រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួួយគ្រឿងបើកកៀរម៉ូតូហុងដាឌ្រីមមួយគ្រឿងដែលកំពុងធ្វើដំណើរតាមផ្លូវបណ្តាលឱ្យធ្លាក់យុវជនម្នាក់ពីលើម៉ូតូមកលើផ្លូវហើយត្រូវរថយន្តកុងតឺន័រនោះកិនចំពាក់កណ្តាលខ្លួនស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើករថយន្តបានបន្ថែមល្បឿនបើកគេចខ្លួនដោយសុវត្តិភាព។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ កញ្ញា ២០១៤ នៅចំណុចមុខភោជនីយដ្ឋាន<<សាច់គោអាំង33333 >> តាមផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
យុវជនរងគ្រោះដែលស្លាប់មានឈ្មោះ រ៉ា បូរី អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតជនរងគ្រោះនិងមិត្តភក្រ្ត័មួយក្រុមបានជិះម៉ូតូ៤គ្រឿងមកពីដើរលេងហើយធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។ ដោយយុវជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CL-8486 ហើយមិត្តភក្ត្រ័ជាអ្នកបើក ដោយធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត មកចំណុចកើតហេតុក៏ត្រូវរថយន្តកុងតឺន័រមួយគ្រឿងបើកមកពីក្រោយយ៉ាងលឿនស្របទិសគ្នាបើកមកកៀរម៉ូតូយុវជនរងគ្រោះបណ្តាលឱ្យយុវជនរងគ្រោះដែលជិះពីក្រោយ ធ្លាក់ពីលើម៉ូតូមកលើផ្លូវហើយត្រូវបានរថយន្តកុងតឺន័រនោះកិនពាក់កណ្តាលខ្លួនស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។
ក្រោយពេលកើតហេតុមិត្តភក្រ្ត័ជនរងគ្រោះបានជិះម៉ូតទៅប្រាប់សមត្ថកិច្ចនៅមូលដ្ឋានស្ពានព្រះមុនីវង្សដើម្បីឱ្យជួយឃាត់រថយន្តកុងតឺន័របង្កនោះតែសមត្ថកិច្ចអត់ឃើញដេញឃាត់ ពេលនោះអ្នកបើករថយន្តតឺន័របានបន្ថែមល្បឿនបើកគេចខ្លួន បាត់ស្រមោលតែម្តង ចំណែកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ