រាជធានីភ្នំពេញ ៖ កាណាឌីយ៉ា អ៉ីមផេក ហ្វាន់ ឫ «Canadia Impact Fund (CIFC)» ដែលមានសហស្ថាបនិកអ្នកស្រីបណ្ឌិត ពុង ការ៉ូលីន និងលោក Thierry Tea បានវិនិយោគលើក្រុមហ៊ុន Bamnang ដែលជាក្រុមហ៊ុនធុរកិច្ចថ្មី (startup) កម្ពុជា-សិង្ហបុរី ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ ក្រុមហ៊ុននេះផ្តល់សេវាកម្មស្នាក់នៅសម្រាប់សិស្ស-និស្សិត និងផ្តល់ការគាំទ្រផ្នែកអប់រំ ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយអ្នកស្រីបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ាគ្រុប និងកញ្ញា សេង រ័ត្នសេដ្ឋាមុនី សហស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Bamnang ដោយមានការចូលរួមធ្វើជាសាក្សីពីសំណាក់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

CIFC បានចូលរួមជាមួយ «Plug and Play APAC» ដែលជាវេទិកាវិនិយោគ និងនវានុវត្តន៍លំដាប់សកលលោក ក្នុងនាមជាសហវិនិយោគិននៅក្នុងក្រុមហ៊ុន Bamnang ។ តាមរយៈកិច្ចសហការនេះ ពួកគេបាននាំមកនូវទុនវិនិយោគទាំងពីក្នុងស្រុក (កម្ពុជា) និងអន្តរជាតិ ដើម្បីគាំទ្រដល់កំណើនរបស់ក្រុមហ៊ុន startup នេះ ព្រមទាំងពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់សិស្ស-និស្សិតឱ្យកាន់តែទូលំទូលាយថែមទៀត ។
ការគាំទ្រសិស្សក្រៅបរិយាកាសថ្នាក់រៀន
ការវិនិយោគនេះកើតឡើងបន្ទាប់ពីលោក Thierry Tea បានផ្តល់ការណែនាំ និងមើលឃើញពីសក្តានុពលរបស់ Bamnang តាំងពីដំណាក់កាលដំបូង ។ វិស័យឧត្តមសិក្សានៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយចំនួននិស្សិតចុះឈ្មោះចូលរៀនបានកើនឡើងពី ២៨,០៨០ នាក់ក្នុងឆ្នាំ ២០០០ ដល់ជាង ២០០,០០០ នាក់ក្នុងឆ្នាំ ២០២១ ។ និស្សិតជាច្រើនបានចាកចេញពីខេត្តកំណើតរបស់ខ្លួនដើម្បីមកសិក្សា ដែលធ្វើឱ្យតម្រូវការកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងសមស្រប កាន់តែមានការកើនឡើង ។ ដោយមើលឃើញពីចំណុចនេះ Canadia Impact Fund (CIFC) បានរកឃើញឱកាសមួយក្នុងការគាំទ្រដល់កញ្ញា សេង រ័ត្នសេដ្ឋាមុនី និងលោក ង៉ូវ ម៉េងហៀងក្នុងការបង្កើតដំណោះស្រាយជាក់ស្តែងមួយ សម្រាប់ទីផ្សារវិស័យអប់រំនៅកម្ពុជាដែលកំពុងរីកចម្រើន ។

លោក Thierry Tea បានចែករំលែកថា ៖ «បន្ទាប់ពីបានជួប និងពិភាក្សាជាមួយកញ្ញា រ័ត្នសេដ្ឋាមុនី ជាច្រើនលើក ខ្ញុំបានឃើញពីចំណង់ចំណូលចិត្ត និងការតាំងចិត្តដ៏មុតមាំរបស់គាត់ ក្នុងការកែលម្អដំណើរនៃការសិក្សារបស់និស្សិត ។ គាត់យល់ច្បាស់អំពីបញ្ហាប្រឈមដែលនិស្សិតជួបប្រទះ ក្នុងការស្វែងរកកន្លែងស្នាក់នៅសមស្រប និងបរិយាកាសដែលអំណោយផលដល់ការសិក្សា ។ Bamnang មានគោលបំណងដោះស្រាយបញ្ហាដែលយុវជនជួបប្រទះ ក្នុងពេលដែលពួកគេកំពុងខិតខំកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតរបស់ខ្លួន។យើងចង់គាំទ្រនិស្សិតកម្ពុជាឱ្យរីកចម្រើន និងកសាងអាជីព ហើយយើងជឿជាក់ថា យើងអាចជួយដល់ Bamnang ក្នុងបេសកកម្មរបស់ពួកគេបាន» ។
ការវិនិយោគនេះគឺជាផ្នែកមួយនៃចក្ខុវិស័យដ៏ទូលំទូលាយមួយក្នុងវិស័យអប់រំ ។ អ្នកស្រីបណ្ឌិត ពុង ការ៉ូលីន បានបង្កើតសាលារៀន និងសាកលវិទ្យាល័យចំនួន ៦ នៅកម្ពុជា ។ លោក Thierry Tea ក៏បានវិនិយោគលើ Dichi Academy ដែលជាសាលាបណ្តុះបណ្តាលជំនាញឌីជីថល និងបច្ចេកវិទ្យាសម្រាប់អ្នកធ្វើការ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះអ្នកស្រីបណ្ឌិត ពុង ការ៉ូលីន និងលោក Thierry Tea កំពុងបង្កើតសាកលវិទ្យាល័យ «WCCI Aero Tech University» ដើម្បីផ្តល់ឱកាសដល់និស្សិតកម្ពុជាកាន់តែច្រើន ក្នុងការទទួលបានការអប់រំកម្រិតឧត្តមប្រកបដោយគុណភាព លើជំនាញអាកាសចរណ៍ ។

បច្ចុប្បន្ន Bamnang មានទីតាំងចំនួន ៥ កន្លែង ដែលផ្តល់សេវាកម្មដល់និស្សិតប្រហែល ១៥០ នាក់ (ក្នុងនោះ ៦០% ជានិស្សិតស្ត្រី) ហើយគ្រោងនឹងពង្រីកសមត្ថភាពបន្ថែមទៀត តាមរយៈការបើកទីតាំងទី ៦ ដែលស្ថិតនៅជិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ក្នុងរាជធានីភ្នំពេញ។ ទីតាំងថ្មីនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម HKA + Partners ដែលជាក្រុមហ៊ុនធ្លាប់បានរចនាគម្រោងល្បីៗដូចជា Brown Coffee និងបុរី ចន្ទគីរី (Borey Chankiri) ជាដើម ។
តាមរយៈការគាំទ្រពី CIFC ក្រុមហ៊ុន Bamnang មានគោលបំណងពង្រីកប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួន ព្រមទាំងបង្កើនភាពជាដៃគូ និងសេវាកម្មនានា ដើម្បីជួយគាំទ្រដល់និស្សិត និងយុវជនដែលកំពុងចាប់ផ្តើមអាជីពការងារ ឱ្យទទួលបានកន្លែងស្នាក់នៅដ៏សមស្រប ។ កញ្ញា សេង រ័ត្នសេដ្ឋាមុនី បានចែករំលែកពីមហិច្ឆតារបស់ខ្លួនថា ៖ «យើងកំពុងកសាង Bamnang ដើម្បីជួយសម្រួលដល់សិស្សានុសិស្ស និងក្រុមគ្រួសាររបស់ពួកគេ ក្នុងការសម្រេចចិត្តលើបញ្ហាទីលំនៅ និងការសិក្សា ដោយមិនចាំបាច់ប្រឈមនឹងបញ្ហាទាំងនេះដោយខ្លួនឯង។ ដោយមានការគាំទ្រពី Canadia Impact Fund យើងអាចពង្រីកភាពជាដៃគូបន្ថែមទៀតនៅកម្ពុជា និងត្រៀមមូលដ្ឋានសម្រាប់ការផ្តល់សេវាកម្មដល់និស្សិតនៅក្នុងទីផ្សារអន្តរជាតិផ្សេងទៀតនាពេលអនាគត» ។
សម្រាប់គោលដៅទៅថ្ងៃមុខ Bamnang មានគោលបំណងផ្តល់ជូននូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មគាំទ្រដល់និស្សិតយ៉ាងហោចណាស់ ១០.០០០ នាក់ នៅត្រឹមឆ្នាំ ២០៣០ ដោយរក្សាកម្រិតនៃការពេញចិត្តរបស់និស្សិតឱ្យបាន ៩០% ឬខ្ពស់ជាងនេះ ។

ការតភ្ជាប់ប្រទេសកម្ពុជា និងប្រទេសបារាំង តាមរយៈវិស័យអប់រំ
បច្ចុប្បន្ននេះ ក្នុងចំណោមគម្រោងដែល CIFC វិនិយោគ រួមមានក្រុមហ៊ុនធុរកិច្ចថ្មី (startups) ក្នុងវិស័យអប់រំចំនួនពីរ គឺ Bamnang មកពីប្រទេសកម្ពុជា និង Choose and Connect មកពីប្រទេសបារាំង ។
អ្នកស្រីបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ា គ្រុប និងជាសហស្ថាបនិកនៃ CIFC បានចែករំលែកចក្ខុវិស័យរបស់លោកស្រីថា៖ «សម្រាប់សិស្សានុសិស្ស ការជ្រើសរើសសាកលវិទ្យាល័យគ្រាន់តែជាផ្នែកមួយនៃដំណើរជីវិតសិក្សាប៉ុណ្ណោះ ។ ពួកគេក៏ត្រូវការកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងសមស្របផងដែរ ។ Choose and Connect និង Bamnang ជួយបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងការឆ្លើយតបទៅនឹងតម្រូវការទាំងនេះ ហើយក្រុមការងាររបស់យើងមានបំណងផ្សារភ្ជាប់ក្រុមហ៊ុនទាំងពីរនេះចូលគ្នា ដើម្បីបង្កើតឱកាសកាន់តែច្រើនសម្រាប់សិស្សានុសិស្ស ។»
ក្រៅពីការវិនិយោគផ្នែកហិរញ្ញវត្ថុ CIFC មានបំណងគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ Bamnang ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន ព្រមទាំងជំរុញកិច្ចសហការរវាងក្រុមហ៊ុននានាដែលខ្លួនបានវិនិយោគ ដើម្បីអភិវឌ្ឍសេវាកម្មឱ្យកាន់តែពេញលេញសម្រាប់សិស្សនិស្សិត ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ