រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុន «Thales» មកពីប្រទេសបារាំង និងសាកលវិទ្យាល័យ ខេមតិច (CamTech) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវផ្នែកអវកាស និងអាកាសចរណ៍ ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន សមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ខេមតិច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ព្រមទាំងលោក Nicolas Bernardin នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Thales ប្រចាំនៅកម្ពុជា វៀតណាម និងឡាវ ។

កិច្ចសហប្រតិបត្តិការនេះមានគោលបំណងផ្តល់ឱកាសកាន់តែច្រើនដល់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ក្នុងការសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាអវកាស និងអាកាសចរណ៍ ព្រមទាំងទទួលបានចំណេះដឹងជាក់ស្តែងពីអ្នកជំនាញក្នុងវិស័យនេះ ។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកស្រី Éléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃប្រទេសបារាំង ទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី (Francophonie) ភាពជាដៃគូអន្តរជាតិ និងពលរដ្ឋបារាំងដែលរស់នៅក្រៅប្រទេស និងលោក Thierry Tea អនុប្រធានក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ព្រមទាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ខេមតិច ។
ការតភ្ជាប់វិស័យអប់រំក្នុងវិស័យអវកាសជាមួយនឹងជំនាញ និងបទពិសោធន៍
Thales គឺជាក្រុមក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយ ដែលមានបុគ្គលិកជាង ៨៥០០០ នាក់ នៅក្នុងចំនួន ៦៥ ប្រទេស ដោយធ្វើប្រតិបត្តិការលើវិស័យអវកាស, ការពារជាតិ, សន្តិសុខសាយប័រ (cyber security) និងបច្ចេកវិទ្យាឌីជីថល ។ ប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍របស់ក្រុមហ៊ុននេះ រួមមានប្រព័ន្ធណែនាំផ្លូវ (navigation) ប្រព័ន្ធឃ្លាំមើល និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ។ ក្រុមហ៊ុននេះមានជំនាញឯកទេសលើផ្នែកបញ្ញាសិប្បនិម្មិត (AI) សម្រាប់ប្រព័ន្ធសំខាន់ៗ និងផ្នែកសន្តិសុខសាយប័រ ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបានចំណាយថវិកាប្រមាណ ៤,៩ ពាន់លានដុល្លារអាមេរិក សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងផ្នែកធុរកិច្ចផ្សេងៗរបស់ខ្លួន រួមទាំងបញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ និងបច្ចេកវិទ្យាកង់ទិច (quantum technologies) ព្រមទាំងកាន់កាប់កម្មសិទ្ធិបញ្ញា (ប៉ាតង់) ច្រើនជាង ២២០០០ ផងដែរ ។

លោក Thierry Tea ដែលជាអ្នកផ្តួចផ្តើមគម្រោងរវាង ខេមតិច និង Thales បានពន្យល់ពីមូលហេតុថា៖ «Thales គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងពិភពលោកលើវិស័យអវកាស និងអាកាសចរណ៍ ហើយបានធ្វើការកែសម្រួល និងបង្កើតថ្មីនូវឧត្តមភាពនៃស្ថាប័នរបស់ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ១៨៩៣ មក ។ ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាដ៏ឆ្នើមសម្រាប់ពេលអនាគត យើងត្រូវការដៃគូអន្តរជាតិដ៏ល្អបំផុត ដើម្បីជួយអភិវឌ្ឍខ្លឹមសារនៃកម្មវិធីសិក្សារបស់យើង ។ ខ្ញុំផ្ទាល់បានធ្វើការជាមួយ Thales អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយខ្ញុំមានមោទនភាពដែលបាននាំយក Thales មកកាន់វិស័យអប់រំនៅកម្ពុជា ដើម្បីជួយឱ្យកម្មវិធីសិក្សាផ្នែកវិស្វកម្មរបស់យើងឈានដល់ស្តង់ដារអន្តរជាតិ» ។
យោងតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) សាកលវិទ្យាល័យ ខេមតិច និងក្រុមហ៊ុន Thales នឹងរួមគ្នាស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអវកាស (Aerospace) ព្រមទាំងវិស័យពាក់ព័ន្ធនានា ។ គោលបំណងគឺដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង លើកកម្ពស់នវានុវត្តន៍ និងស្វែងរកវិស័យដែលអាចសហការគ្នាលើផ្នែកសិក្សា បច្ចេកទេស និងឧស្សាហកម្ម ។ កិច្ចសហប្រតិបត្តិការទាំងនេះអាចរួមមាន ការធ្វើស្រាវជ្រាវរួមគ្នា និងគំនិតផ្តួចផ្តើមនៃការបង្កើតថ្មី ការចែករំលែកចំណេះដឹង និងជំនាញវិជ្ជាជីវៈ ការចូលរួមរបស់និស្សិត និងកម្មវិធីហាត់ការ ។

ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍ថា ៖ «យើងចង់ឱ្យសិស្សានុសិស្សនៅកម្ពុជាកាន់តែច្រើន អាចកសាងអាជីពក្នុងវិស័យអាកាសចរណ៍ និងអវកាស ។ ការធ្វើការជាមួយក្រុមហ៊ុន Thales ផ្តល់ឱកាសឱ្យពួកគេរៀនសូត្រដោយផ្ទាល់ពីអ្នកជំនាញដែលបង្កើតប្រព័ន្ធទាំងនេះជារៀងរាល់ថ្ងៃ ហើយបទពិសោធន៍នេះអាចផ្លាស់ប្តូរទស្សនៈរបស់សិស្សចំពោះអនាគតរបស់ពួកគេ។ ខ្ញុំសង្ឃឹមថា នេះគ្រាន់តែជាជំហានដំបូងនៃកិច្ចសហប្រតិបត្តិការជាច្រើនបន្តបន្ទាប់ទៀត» ។
លោក Thierry Tea បានបន្ថែមថា ៖ «ពិធីចុះហត្ថលេខានេះក្លាយជារឿងដ៏គួរឱ្យរំភើបមួយ ក្នុងការស្វែងរកគំនិតផ្តួចផ្តើមរួមគ្នាក្នុងវិស័យអាកាសចរណ៍និងអវកាស វិស្វកម្ម និងបច្ចេកវិទ្យាថ្មីៗ នៅឯមជ្ឈមណ្ឌល Connexion Innovation Lab ។ យើងមានគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអនុវត្ត (Applied Research Center) មួយនៅកោះពេជ្រ ដែលកំពុងអភិវឌ្ឍខ្លួនក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំធនធានមនុស្សដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា និងវិស្វកម្មនៅក្នុងតំបន់មេគង្គ ។ ចក្ខុវិស័យរបស់យើងគឺដើម្បីពង្រឹងសមត្ថភាពវិស្វករកម្ពុជាក្នុងស្រុក ព្រមទាំងលើកកម្ពស់ជំនាញបច្ចេកទេស និងសមត្ថភាពរបស់ពួកគេ ។ នេះគ្រាន់តែជាដំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ ហើយយើងពិតជារីករាយណាស់ដែលក្រុមហ៊ុន Thales ជឿជាក់លើចក្ខុវិស័យរបស់យើង ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីវិស្វកម្មកម្រិតស្តង់ដារអន្តរជាតិ» ។
កិច្ចព្រមព្រៀងនេះក៏ឆ្លុះបញ្ចាំងផងដែរអំពីការចូលរួមយ៉ាងសកម្មកាន់តែខ្លាំងឡើងរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) នៅក្នុងវិស័យអប់រំផ្នែកអាកាសចរណ៍ តាមរយៈការគាំទ្រដល់សាកលវិទ្យាល័យ ខេមតិច និងភាពជាដៃគូរវាងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ជាមួយស្ថាប័ន «World Citi Colleges International» (WCCI) ដើម្បីបង្កើតសាកលវិទ្យាល័យផ្នែកអាកាសចរណ៍ដំបូងគេនៅកម្ពុជា ។ គំនិតផ្តួចផ្តើមទាំងនេះរួមគ្នា មានគោលបំណងពង្រីកឱកាសសម្រាប់ការអប់រំឯកទេស ការស្រាវជ្រាវ និងការបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ