ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​វ៉ា​ត់ ចំរើន បកស្រាយ​ច្បាប់​ប្រកួត​បស់ MMA ក្រោយ​ការរិះគន់​លើ​ការ​កាត់ក្តី​ឱ្យ ឌុន សំអាង ឈ្នះ​លើក​ពាន Grand Prix

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​ផ្តល់​ជ័យជម្នះ​ទៅ​ឱ្យ​កីឡាករ​ឌុន សំអាង បាន​លើក​ពាន Grand Prix នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ស្ថាប័ន ONE FC ក្នុង​ព្រឹត្តិការណ៍ Rice of The Kingdom កាលពី​រាត្រី​ថ្ងៃ​ទី​១២ កញ្ញា នៅ​សាល​មហោស្រព​កោះ​ពេជ្រ​រួច​មក បាន​លេច​ចេញ​នូវ​មតិ​រិះគន់​យ៉ាង​ចាស់ដៃ​ថា ការ​កាត់​សេច​ក្តី​មិន​មាន​ភាព​យុត្តិធម៌ ហើយ​ថា​កីឡាករ​ឌុន សំអាង មិន​សម​នឹង​ទទួល​បាន​ពាន​នោះ​ទេ ។

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​ផ្តល់​ជ័យជម្នះ​ទៅ​ឱ្យ​កីឡាករ​ឌុន សំអាង បាន​លើក​ពាន Grand Prix នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ស្ថាប័ន ONE FC ក្នុង​ព្រឹត្តិការណ៍ Rice of The Kingdom កាលពី​រាត្រី​ថ្ងៃ​ទី​១២ កញ្ញា នៅ​សាល​មហោស្រព​កោះ​ពេជ្រ​រួច​មក បាន​លេច​ចេញ​នូវ​មតិ​រិះគន់​យ៉ាង​ចាស់ដៃ​ថា ការ​កាត់​សេច​ក្តី​មិន​មាន​ភាព​យុត្តិធម៌ ហើយ​ថា​កីឡាករ​ឌុន សំអាង មិន​សម​នឹង​ទទួល​បាន​ពាន​នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​បែប​នេះ លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ចេញ​មុខ​មក​បកស្រាយ និង​ពន្យល់​ថា គោល​ការណ៍​​ច្បាប់​របស់ MMA មើលទៅ​ត្រឹមត្រូវ​ទៅ​តាម​ក្បួន​ក្នុង​ស្ថាប័ន ONE FC ដែល​គេ​មិន​ចង់ឱ្យ​ការ​វាយ​គ្នា​ក្នុង​ទ្រុង​នោះ​បញ្ចេញ​សកម្មភាព​ហិង្សា ឬ​ក៏​សាហាវព្រៃផ្សៃ​ពេក​នោះ​ទេ ។

លោក​បន្ត​ថា គ្រប់​កីឡាករ​ដែល​ចេះ​ក្បាច់គុន​ចម្រុះ​ច្រើន គឺ​អាច​ចូលរួម​ប្រកួត​បាន ប៉ុន្តែ​ចំពោះ​មូលដ្ឋាន​សំខាន់​ជាងគេ​នោះ​មាន​តែ​២​ប៉ុណ្ណោះ គឺ​វ៉ៃ​ជំហរ​ខ្ពស់ និង​ច្បាប់ រីឯ​ជំហរ​ទាប​វិញ មាន​ន័យ​ថា ពេល​កីឡាករ​ម្នាក់​ដួល តាម​ច្បាប់ MMA មិន​អនុញ្ញាត​ឱ្យ​កីឡាករ​ភាគី​ម្ខាង​ទៀត​យក​ជើង (​បាត ឬ​កែងជើង​) ធាក់​លើ​មុខ​គូប្រកួត​នោះ​ទេ បើ​ទាត់​បាន ប៉ុ​ន្តែ​ការ​ចាប់​គូប្រកួត​ខ្លួន​បុក​គ្រឹះ ក៏​មិន​បាន​ដែរ ។

នៅ​ក្នុង​បទបញ្ជា​ការ​ប្រកួត​របស់ ONE FC ស្រ​ដៀង​គ្នា​នឹង​បទបញ្ជា​ការ​ប្រកួត​របស់ UFC ដែរ គឺ​ច្បាប់​ប្រកួត​សំខាន់​បំផុត​ហាម​វាយ​កន្លែង​ណា​ដែល​អាច​ធ្វើ​ឱ្យ​ពិការ ឬ​គ្រោះថ្នាក់​ខ្លាំង​។ គេ​ហាម​ពេល​កីឡាករ​ណា​ម្នាក់​ប្រើ​បច្ចេកទេស​ចាប់​ឃ្លេ​គូប្រកួត​របស់​ខ្លួន​ជាប់​ហើយ​នោះ អាជ្ញាកណ្តាល​នឹង​បញ្ឈប់​ការ​ប្រកួត​ភ្លាម មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ ខុស​ប្លែក​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ ដូច​ជា​កីឡាប្រដាល់​ក្តី គឺ​គណៈកម្មការ​បណ្តោយ​ឱ្យ​សន្លប់​សិន ឬ​ក៏​រាប់​ថា កីឡាករ​អាច​បន្ត​ទៀត​បាន​ឬ​អត់ ទើប​ចាប់​ចេញ ឬ​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង ។ ប៉ុ​ន្តែ​ចំពោះ​ច្បាប់​របស់ ONE FC គឺ​មាន​លក្ខណៈ​ពិសេស​ដោយ​គេ​មើលទៅ​លើ​ការ​ប្រកួត​របស់​កីឡាករ​នីមួយ​ៗ បើ​ខុស​លក្ខណៈ​បច្ចេកទេស​ណាមួយ គេ​នឹង​ផ្អាក​ការ​ប្រកួត ។ ជាក់ស្តែង​ក្នុង​ការ​ប្រកួត​កាលពី​រាត្រី​ថ្ងៃ​នោះ កីឡាករ​ខ្មែរ​សញ្ជាតិ​អូស្ត្រាលី Suasday Chau ត្រូវ​បាន​កីឡាករ​បារាំង Amaud Lepont យក​ជើង​ធាក់​ដោយ​ចេតនា​លើ​ផ្ទៃមុខ ប៉ុ​ន្តែ​អាជ្ញាកណ្តាល​បាន​ទុក​រយៈពេល​ឱ្យ Suasday ៥​នាទី​ដើម្បី​សម្រេចចិត្ត​ត្រូវ​ប្រកួត​បន្ត ឬ​ក៏​អត់ បើ Suasday ថា វាយ​អត់​កើត​មាន​ន័យ​ថា Amaud ចាញ់ហើយ ប៉ុន្តែ​ដោយសារ Suasday មាន​ចិត្តជា​អ្នកកីឡា​អាជីព គេ​ក៏​បន្ត​ការ​ប្រកួត​រហូត​ប្រកួត​ចាញ់ កីឡាករ​បារាំង Amaud Lepont វិញ​តែ​ម្តង។

មិន​ខុស​គ្នា​ពី​កីឡាករ​កម្ពុជា ដែល​ត្រូវ​ប្រកួត​គ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​ដែរ គឺ​កីឡាករ​ចាន់ រតនា លើកជើង​បង្វិល​មក​ពុះ​លើ​កីឡាករ​ឌុន សំអាង ចំ​កន្លែង​ណា​យក​កន្លែង​ហ្នឹង តៃ​ចៃដន្យ​ត្រូវ​ចំ​មុខ​ធ្វើ​ឱ្យ​ខុសច្បាប់ MMA ប៉ុន្តែ​អាជ្ញាកណ្តាល និង​គ្រូពេទ្យ​បាន​ទុក​ពេល​ឱ្យ ឌុន សំអាង ៥​នាទី​ដូច​គ្នា ដើម្បី​បន្ត​ការ​ប្រកួត តែ​ដោយសារ ឌុន សំអាង មិន​ប្រកួត​បន្ត គណៈកម្មការ ក៏​សម្រេច​កាត់ក្តី​ឱ្យ​គេ​ឈ្នះ​ក្លាយជា​ម្ចាស់​ជើងឯក​ពាន Grand Prix ទោះបី ចាន់ រតនា មាន​ប្រៀប​ជាង​ក៏​ដោយ ។

លោក​វ៉ា​ត់ ចំរើន បាន​សម្តែង​ការ​សោកស្តាយ និង​មិន​ពេញចិត្ត​ចំពោះ​ការ​រៀបចំ និង​ចាក់​ផ្សាយ​របស់​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឱ្យ​មហាជន​មានការ​យល់​ច្រឡំ ដោយ​រៀបចំ​ឱ្យ​តែ​បាន​ៗ មិន​មាន​ក្បួនច្បាប់​ត្រឹមត្រូវ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កីឡាករ​ខ្វះ​សមត្ថភាព​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ ។ លោក​បាន​លើក​ឡើង​ថា ប្រដាល់​ដាក់​ទ្រុង​នៅ​តាម​ទូរទស្សន៍​ក្នុងស្រុក​យើង​សព្វ​ថ្ងៃនេះ មិន​បាន​យក​ច្បាប់ MMA មក​អនុវត្ត​នោះ​ទេ គឺ​គ្រាន់តែ​យក​លំនាំ​តាម​ប៉ុណ្ណោះ ធ្វើ​ឱ្យ​កីឡាករ​ដែល​ធ្លាប់​វ៉ៃ​តាម​ច្បាប់​មិន​ត្រឹមត្រូវ​នោះ​យល់​ច្រឡំ និង​អត់​បានដឹង​ពី​គោលការណ៍​របស់​ច្បាប់ MMA​។ លោក​ក៏​បាន​កោតសរសើរ​ចំពោះ​ស្ថាប័ន ONE FC ដែល​ជា​អង្គភាព​កីឡា​ក្បាច់គុន​ចម្រុះ MMA ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​កក្រើក និង​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​មហាជន​ក្នុង​ប្រទេស​កម្ពុជា​នោះ ទើប​គេ​ដឹង​ថា ប្រដាល់​ដាក់​ទ្រុង MMA នៅ​តាម​ទូរទស្សន៍​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​ត្រឹមត្រូវ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ក្បាច់គុន​ចម្រុះ​ដែល​ជា​ការ​រៀបចំ​លើក​ដំបូង​ក្នុង​ទឹកដី​កម្ពុជា​របស់​ស្ថាប័ន ONE FC ដែល​បាន​ចាប់ផ្តើម​កាលពី​រាត្រី​ថ្ងៃ​ទី​១២ កញ្ញា នៅ​កោះ​ពេជ្រ​នោះ​មាន​កីឡាករ​ទាំង​ជាតិ និង​អន្តរជាតិ ព្រមទាំង​កីឡាការិនី​មួយគូ​ផង​នោះ បាន​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ក្រោម​ការ​ចូលរួម​ទស្សនា​ពី​ទស្សនិកជន​រាប់​ពាន់​នាក់ ។

អ្វី​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ស្នេហា​វិស័យ​កីឡា​ចង់​តាមដាន​ទស្សនា​ជាងគេ​នោះ គឺ​ការ​ប្រកួត​រវាង​គូ​កម្ពុជា​ដែល​ត្រូវ​ដណ្តើម​ពានរង្វាន់ ONE FC Cambodian Featherweight Championship Grand Prix រវាង​កីឡាករ​ឌុន សំអាង និង​ចាន់ រតនា ។ ប៉ុន្តែ​ការ​ប្រកួត​ក្នុង​ទឹក​ទី​១ ដំណើរការ​ទើបតែ​បាន​ប៉ុន្មា​ន​នាទី​ប៉ុ​ណ្ណោះ បែរជា​បាត់បង់​នូវ​សោភ័ណ​ភាព​ប្រកួត​បន្ទាប់​ពី​អាជ្ញាកណ្តាល​ផ្អាក​ការ​ប្រកួត​រយៈពេល​៥​នាទី ហើយ​កីឡាករ​ឌុន សំអាង មិន​អាច​ប្រកួត​បន្ត ទើប​គណៈកម្មការ​ប្រកួត​បាន​កាត់​សេច​ក្តី​ឱ្យ ឌុន សំអាង ជា​អ្នក​ឈ្នះ​បាន​លើក​ពាន​នោះ​តែ​ម្តង ។

ស្រប​ពេល​នោះ​មតិ​ភាគច្រើន​បាន​រិះគន់​យ៉ាង​ខ្លាំង​ៗ​ថា ឌុន សំអាង មិន​សម​នឹង​ទទួល​បាន​ពានរង្វាន់​តំណាង​ឱ្យ​កម្ពុជា ទៅ​ហ្វឹកហាត់​នៅ​ក្លិប​ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​ថៃ​នោះ​ទេ ព្រោះ​គេ​គ្មាន​ចិត្តជា​កីឡាករ ដោយ​ធ្វើ​ពុត​ជា​ប្រកួត​មិនកើត​ដើម្បី​ចង់បាន​ពាន ដោយ​មិន​បាន​បង្ហាញ​ពី​ភាព​ប៉ិ​ន​ប្រសប់ និង​សមត្ថភាព​គ្រប់គ្រាន់​ប្រកួត​បន្ត​ដើម្បី​លើកមុខ​មាត់​ឱ្យ​ប្រទេស​ជាតិ​ទាំងមូល​បាន​ឡើយ ៕