទះឃើញស្ត្រីរូបនេះ ក្លាយជាសពអណ្តែតទឹកទៅវិញ ។
តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចបង្ហាញថា ស្ត្រីរូបនេះទើបតែស្លាប់ថ្មីៗ មានស្នាមជាំពេញដងខ្លួន ហើយប្រដាប់ភេទមានទឹកកាមដែរ ។ ប្រសិនបើលង់ទឹក ច្បាស់ជាផឹកទឹកពេញពោះហើយ តែសពគ្មានសញ្ញាបែបនេះទេ គឺមានន័យថា ត្រូវគេសម្លាប់រួចយកមកទម្លាក់ទឹក ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ស្ត្រីរូបនេះ អាចត្រូវបុរសដែលជាឃាតករ និងត្រូវអាចជាប្រុសស្នេហ៍នាំនាងទៅរួមរ័កនៅកន្លែងណាមួយហើយវាយធ្វើទារុណកម្មជាំពេញខ្លួន រហូតដល់ស្លាប់ ក៏ដឹកសពយកទៅទម្លាក់ទឹកតែម្តង ។ តាមរយៈការរកឃើញទឹកកាមនៅក្នុងប្រដាប់ភេទ ឃាតករអាចវាយធ្វើបាបរហូតដល់ស្លាប់ រួចរំលោភសេពសន្ថវៈរហូតបានសម្រេច ទើបដឹកសពយកទៅបោះចោលក្នុងទឹក ។
សពស្ត្រីរូបនេះ អាចត្រូវបានឃាតករដឹកយកទៅបោះចូលក្នុងទឹកទន្លេនៅវេលាប្រមាណពាក់កណ្តាលអធ្រាត្រ ព្រោះតាមស្ថានភាពសពគឺទើបតែស្លាប់ថ្មីៗ ។ ទោះបីជាយ៉ាងណា គេពុំដឹងថា ឃាតករមានគំនុំអ្វីជាមួយនារីរូបនេះទេ ទើបបានជាវាយធ្វើទារុណកម្មយ៉ាងឃោរឃៅជាំពេញខ្លួនប្រាណ រហូតដល់ស្លាប់បែបនេះ ។ ក្រោយមកទើបក្រុមគ្រួសារបានអះអាងថា នារីរងគ្រោះឈ្មោះ សុង ដាវី អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងមានទីលំនៅក្នុងផ្ទះជួលម្តុំផ្សារបា្លហ្សាបឹងត្របែក និងមានស្រុកកំណើតក្នុងភូមិភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ៕
ចែករំលែកព័តមាននេះ