ខេត្តព្រៃវែង ៖ ស្រែស្រូវប្រជាកសិករចំនួន 415 ហិចតានៅក្នុងឃុំចំនួន 4 នៃស្រុកពាមរក៍ ខេត្តព្រៃវែងកំពុងត្រូវទឹកជំនន់ទន្លេមេគង្គជន់លិច ធ្វើឱ្យកសិករម្ចាស់ស្រែប្រមាណជិត 300 គ្រួសារ ត្រូវប្រឈមមុខនិងការខាតបង់ធ្ងន់ធ្ងរ។
អាជ្ញាធរស្រុកពាមរក៍បានឱ្យដឹងថាបច្ចុប្បន្ននេះទឹកទន្លេមេគង្គបានជន់លិចស្រែស្រូវប្រជាកសិករចំនួន៤ឃុំ ក្នុងនោះឃុំពាមមានជ័យចំនួន ១៨៩ហិចតា ឃុំបាបោងចំនួន 154 ហិចតា ឃុំបន្លិចប្រាសាទចំនួន១៤ហិចតា និងឃុំព្រៃកណ្ដៀងចំនួន 78 ហិចតា។
ប្រភពដដែលនេះបានបន្តថា ស្រែស្រូវប្រជា កសិករ ដែលត្រូវទឹកទន្លេមេគង្គជន់លិច ស្រែខ្លះកំពុងតែលូតលាស់ល្អខៀវស្រងាត់ ស្រែខ្លះកំពុងឱនដាក់គ្រាប់ និងស្រែខ្លះទៀតកំពុងចាប់ផ្ដើមទុំទៅហើយ ប៉ុន្តែដោយសារតែទឹកទន្លេបុកចូលមកលឿន មិនអាចស្រោចស្រង់បាន ទើបកសិករម្ចាស់ស្រែត្រូវបង្ខំចិត្តបោះបង់ស្រូវទាំងអស់នេះចោល ធ្វើឲ្យខាតបង់ចន្លោះពី ៧ ទៅ ៨លានរៀល ក្នុងមួយគ្រួសារៗ។
ដោយឡែកប្រជាកសិករម្ចាស់ស្រែ នៅក្នុងឃុំបន្លិចប្រាសាទ បានឱ្យដឹងថា មូលហេតុដែលស្រូវស្រែរបស់ពួកគាត់ ត្រូវទឹកជន់លិចខូចអស់នេះ គឺដោយសារតែទឹកទន្លេមេគង្គ ជន់ឡើងខុសខែថ្ងៃ ដោយរាល់ឆ្នាំ គឺទាល់តែពាក់កណ្ដាលខែកក្កដាទើបទឹកទន្លេចាប់ផ្ដើមឡើង ប៉ុន្តែឆ្នាំនេះទឹកបុកឡើងតាំងពីពាក់កណ្ដាលខែមិថុនា គឺខុសគ្នាដល់ទៅមួយខែ ដូច្នេះហើយទើបធ្វើឲ្យស្រែស្រូវរបស់ពួកគាត់ប្រមូលផលមិនទាន់។
កសិករទាំងនោះបញ្ជាក់ថា ការធ្វើស្រែរបស់ពួកគាត់ ទាំងថ្លៃជី ថ្លៃប្រេង និងគ្រាប់ពូជ គឺពួកគាត់ជំពាក់គេទាំងអស់ ដោយសង្ឃឹមថា ពេលប្រមូលផលស្រូវបាន និងលក់ទូទាត់សងគេវិញប៉ុន្តែពេលនេះទឹកលិចអស់ហើយ ពួកគាត់មិនដឹងបានអ្វីសងគេទេ។
សូមបញ្ជាក់ថា ទូទាំងខេត្តព្រៃវែង មានតែស្រុកពាមរក៍នេះមួយប៉ុណ្ណោះដែលស្រែស្រូវប្រជាកសិករត្រូវទឹកជំនន់ទន្លេមេគង្គជន់លិច ចំណែកស្រុកផ្សេងៗទៀតពុំមានការជន់លិចនោះទេ។
ជុំវិញបញ្ហានេះ ខាងអាជ្ញាធរស្រុកពាមរក៍ បានហើយដឹងថា ខាងអាជ្ញាធរក៏ដូចជាគណៈកម្មការគ្រោះមហន្តរាយ បានរាយការណ៍ជូនទៅថ្នាក់លើរួចអស់ហើយ ប៉ុន្តែមកដល់ពេលនេះខាងក្រសួងមិនទាន់ឆ្លើយតបត្រឡប់មកវិញទេ ដូច្នេះហើយទើបទាំងអាជ្ញាធរ និងមន្ត្រីជំនាញស្រុក-ខេត្ត មិន ទាន់អាចចាត់វិធានការអ្វីបាន ៕




ចែករំលែកព័តមាននេះ