ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រុក​ដាក់​ពាក្យ​ប្រឡង​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​មណ្ឌល​ទាំង​៤​ទទួល​ពាក្យ​រាប់​ម៉ឺន និង​រើស​យក​តែ​៤​ពាន់​នាក់​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​ពលករ​ជាង​៦​ពាន់​នាក់ បាន​សម្រុក​មក​ទិញ​ពាក្យ​ដាក់​ប្រឡង​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ នៅ​ក្នុង​មណ្ឌល​ចែក​ពាក្យ​ប្រឡង​ភាសា​កូរ៉េ​របស់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ។ នេះ​គិត​ត្រឹម​រយៈពេល​មួយ​ថ្ងៃ​កន្លះ​ប៉ុណ្ណោះ (​ថ្ងៃ​ទី​១៦ កញ្ញា​) និង​នៅ​រយៈពេល​២​ថ្ងៃ​កន្លះ​ទៀត​ទើប​បញ្ចប់​ការ​ទទួល​ពាក្យ ដែល​នឹង​អាច​មាន​អ្នក​ដាក់​ពាក្យ​ប្រឡង​កើន​ជាង​១​ម៉ឺន​នាក់ និង​មិន​គិត​ពី​អ្នក​ដាក់​ពាក្យ​រាប់​ម៉ឺន​នាក់​ទៀត

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​ពលករ​ជាង​៦​ពាន់​នាក់ បាន​សម្រុក​មក​ទិញ​ពាក្យ​ដាក់​ប្រឡង​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ នៅ​ក្នុង​មណ្ឌល​ចែក​ពាក្យ​ប្រឡង​ភាសា​កូរ៉េ​របស់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ។ នេះ​គិត​ត្រឹម​រយៈពេល​មួយ​ថ្ងៃ​កន្លះ​ប៉ុណ្ណោះ (​ថ្ងៃ​ទី​១៦ កញ្ញា​) និង​នៅ​រយៈពេល​២​ថ្ងៃ​កន្លះ​ទៀត​ទើប​បញ្ចប់​ការ​ទទួល​ពាក្យ ដែល​នឹង​អាច​មាន​អ្នក​ដាក់​ពាក្យ​ប្រឡង​កើន​ជាង​១​ម៉ឺន​នាក់ និង​មិន​គិត​ពី​អ្នក​ដាក់​ពាក្យ​រាប់​ម៉ឺន​នាក់​ទៀត នៅ​តាម​មណ្ឌល​៣​នៃ​រាជធានី​-​ខេត្ត​៣​ផ្សេង​ទៀត ខណៈ​ដែល​ការ​ប្រឡង​តម្រូវ ជ្រើសរើស​យក​ពលករ​តែ​៤​ពាន់​នាក់​ប៉ុណ្ណោះ​សម្រាប់​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ ។

លោក សិរី វិបុល ប្រធាន​មណ្ឌល​ចែកចាយ​ពាក្យ​ប្រឡង​ភាសា​កូរ៉េ​របស់​ក្រសួង​ការងារ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ឱ្យ​អ្នក​យក​ព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា​ថា ការ​ចែក​ពាក្យ​ប្រឡង​ភាសា​កូរ៉េ​របស់​ក្រសួង​ការងារ​មាន​៤​មណ្ឌល​គឺ​៖

១-​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា​(NPIC)​នៅ​រាជធានី​ភ្នំពេញ ។
២-​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ចាម  ។
៣-​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ឆ្នាំង និង
៤-​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ សែន ខេត្តតាកែវ ។

មណ្ឌល​ចែកចាយ​ពាក្យ​ប្រឡង​ទាំង​៤ បាន​ធ្វើការ​លក់​ពាក្យ​ប្រឡង​ជូន​ពលករ​ទាំង​២​ភេទ​រយៈពេល​៤​ថ្ងៃ ដោយ​គិត​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤ ចំណែក​កាលបរិច្ឆេទ​នៃ​ការ​ប្រឡង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥​និង​២៦ ខែតុលា ឆ្នាំ​២០១៤​ខាង​មុខ​នេះ ។ ប៉ុន្តែ​មណ្ឌល​ប្រឡង​ក្រសួង​ការងារ​មិន​ទាន់​បាន​កំណត់​នៅឡើយ ចំណែក​កាលបរិច្ឆេទ​ការ​ប្រកាស​លទ្ធផល​ប្រឡង គឺ​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

ដើម្បី​ដាក់​ពាក្យ​ប្រឡង​បាន​បេក្ខជន​ម្នាក់​ៗ​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​ច្បាប់​ដើម ហើយ​ត្រូវ​កើត​នៅ​ចន្លោះ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​១៩៧៤ ដល់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​១៩៩៦ (​គឺ​មាន​អាយុ​ពី​១៨​ឆ្នាំ​ដល់​៣៩​ឆ្នាំ​) មាន​កាយសម្បទា​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ ។ ចំពោះ​តម្លៃ​សុំ​សិទ្ធិ​ប្រឡង ពលករ​ម្នាក់​ៗ​ត្រូវ​បង់ប្រាក់​ចំនួន​២៤​ដុល្លារ ដែល​ថវិកា​នេះ​ក្រសួង​ការងារ​ត្រូវ​ប្រគល់​ជូន​ទៅ​អង្គភាព​អភិវឌ្ឍន៍ ធនធានមនុស្ស​(HFD-Korea)​នៃ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​យក​ទៅ​រៀបចំ​កិច្ចការ​ប្រឡង ។ អ្នក​ដាក់​ពាក្យ​ប្រឡង​មិន​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស មិន​ធ្លាប់​ជាប់​ពន្ធនាគារ ឬ​ទទួលទោស​កម្រិត​ធ្ងន់ មិន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​និរទេស ឬ​បណ្តេញ​ចេញពី​សាធារណរដ្ឋ​កូរ៉េ មិន​មានការ​ហាមឃាត់​ក្នុង​ការ​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក សេរី វិបុល បាន​ថ្លែង​ឱ្យ​ដឹង​ទៀត​ថា​គិត​ពី​ថ្ងៃ​ទី​១៥ និង​មួយ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា​មណ្ឌល​របស់​លោក​បាន​ចែកចាយ​ពាក្យ​ប្រឡង​ជូន​ពលករ​ប្រុស​ស្រី​បាន​ចំនួន​ជាង​៦​ពាន់​នាក់​ហើយ ។ ការ​ប្រឡង​តម្រូវ​ឱ្យ​ជ្រើសរើស​យក ពលករ​ចំនួន​៤​ពាន់​នាក់​ប៉ុណ្ណោះ សម្រាប់​ទូ​ទាំង​ប្រទេស​ដែល​ត្រូវ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ក្នុង​នោះ​មាន​វិស័យ​ចំនួន​៣ គឺ វិស័យ​កសិកម្ម ២.៥០០​នាក់ វិស័យ​ឧស្សាហកម្ម​១.០០០​នាក់ និង​វិស័យ​សំណង់​៥០០​នាក់ ។ ពលករ​ដែល​បាន​មក​ដាក់​ពាក្យ​ខាងលើ​នេះ​ភាគច្រើន​មក​ពី ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ។

លោក​ប្រធាន​មណ្ឌល បាន​អំពាវនាវ​ផង​ដែរ​ដល់​ប្រជា​ពលករ​ទាំងអស់ ដែល​មាន​បំណង​ប្រឡង​សមត្ថភាព​ភាសា​កូរ៉េ ដើម្បី​បាន​សិទ្ធិ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ សូម​អញ្ជើញ​មក​ទិញ​ពាក្យសុំ​ប្រឡង និង​បំពេញ​ពាក្យ​តាម​លក្ខខណ្ឌ​ដូច​បាន​កំណត់​ខាងលើ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤ បើ​ហួស​ថ្ងៃ​កំណត់​នេះ​ប្រជា​ពលករ​ទាំងអស់​មិន​អាច​សុំ​ដាក់​ពាក្យ​ប្រឡង​ភាសា​កូរ៉េ​ទៀត​បាន​ឡើយ​នៅ​ក្នុងឆ្នាំនេះ ៕