រាជធានីភ្នំពេញ ៖ យោងតាមការស្ទាបស្ទង់ក្រៅផ្លូវការពីសិស្សធ្លាក់បាក់ឌុបចំនួន៥នាក់នៅក្នុងវិទ្យាល័យហ៊ុនសែនសេរីភាព ដែលជាវិទ្យាល័យគំរូប្រចាំខេត្តកណ្ដាល ពាក់ព័ន្ធរឿងឲ្យម្ចាស់មេដាយមាសពី Asia Game នាង ស៊ន សៀវម៉ី ជាប់សញ្ញាបត្រថ្នាក់ទុតិយភូមិ ដោយស្វ័យប្រវត្តិ មាន៣នាក់ សម្ដែងការជំទាស់។ ក្នុងនោះក្រឡេកមើលមតិមហាជនពីខាងក្រៅក៏មានសំឡេងមិនយល់ស្របច្រើនជាងអបអរសាទរផងដែរ។
ក្នុងបណ្ដាញសង្គម Facebook និងក្រុមមហាជន ជាពិសេសក្នុងចង្កោមអ្នកសិក្សាទាំងមូល សុទ្ធតែសម្ដែងមតិផ្សេងៗគ្នា។ ក្រុមអ្នកអបអរសាទរបានលើកឡើងថា នោះជារឿងសមរម្យដោយសារតែនាងបាននាំយកមេដាយមាសជូនជាតិនៅក្នុងព្រឹត្តិការណ៍ Asia Game លើកទី១៧ ដែលកម្ពុជាខកខានមិនបានទទួលរយៈពេល៤៤ឆ្នាំ។ អ្នកយល់ស្របទាំងនោះ បានផ្ដល់ហេតុផលថា បើមិនឲ្យនាងជាប់បែបនេះ គឺទោះជាឲ្យប្រឡងក៏មិនមែនជារឿងស្រួលនោះដែរ ក្នុងពេលដែលនាងមិនមានពេលរៀនត្រៀម និងរវល់ច្រើនតែរឿងហ្វឹកហាត់បែបនេះ។ ក្នុងបទសម្ភាសន៍ជាមួយសិស្សធ្លាក់បាក់ឌុបនឹងប្រឡងលើកទី២ នៅវិទ្យាល័យហ៊ុនសែនសេរីភាព ក្នុងក្រុងតាខ្មៅ ដោយឡែកពីគ្នាចំនួន៥នាក់ មាន២នាក់បានយល់ស្របចំពោះក្រសួងអប់រំដែលឱ្យជាប់ជាស្វ័យប្រវត្តិ ។ យុវជន ទិត្យ កែវតុលា មិត្តរួមថ្នាក់ជាមួយយុវជន ឈីវ សឺសាង ដែលបានទទួលនិទ្ទេស A ប្រចាំវិទ្យាល័យហ៊ុនសែនសេរីភាព បញ្ជាក់តាមទូរស័ព្ទថា ក្រសួងឲ្យ ស៊ន សៀវម៉ី ជាប់ដោយស្វ័យប្រវត្តិមិនមែនជារឿងហួសហេតុនោះទេ ព្រោះបើបណ្ដោយឲ្យនាងទៅប្រឡងដូចបេក្ខជនធម្មតា ក៏មិនបាននោះដែរ ក្នុងពេលដែលនាងជាប់រវល់ហ្វឹកហាត់ច្រើនជាងពេលបំប៉នបែបនេះ។ តុលា បន្តថា បើកីឡាការិនីល្បីម្នាក់ធ្លាក់បាក់ឌុប ហើយគ្មានការគិតគូរនោះអនាគតរបស់នាងក៏ត្រូវបាត់បង់ផងដែរ សម្រាប់ឱកាសចូលសិក្សានៅមហាវិទ្យាល័យ។ យុវជនរូបនេះនិយាយថា «សម្រាប់ខ្ញុំ គឺជារឿងល្អ ព្រោះគាត់ជាបុគ្គលកិត្តិយស អញ្ចឹងការឲ្យជាប់ គឺរឿងសមរម្យ»។
មិនខុសគ្នាប៉ុន្មានពីយុវជនតុលា យុវជន ហ៊ន សុធារិទ្ធិ មកពីខេត្តកណ្ដាលដូចគ្នាបញ្ជាក់ថា ការសិក្សានៅក្នុងមហាវិទ្យាល័យមិនពាក់ព័ន្ធនឹងមុខវិជ្ជានៅថ្នាក់ទុតិយភូមិទាំងស្រុងនោះទេ ដូច្នេះការផ្ដល់ឲ្យ ស៊ន សៀវម៉ី ជាប់ដោយស្វ័យប្រវត្តិ គឺជារឿងល្អប្រសើរ។ សុធារិទ្ធិ និយាយថា «តាមខ្ញុំដឹងទៅសិក្សានៅមហាវិទ្យាល័យមិនមែនពាក់ព័ន្ធគ្រប់មុខវិជ្ជានោះទេ ដូច្នេះខ្ញុំថា ការសិក្សានៅមហាវិទ្យាល័យមិនប៉ះពាល់ទេ សម្រាប់មុខវិជ្ជាខ្លះដែលគាត់ខ្សោយ! »។
ផ្ទុយពីការយល់ឃើញរបស់យុវជនទាំងពីរខាងលើ យុវជន ទូច វុត្ថា ដែលបានប្រឡងធ្លាក់លើកទី១ នៅក្នុងមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្ដាលមួយរូបទៀត បានលើកឡើងថា «វាជារឿងមិនសមរម្យនោះទេ ដែលកីឡាការិនីដ៏ជំនាញផ្នែកតៃក្វាន់ដូ ត្រូវទទួលសិទ្ធិឲ្យជាប់មធ្យមសិក្សាទុតិយភូមិ ដោយមិនបាច់ឆ្លងកាត់ការប្រឡងនោះ។ វុត្ថា បន្ថែមថា បើការប្រកួតនោះ ស្របថ្ងៃគ្នាជាមួយនឹងការប្រឡងបាក់ឌុបលើកទី២ នោះ គួរតែលើកលែងមែន ម្យ៉ាងជំនាញកីឡា និងចំណេះដឹង ដាច់ស្រឡះពីគ្នា ខ្ញុំចង់ឲ្យគាត់មកប្រឡងដូចគេឯង ហើយបើក្រសួងខ្លាចគាត់ធ្លាក់ ក្រសួងគួរតែរកមធ្យោបាយល្អជាងនេះជួយគាត់ គឺមិនគួរឲ្យគាត់ជាប់ដោយមិនបាច់ខំរៀន ខំប្រឡងអញ្ចឹងទេ!»។
មិនខុសគ្នាដែរ បេក្ខនារី ផល្លី រស្មី ដែលប្រឡងធ្លាក់បាក់ឌុបលើកទី១ នៅខេត្តកណ្ដាលដូចគ្នា បាននិយាយថា ភាពរវល់អ្នកណាក៏រវល់ដែរ ព្រោះរូបនាង និងបេក្ខជន បេក្ខនារីខ្លះ ក៏មានបញ្ហាមិនមានពេលរៀនបំប៉នបានដូចគេនោះដែរ។ កញ្ញានិយាយថា «សម្រាប់ខ្ញុំជារឿងមិនសមរម្យនោះទេ ដែលគាត់គ្រាន់តែបានមេដាយមាសក៏មិនបាច់ប្រឡង ចុះបើគាត់អត់បានមេដាយមាស ហើយរវល់អត់ពេលបំប៉នអញ្ចឹងដូចគ្នា តើឲ្យគាត់ជាប់ដោយស្វ័យប្រវត្តិអញ្ចឹងទេ សម្រាប់ខ្ញុំគិតថា គាត់គួរតែប្រឡង ដើម្បីដឹងពីសមត្ថភាពលើកទី២របស់គាត់ ហើយក្រសួងចាំមានគោលការណ៍បន្ថែមពិន្ទុ ឬបំប៉នគាត់ ពេលនោះក៏មិនអាក្រក់មើលដែរ»។
មិនខុសគ្នាដែរបេក្ខជនត្រូវប្រឡងលើកទី២ កុល វុទ្ធី មកពីខេត្តកណ្តាលដូចគ្នា និយាយថា ចំណេះដឹងមិនអាចវាស់ស្ទង់ដោយស្នាដៃក្នុងការប្រកួតកីឡាបានទេ។ វុទ្ធីនិយាយថា «ខ្ញុំអត់យល់ ចុះបើសៀវម៉ី អត់បានមេដាយមាស តើឲ្យគាត់ជាប់អញ្ចឹងទេ ខ្ញុំរឹតតែមិនយល់ទៅទៀត ពេលមានការប្រកាសថា ឲ្យគាត់អាចរៀនមហាវិទ្យាល័យរដ្ឋបានទាំងអស់ដែលគាត់ចង់រៀន អញ្ចឹងមានន័យថា គាត់មិនត្រឹមតែជាប់ដោយស្វ័យប្រវត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺជាប់ស្មើនឹងសិស្សនិទ្ទេស A »។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងមិនខុសពីការជំទាស់នេះដែរ។ លោកថា សម្រាប់សញ្ញាបត្រនៅលើពិភពលោក មិនដែលមានអ្នកណាជាប់ដោយ ស្វ័យប្រវត្តិនោះទេ ក្រសួងគួរតែឲ្យនាងប្រឡងដូចគេដូចឯង ហើយបើក្រសួងចង់ជួយគួរតែរកវិធីផ្សេងពីនេះ មិនគួរប្រកាសដោយបើកចំហបែបនេះទេ ដ្បិតវាអាចទាញទម្លាក់កិត្តិយសរបស់នាងឲ្យធ្លាក់ចុះ ក្នុងនាមជាកីឡាការិនីដ៏ល្បីឈ្មោះម្នាក់បាន។
ក្រៅពីទស្សនៈខាងលើ ការស្ទាបស្ទង់ក្រៅផ្លូវការក៏លេចឮមតិជំទាស់ច្រើនជាងស្របផងដែរ ពិសេសក្នុងចំណោមអ្នកសម្ដែងការចាប់អារម្មណ៍ចំពោះករណីរបស់ ស៊ន សៀវម៉ី លើបញ្ហាជាប់ស្វ័យប្រវត្តិនេះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា លោករស់ សាលីន មានប្រសាសន៍ថា មុនការសម្រេចបែបនេះ គឺក្រសួងបានធ្វើការពិភាក្សាយ៉ាងហ្មត់ចត់។ ហេតុផលនោះ គឺដោយសារតែនាងក្រៅពីទទួលមេដាយមាសពីកីឡាទ្វីបអាស៊ី (Asian Games) ក៏ធ្លាប់លើកទង់ជាតិកិត្តិយសឲ្យកម្ពុជា នៅកីឡាអាស៊ាន (SEA Games) ប្រទសមីយ៉ាន់ម៉ា ផ្នែកតៃក្វាន់ដូផងដែរ។ លោកថា វាជាការស័ក្តិសម ចំពោះស្នាដៃជូនជាតិរបស់នាង ដ្បិតនៅបណ្តាប្រទេសប៉ែកអឺរ៉ុប ក៏មានករណីបន្ថែមពិន្ទុដល់កីឡាករឆ្នើមរបស់គេដូចគ្នានេះដែរ ៕
ចែករំលែកព័តមាននេះ