រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានចូលរួមក្នុងការបើកកម្មវិធីសប្បរសធម៌ រត់ដើម្បីការអប់រំកុមារព្រំដែន ក្នុងគោលបំណងបំផុសស្មារតី សាមគ្គីភាព និងរៃអង្គាសថវិកា ដើម្បីរួមចំណែកស្ដារឱកាសសិក្សា និងជួយដល់កុមារដែលរងផលប៉ះពាល់ពីស្ថានភាពតានតឹងនៅតាមតំបន់ព្រំដែន អាចបន្តការសិក្សាប្រកបដោយសមភាព ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅ ជីប ម៉ុង លែន គម្រោង ២៧១ ។

ក្រុមហ៊ុន ជីប ម៉ុង បានគាំទ្រឧបត្ថម្ភក្នុងកម្មវិធី «រត់ដើម្បីការអប់រំកុមារព្រំដែន» ដែលត្រូវបានផ្តួចផ្តើមដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយកម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំង លោកបណ្ឌិត ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ។ លើសពីកម្មវិធីរត់ធម្មតា ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពី ការរួបរួម សាមគ្គីភាព និងឯកភាពជាតិ ក្នុងនាមជាប្រជាជាតិខ្មែរតែមួយ ក្នុងការគាំទ្រដល់កុមារដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន ឱ្យមានឱកាសបន្តការសិក្សារៀនសូត្រ ព្រោះការអប់រំ ជាគ្រឹះដ៏សំខាន់សម្រាប់អនាគតរបស់កុមារគ្រប់រូប ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់រួមចំណែកអភិវឌ្ឍជាតិ ។

ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមឧបត្ថម្ភ និងគាំទ្រវិស័យអប់រំ និងកីឡា តាមរយៈសកម្មភាពសង្គមជាច្រើន ដូចជា ការឧបត្ថម្ភព្រឹត្តិការណ៍កីឡា ការសហការជាមួយស្ថាប័នពាក់ព័ន្ធ ការកសាង និងជួសជុល សាលារៀន ការផ្តល់ជំនួយ និងសម្ភារៈសិក្សា ការផ្តល់អាហារូបករណ៍ ព្រមទាំងការបង្កើតឱកាសការងារដល់យុវជនជាដើម ។ ការចូលរួមទាំងនេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ជីប ម៉ុង ក្នុងការវិនិយោគលើ ធនធានមនុស្ស លើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍវិស័យកីឡា ដើម្បីរួមចំណែកកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព គុណភាព និងសីលធម៌ ក្នុងការធានាបាននូវសុខសុវត្ថិភាព សន្តិភាព និង ស្ថិរភាពសង្គម ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងកសាងអនាគតដ៏ភ្លឺស្វាងនៃទំពាំង ស្នងឫស្សីរបស់កម្ពុជា ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ