ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ពួក​ប្រេត និង​ជំនឿ​លើ​ការ​បោះ​បាយបិណ្ឌ

10 ឆ្នាំ មុន

ការ​បោះ​បាយបិណ្ឌ​ជា​ជំនឿ​មួយ​ដែល​ជនជាតិ​ខ្មែរ​យើង​និយម​ធ្វើ​ជា​រៀង​រាល់វេលា​ទៀប​ភ្លឺ​នៅ​តាម​ទី​វត្ត​អារាម​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ ដើម្បី​បញ្ជូន ឬ​ឧទ្ទិស​កុសល​ឱ្យទៅ​ញាតិសន្ដាន សាច់សាលោហិត ដែល​បាន​ចែក​ឋាន​ទៅ​បរលោក ។ ជួប​សម្ភាសន៍​ជាមួយ​ព្រះ​មហា​គង់ ផែង គង់នៅ​វត្ត​សំពៅ​មាស​នៃ​រាជធានី​ភ្នំពេញ

ការ​បោះ​បាយបិណ្ឌ​ជា​ជំនឿ​មួយ​ដែល​ជនជាតិ​ខ្មែរ​យើង​និយម​ធ្វើ​ជា​រៀង​រាល់វេលា​ទៀប​ភ្លឺ​នៅ​តាម​ទី​វត្ត​អារាម​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ ដើម្បី​បញ្ជូន ឬ​ឧទ្ទិស​កុសល​ឱ្យទៅ​ញាតិសន្ដាន សាច់សាលោហិត ដែល​បាន​ចែក​ឋាន​ទៅ​បរលោក ។ជួប​សម្ភាសន៍​ជាមួយ​ព្រះ​មហា​គង់ ផែង គង់នៅ​វត្ត​សំពៅ​មាស​នៃ​រាជធានី​ភ្នំពេញ មាន​ថិ​រ​ដីកា​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ចំពោះ​ជំនឿ​លើ​ការ​បោះ​បាយបិណ្ឌ​នេះ ប្រជាជន​យើង​មួយ​ចំនួន​មានគំនិត​ខ្វែងគ្នា ដោយសារ​តែ​ពិធី​បោះ​បាយបិណ្ឌ​នេះ​មិន​មាន​ចែង​នៅ​ក្នុង​គម្ពីរ​ទេ ក៏​ប៉ុន្តែ​ពិធី​បោះ​បាយ​បិណ្ឌ​មាននៅ​ក្នុង ជំនឿ​ព្រហ្មញ្ញសាសនា​ដែល​នៅ​ក្នុង​ព្រហ្មញ្ញសាសនាមាន​ពិធី​បោះ​បាយបិណ្ឌ​ដូច​គ្នា​ដែរ​។ ដូ​ចេះ្ន​ហើយ​អ្នក​ដែល​អាន​គម្ពីរ​បាន​រិះគន់​ចំពោះ​ច្បាប់​ទំនៀមទម្លាប់​ខ្មែរ ។ នៅ​ក្នុង​ពុទ្ធសាសនា​មាន​លក្ខណៈ​មិន​អាច​ខុស​ទាំងស្រុង​ទេ​នៅ​ក្នុង​ការ​បោះ​បាយបិណ្ឌ​នេះ ។

ព្រះសម្មាសម្ពុទ្ធ​បាន​ត្រាស់​សម្តែង​អំពី​ពពួក​ប្រេត​ថា មាន​ច្រើន​ប្រភេទ គឺ​មាន​ប្រភេទ​១២​ពួក ប្រភេទ​២១​ពួក និង​ប្រភេទ​៣​ពួក​។ មាន​ប្រេត​ខ្លះ​មិន​អាច​ទទួល​បានការ​ឧ​ទិ្ទ​ផល​បុណ្យ​ពី​សាច់ញាតិ​ទេ​។ ប្រេត​ដែល​ទទួល​ការ​ឧ​ទិ្ទ​ស​កុសល​បាន​នោះ គឺ​មាន​តែ​ពពួក​ប្រេត​ដែល​មានឈ្មោះ​ថា បរាត​ទោ​ប​ជី​ប្រេត​ប៉ុណ្ណោះ​។ ចំណែកឯ​ប្រេត​មួយ​ប្រភេទ​ទៀត​មានឈ្មោះ​កុណ​បា​សិ​ក្កក​ប្រេត គឺ​អាច​សី​ុ​បាន​តែ​របស់​ដែល​គេ​បោះចោល​នឹង​ដី​ដូច​ជា​ស្លេស្ម៍ ខ្ទុះ កំហាក ឈាម សំរាម សំបោរ ជាដើម ដូច្នេះ​ហើយ​ក៏​មានការ​បោះ​បាយបិណ្ឌ​ឡើង គឺជា​ពិធី​បែប​ទំនៀមទម្លាប់ ។

ចំណែកឯ​ប្រេត​ប្រភេទ​១២​ពួក​មាន ៖
ប្រេត​ទី​១-​ឈ្មោះ​វ​ន្តា​ស ៖ ប្រេត​នេះ​មាន​ភ្នែក​គ្រលួង មានមុខ​ក្រញូវ ដុះ​រោម​ច្រើន​ស្រមូវ មាត់​វៀច​កំ​ប៉ូវ ខ្នង​កោង​កំពួរ សក់រួញ​ក្រញង់ ដោះ​ប៉ោង ខ្លួន​ធុំក្លិន​ខ្មួរ ដៃជើង​ក្រញង់ ធ្មេញ​ដុះ​ខុស​ជួរ មាន​រូបរាង​ខ្ពស់​ជ​ង្គ្រោ​ង ស្គម​ដូច​កុកគ្រោង ដំបៅ​ពេញ​កាយ រាប់រយ​លាន​ឆ្នាំ​មិន​ដែល​ស្គាល់​បាយ ស៊ី​តែ​កំហាក​ដែល​ស្តោះ​ចេញពី​មាត់​គេ ។ ចំពោះ​ប្រេត​ទាំងនេះ​មក​ពី​មិន​បាន​ធ្វើបុណ្យ​ដោយ​ចិត្ត​ជ្រះថ្លា​ស្តោះដាក់​អាហារ​ឲ្យ​អ្នកមាន​សីល​ខ្ពស់ ។

ប្រេត​ទី​២-​ឈ្មោះ​កុណ​បាស ៖ គឺ​មាន​ពោះ​ធ្លាក់​ត្រ​យោក មុខ​ខ្លី​កំប៉ុក ភ្នែក​ប៉ុន​ត្រឡោក ចង្កា​យារ​ស្តោក ធ្មេញ​ធំ​ប៉ុន​ដប សក់​វែង​អូស​ដី ច្រមុះ​ខើច​ខ្លី ក​ស្តួច​ដូច​ដប ក្បាល​ធំ​ជាង​ខ្លួន​មិន​សមប្រកប ។ ធុំក្លិន​ខ្លួន​ស្អុយ​អសោចិ៍ ស៊ី​តែ​សព​ខ្មោច ។ ប្រេត​នេះ​អត់បាយ​រាប់​កោដិ​ឆ្នាំ ស៊ី​តែ​ខ្ទុះ​ឈាម​នៃ​សព​ខ្មោច​ឥត​បាន​ប្រយោជន៍​ទេ បើ​ស៊ី​ណាស់​កាន់តែ​ឃ្លាន​ណាស់ ព្រោះ​មាន​ផលកម្ម​ចាស់​ដែល​ខ្លួន​បាន​សាង​ឡើង ។

ប្រេត​ទី​៣-​ឈ្មោះ​គូថ​ខា​ទក​៖ ប្រេត​នេះ​ភ្នែក​រឹល​ទទឹង មាត់​ខើច​សំញេញ ដុះ​រោម​ជិតឈឹង ច្រមុះ​ត្រង់​ភ្លឹង ក​ខ្លី​ដូច​ហ៊ីង ។ ក្បាល​ធំ​ត្រមោង សក់​ដុះ​ខាង​ៗ កណ្តាល​រលីង ត្រចៀក​កំប៉ិត ពោះធំ​កំភ្លឹង​រូបរាង​ស្គមកំព្រឹង ស៊ី​តែ​លាមក ក្លិនស្អុយ ខ្មោះ​ៗ​សាច់​ស្រែង​កក្រោះ ដៃជើង​ធំ​ស្ទក់ ខំ​ដើរ​ស្កាត់រក​គំនរ​លាមក​មក​ធ្វើ​ចំណី ។ ចំពោះ​ប្រេត​នេះ គឺ​រស់នៅ​របៀប​នេះ​រាប់រយ​កោដិ​ឆ្នាំ រស់​ដោយ​ផលកម្ម គឺ​ពៀរ​វេរា​ពី​ជាតិ​មុន ជា​ជនពាល​អត់​មាន​សទ្ធា​កោងកាច​អប្រិយ​។

ប្រេត​ទី​៤-​ឈ្មោះ​អគ្គិ​ជាល​មុខ ៖ មាន​ភ្លឺ​ង​ឆេះ​រោលរាល​ពេញ​ខ្លួនប្រាណ ភ្នែក​ហើម​លៀន ភ្លើង​ឆេះ​រន្ធ​មាត់​មាន​ដំបៅ​ខ្លាំង​ស្រែកយំ គគ្រក់ ហុយផ្សែង​ព័ន្ធ​ព័ទ្ធ​សាច់​ស្បែក​ឡើង​រលួយ ភ្លើង​ឆេះ​ទាំង​យប់​ទាំង​ថ្ងៃ​។ ពួក​ប្រេត​នេះ​គឺ​ចង្រៃ​ព្រោះ​មានកម្ម​សាង​ពី​ជាតិ​មុន គឺជា​មនុស្ស​ប៉ោឡែ​លេង​នឹង​ព្រះសង្ឃ​បញ្ឆោត​លេង​សប្បាយ ។ ប្រេត​នេះ​ច្រើន​តែ​រស់នៅ​ដងព្រៃ​ជ្រៅ ញក​បព្វ​តា​ក្បែរ​មាត់សមុទ្រ​លើ​ដុំ​សិលា ស្រេកឃ្លាន​អាហារ ស្រេកទឹក ពុំ​អាច​ឆី​ចំណី​បាន ។

ប្រេត​ទី​៥-​ឈ្មោះ​សូ​ចិ​មុខ​៖ មុខមាត់​ស្រួច​ដូច​ម្ជុល ក្បាល​ធំ​ត្រមោង រន្ធ​មាត់​ប៉ុន​រន្ធ​គូទ​ម្ជុល ដៃជើង​ធំ​បែក​រាង​ទុល​មុ​ល ធំ​ប៉ុន​ភ្នំ ភ្នែក​លៀន​ក្រឡោត ក្រចកដៃ​សោត​ស្រែង​ស៊ី​សុស​ដុំ ដុះ​វែង ក្រាស់​ចោត​ដូច​ជើងភ្នំ សក់​ក្បាល ពុកមាត់ ពុកចង្កា​ដុះ​ដូច​ព្រឹក្សា ។
ពួក​ប្រេត​នេះ​ច្រើន​រស់នៅ​បព្វ​តា​ព្រៃ​ជ្រៅ ភ្នំ​គិ​ជ្ឈ​កូដ ហើយ​ប្រេត​នេះ​ស្រេកឃ្លាន​អាហារ​ចាក់ទឹក​មិន​ចូល ញាត់​បាយ​មិន​ទៅ ចេះ​តែ​រស់នៅ​ដោយ​ផលកម្ម​ដែល​ខ្លួន​បាន​សាង ។ កាលពី​ជាតិ​មុន​មិន​បាន​ធ្វើបុណ្យ មានទ្រព្យ​ច្រើន​តែ​ចិត្ត​កំណាញ់​មិន​ដាក់​ទាន​ឲ្យ​អ្នកក្រ​ខ្សត់ សូ​ម្បី​តែ​មាតាបិតា​ក៏​មិន​ឲ្យ​លោក​ពិសា​គ្រប់​ដែរ ។

ប្រេត​ទី​៦-​ឈ្មោះ​ត​ណ្ហ​ដិ្ឋ​ត ៖ មាន​រូបរាង​ធំ​ខ្ពស់​ពេញចិត្ត ដៃជើង ធំ​ៗ ខ្លួន​ធំ​ដូច​យក្ស សាច់​ពព្លាក់​ពពាល ឡើងចាង ក​វែង ក្បាល​ផ្អៀង ភ្នែក​ស្រលៀង ច្រមុះ​ធំ​ខ្លី រោម​ដុះ​ស្រ​មាង ដៃជើង​ក្រញាង ធ្មេញ​សំញេញ បបូរមាត់​ស្ពែះ​យារ​ធ្លាក់​សំយេះ ពោះ​ប៉ោង​ក្រអាញ ធំ​វែង​ដូច​ភ្នំ សាច់​ស្បែក​ស្ពោត​សាញ​ដុះ​ស្លែ​ស្រមាញ ។ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុង​ព្រៃ​ជ្រៅ​ដាច់​ពី​គេឯង ហើយ​ស្រេកឃ្លាន​អាហារ ព្រោះ​ស៊ី​មិន​បាន ស្រេកទឹក​ខ្លាំង​ណាស់​ឃើញ​បឹង ស្រះ​ស្ទុះ​ទៅ​រក ប៉ុន្តែ​បាន​ប្រែ​ក្លាយទៅជា​ក្រួស​ថ្ម​ទៅ​វិញ ។

ប្រេត​ទី​៧-​ឈ្មោះ​សុ​និ​ជ្ឈា​មក ៖ មាន​រូបរាង​កាយ​គ្រាំគ្រា​គ្មាន​ពេល​ស្បើយ​ទេ ។ ប្រេត​នេះ​គឺ​មានកម្ម​ក្រាស់​ណាស់ បើ​មាន​ចំណី​គឺ​ពុំ​អាច​ស៊ី​បាន​ទេ គឺ​មាត់​ដុះ​កន្ទុយ​។ ចំពោះ​រូបរាង​វិញ​គឺ​អាក្រក់ ពោះ​ប៉ោង​កំប៉ិត ផ្ចិត​ទុល​លៀន​ស្អុយ ច្រមុះ​កញ្ឆត ភ្នែក​ដូច​ទីទុយ ដុះ​រោម​ច្រើន មាត់​ស្អុយ​ខ្មួរ​ខ្មោះ សាច់​ខ្មៅ​ក្ងិត រាង​ខ្ពស់​ស្គម​ស្វិតដៃជើង​ក្រោះ ម្រាមដៃ​ដុះ​ចង្កា ។ ត្រចៀក​បាក់​ធ្លាក់​យារ​ដាប​ដល់​ស្មា សក់​ក្បាល​វែង​អាក្រក់​ពេក​ក្រៃ ។

ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុង​ព្រៃ​ជ្រៅ​ឆ្ងាយ​ដាច់​ពី​គេ ឬ​នៅ​លើ​កោះ​តែ​ម្នាក់ឯង ព្រោះ​ខ្លួន​ចង្រៃ​ប្រព្រឹត្ត​តក់​ម៉ក់​ពេល​ឃើញ​សាម​ណៈ ឬ​ស្មូម​យាចក ប្រើ​ពាក្យ​អាក្រក់ ជេរ​ស្តី​ឲ្យ​លោក និយាយ​ពាក្យចាក់ដោត​ឡកឡាយ បញ្ឆោត​អ្នកមាន​សីល​ឲ្យ​អាប់​កិត្តិយស ។

ប្រេត​ទី​៨-​ឈ្មោះ​ស​ត្ថ​ង្គ ៖ មាន​ដំបៅ​ពេញ​រាង​កាយ ក្នុង​សាច់​សុទ្ធតែ​ពងរុយ មាន​ខ្ទុះ​ពាសពេញ​ខ្លួនប្រាណ ក្លិនស្អុយ​គគ្រុក ភ្នែក​ធំ​លៀន ច្រមុះ​ធំ​វែង ពោះ​ធ្លាក់​ទ្រយុក ស្រែកថ្ងូរ​រង​ទុក្ខ ។ ដោយ​មាន​សេចក្តី​ស្រេកឃ្លាន ខំ​យកដៃ​ខ្វារ​ពាសពេញ​ប្រាណ ក្រចក​វែង​មុត ខ្វេះ​ហែក​សាច់​បាន​គឺ​សាច់​ខ្លួនឯង យក​មក​ស៊ី​ជា​អាហារ ប៉ុន្តែ​បើ​ស៊ី​ណាស់​រឹតតែ​ឃ្លាន ព្រោះ​វា​មានកម្ម​ក្រាស ណាស់​។ នៅ​ក្នុង​ព្រៃ​ជ្រៅ​លើ​កោះ ក៏​មាន​ច្រើន​ណាស់ គ​គោក​រាប់​ម៉ឺន​សែន​លាន កាលពី​ជាតិ​មុន​អត់​បាន​ធ្វើបុណ្យ មានចិត្ត​កាច ។ ប្រេត​នេះ​ច្រើន​រស់នៅ​ឫស្យា ប្រកែក​ជាមួយ​ម៉ែឪ ព្រមទាំង​វាយ​គាត់ ប្រើ​ពាក្យ​ប្រមាថ​ជីដូន ជីតា ឬ​ញាតិសន្តាន​បំភ្លេច​គុណ​គេ បែរជា​ឲ្យ​ទោស​គេ​ទៅ  វិញ។

ប្រេត​ទី​៩-​ឈ្មោះ​បព្វ​ត​ង្គ ៖ មាន​ដៃខ្លី​ជើង​ខ្លី ខ្លួន​វែង​ជ្រងក់ ធំ​ខ្ពស់​ដូច​ភ្នំ ក្បាល​តូច ក​ខ្លី សាច់​រឹង​ដូច​ដំរី ។ ចំពោះ​ខ្លួនប្រាណ​វិញ គឺ​មាន​ភ្លើង​ឆេះ​រងំ​ឆេះ​ទាំង​យប់​ទាំង​ថ្ងៃ ដូច​ភ្លើង​ឆេះ​ភ្នំ ។ ស្រេកឃ្លាន​អាហារ​រាប់​កោដិ​ឆ្នាំ ឃ្លាន​ឥត​មាន​ស្រាក តែ​មិន​ស្លាប់​ព្រោះ​បាន​ធ្វើបាប​កម្ម​ច្រើន និង​ទ្រាំ​រស់នៅ​បែប​ប​នេះ​រាប់រយ​ឆ្នាំ​ទៀត​លុះ​អស់កម្ម​ពៀរ​។ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុង​ដងព្រៃ​ជ្រៅ​នា​ហេមពាន្ត​ភ្នំ​គិ​ជ្ឈ​កូដ កាលពី​ជាតិ​មុន​គឺ​មនុស្ស​ទុរជន មានចិត្ត​រឹងរូស​ចងគំនុំ​ឈ្លោះប្រកែក និង​តាម​ព្យាបាទ​គេឯង​ឥត​កោតក្រែង​អំពើអាក្រក់​ដែល​ខ្លួន​បាន​សាង ។

ប្រេត​ទី​១០-​ឈ្មោះ​អ​ជ​គ​រង្គ ៖ មាន​ក្បាល​ច្រើន​ប្រភេទ ដូច​ជា​ពស់ថ្លាន់ សត្វ​ខ្លា ឆ្មា គោ ក្របី​…​។ ប្រេត​នេះ​ចម្លែក​មាន​រូបរាង​ប្លែក​ខុស​ប្រក្រតី ខ្លួន​ជា​ពស់ថ្លាន់​ធំ​វៀន​លើ​ដី ធំ​វែង​ដូច​ភ្នំ​។ ភ្លើង​ឆេះ​ព័ទ្ធ​រុំ​ទាំង​យប់​ទាំង​ថ្ងៃ ស្រេកឃ្លាន​អាហារ​គ្រប់ពេលវេលា ចេះ​តែ​ថ្ងូរ​ស្រែក ទុក្ខ​ខ្លាំង​ពេក​ក្រៃ​។ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុង​ព្រៃ​ជ្រៅ ឬ​បុព្វ​តា ក្បែរ​សមុទ្រ​លើ​ដុំ​សិលា ។

ប្រេត​នេះ​ពី​ជាតិ​មុន​មិន​បាន​ធ្វើបុណ្យ ប្រព្រឹត្ត​ប៉ោឡែ មិន​ខ្លាច​ម៉ែឪ ជីដូន​ជីតា ជេរ​អ្នក​មានគុណ​ថា​ឆ្កែ​ឆ្មា ។ ចំពោះ​ព្រះសង្ឃ​ក៏​មិន​ខ្លាច​ប្រើ​ពាក្យ​ប្រមាថ​ទៅ​ទៀត ទើប​ធ្វើ​ឲ្យ​ប្រេត​នេះ​មាន​ក្បាល​ច្រើន​បែប​នេះឯង មាន​ភ្លើង​គ្រប់ពេលវេលា​បែប​នេះ ។

ប្រេត​ទី​១១-​ឈ្មោះ​វិ​មា​និក ៖ មាន​រូប​ធំ​ទ្រមឹង រាង​ធាត់​ក្រអាញ ដុះ​រោម​ជិតឈឹង ពោះ​ប៉ោង​ត្រង់​ភ្លឹង​សម្បើម​អស្ចារ្យ ប៉ុន្តែ​សុខ ទុក្ខ​ស្មើគ្នា ។ តាម​ធម្មតា​ដៃ​កាន់​អាវុធ ចិត្ត​កាច​ក្លៀវក្លា ។ ប្រេត​នេះ​គេ​ហៅ​ថា​យមរាជ​ទៅ​កាប់​សត្វ​នរក​ឈាម​ប្រឡាក់​ព្រាច ពី​ព្រឹក​ដល់​ល្ងាច​អត់បាយ​អត់​ទឹក​វាយ​សួរ​ចម្លើយ កាត់ទោស​គ្រប់​នរក ត្រួតត្រា​លើ​គេ​ទាំងអស់ ។ ពេល​ដែល​សោយសុខ គឺ​ក្លាយ​ខ្លួន​ទៅ​ជា​ទេវបុត្រ​ក​ម្លោះ មាន​រូបល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ឋានសួគ៌ ស្រី​ទេពអប្សរ​ចោមរោម​សុំ​ស្នេហ៍​។ ដល់​ពេល​សោយទុក្ខ​កើតជា​ប្រេត​ចង្រៃ​រង​ទុក្ខវេទនា​ទាំង​យប់​ទាំង​ថ្ងៃ​។ ប្រេត​នេះ​កាលពី​ជាតិ​មុន​ជា​មនុស្ស​ស៊យ​ប្រព្រឹត្ត​លេលា បាន​ធ្វើ​ទាន​ខ្លះ​ធ្វើ​តាម​ទម្លាប់ គឺ​បុណ្យ​ក៏​ធ្វើបាប​ក៏​ធ្វើ​ក្នុង​ន័យ​ប្រមាថ ដូចនេះ​ហើយ​ទើប​ផលកម្ម​សង​ទាំង​ពីរ​បែប​នេះ ។

ប្រេត​ទី​១២-​ឈ្មោះ​ម​ហិ​ទ្ធិ​ក ៖ រូបល្អ​ពេញទី​ជា​ស្តេច​នៃ​ប្រេត​អ្នកមាន​ឫ​ទ្ធី​ល្អ​ឥត​មាន​ពីរ​ស្មើ​រូប​ទេព្តា មាន​គ្រឿង​ស្លៀកពាក់​ស្រស់​ស្អាត​ពេក​ក្រៃ​ទាស់​តែ​ស្រេកឃ្លាន​អាហារ អ្វី​ៗ​ត្រេកអរ​លើសលន់​ខំ​ស្ទុះ​ទៅ​ចាប់​ភ្លើង​ឆេះ​ពេកពន់ បើ​មិន​ដូច​នោះ​ទេ ឃើញ​ហើយ​ខំ​ស្ទុះ​ចាប់​កើប​ស្រវា​បាន​ដាក់​ក្នុង​មាត់​លេប​ទៅ​កាលណា​ស្រាប់តែ​ក្លាយជា​ដុំ​ដែក​ក្រហមច្រាល​ឆ្អៅ ឆេះឆាប​ក្នុង​មាត់​ស្រេកឃ្លាន​ណាស់ ព្រោះ​មានកម្ម​ច្រើន ក្លិនស្អុយ​អស្ចារ្យ ល្អ​តែ​រូប​កាយ ។ ប្រេត​នេះ​កាលពី​ជាតិមុន​បួស​ក្នុង​សាសនា​ប្រមាថ​សុសសាយ បួស​មិន​ប្រព្រឹត្ត​វិន័យ បួស​ឆាន់​តែ​បាយ ប្រព្រឹត្ត​អាក្រក់​ធ្វើ​មិច្ឆាចារ ឆបោក​គ្រហស្ថ ប្លន់​លាភ​សាសនា​វិន័យសិក្ខា​មិន​ប្រតិបត្តិ ។

ព្រះ​មហា​គង់ ផែង មាន​ថិ​រ​ដីកា​ថា ពិធី​បោះ​បាយបិណ្ឌ​គឺជា​ពិធី​មាន​ន័យ​ណាស់ តែ​បែរជា​មាន​យុវវ័យ​មួយ​ចំនួន​យក ពិធី​នេះ​ទុកជា​ការ​លេងសើច​ដោយ​ខ្លះ​បាន​យក​បាយបិណ្ឌ​គប់​គ្នា​លេង ។ ខ្លះ​ទៀត​នោះ​យក​លេស​ថា​ទៅ​បោះ​បាយបិណ្ឌ តែ​បែរជា​ណាត់ជួប​គ្នា និង​ទុកជា​កន្លែង​ទាក់ទង​ស្នេហា​ទៅ​វិញ ។ យុវជន យុវនារី​ទាំងអស់​ដែល​ទៅ​បោះ​បាយបិណ្ឌ ត្រូវ​តែ​ស្តាប់​ឱវាទ​ព្រះសង្ឃ និង​អាចារ្យ និង​ត្រូវ​បោះ​ដោយ​សេចក្តី​គោរព​ទើប​ជា​ការ​ប្រសើរ ៕
        ​