រាជធានីភ្នំពេញ, ថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2026 ៖ ធនាគារ ABA មានមោទនភាពដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរ ពីកម្មវិធី Asian Banking and Finance Awards (ប្រទេសសិង្ហបុរី) រួមមាន ធនាគារបម្រើសេវារូបវន្តបុគ្គលដ៏ឆ្នើមប្រចាំឆ្នាំ និងធនាគារបម្រើសេវា សាជីវកម្ម និងវិនិយោគដ៏ឆ្នើមប្រចាំឆ្នាំ ។ ពានរង្វាន់ទាំងនេះ បញ្ជាក់ជាថ្មីពីសមត្ថភាពឆ្នើមឈានមុខយូរមកហើយរបស់ ABA ក្នុងវិស័យធនាគារនៅកម្ពុជា និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនវានុវត្តន៍ ឧត្តមភាពសេវាកម្ម និងដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយសម្រាប់អតិថិជនជារូបវន្តបុគ្គល និងអាជីវកម្ម ។

ឧត្តមភាពសេវារូបវន្តបុគ្គល
ការទទួលស្គាល់ ABA ជា ធនាគារបម្រើសេវារូបវន្តបុគ្គលឆ្នើមប្រចាំឆ្នាំ រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា ជាសក្ខីភាពថ្មីបន្ថែមទៀត បញ្ជាក់អំពីភាពឈានជាយូរមកហើយរបស់ ABA នៅក្នុងវិស័យធនាគារផ្នែករូបវន្តបុគ្គលរបស់កម្ពុជា និងសមត្ថភាពរបស់ធនាគារក្នុងការបន្តផ្តល់នូវបទពិសោធសេវាធនាគារទំនើប ដែលតម្រូវតាមអតិថិជន ។
ភាពជោគជ័យនេះ កើតចេញពីអេកូស៊ីស្ទែមរូបវន្តបុគ្គលដ៏រឹងមាំ រួមមានជាអាទី៍ បណ្តាញសាខាទូទាំង ប្រទេស ហេដ្ឋារចនាសម្ពន្ធស្វ័យសេវា ភាពជាដៃគូយុទ្ធសាស្ត្រ និងផ្លែតហ្វមធនាគារឌីជីថលដ៏ទំនើប។ តួឯកដ៏សំខាន់នៃអេកូស៊ីស្ទែមនេះ គឺ ABA Mobile ជាកម្មវិធីធនាគារលើទូរស័ព្ទដៃឈានមុខរបស់កម្ពុជា ដែលបន្តពង្រឹងសមត្ថភាពជាមួយនវានុវត្តន៍ដូចជា មុខងារណាវី ដែលជាជំនួយការនិម្មិត ដំណើរការដោយបច្ចេកវិទ្យា AI, មុខងារវិភាគ ដែលជាជំនួយការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងមុខងារតម្រូវតាមអតិថិជន ដែលឆ្លើយតបតាមតម្រូវការថ្មីៗរបស់អតិថិជន ។

ភាពនាំមុខលើផ្នែកសាជីវកម្ម
ABA ទទួលបានពាន ធនាគារបម្រើសេវាសាជីវកម្ម និងវិនិយោគឆ្នើមប្រចាំឆ្នាំ ជាលើកដំបូង ពី Asian Banking and Finance ដែលទទួលស្គាល់លើការពង្រីក និងការរីកចម្រើនជាបន្តបន្ទាប់នៃសេវាធនាគារសាជីវកម្មរបស់ ABA ព្រមទាំងសមត្ថភាពក្នុងការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុកម្រិតខ្ពស់ សម្រាប់អាជីវកម្មតូចធំគ្រប់ប្រភេទ ។
បច្ចុប្បន្ន ABA មានផ្តល់សេវាកម្មដូចជា កម្ចីសាជីវកម្ម ហិរញ្ញប្បទានពាណិជ្ជកម្ម ការគ្រប់គ្រងសាច់ប្រាក់ សេវាកម្ម Escrow និងសេវាធនាគារឌីជីថលតាមរយៈផ្លែតហ្វម ABA Business ដោយជួយដល់ក្រុមហ៊ុនបង្កើនប្រសិទ្ធភាព គ្រប់គ្រងហានិភ័យ និងគាំទ្រដល់ការរីកចម្រើនយូរអង្វែង ។ លើសពីការផ្ដល់សេវាធនាគារស្ដង់ដារ ABA បន្តគាំទ្រដល់ការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា តាមរយៈ ការវិនិយោគ និងហិរញ្ញប្បទានយុទ្ធសាស្ត្រ។ ក្នុងឆ្នាំនោះផងដែរ ធនាគារបានក្លាយជាអ្នកវិនិយោគធំជាងគេ នៃសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា ព្រមទាំងគាំទ្រហេដ្ឋារចនាសម្ពន្ធធំៗ និងគម្រោងថាមពលកកើតឡើងវិញ តាមរយៈហិរញ្ញប្បទានគម្រោង ។ គំនិតផ្តួចផ្តើមទាំងនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ABA ចំពោះហិរញ្ញវត្ថុប្រកបដោយចីរភាព និងតួនាទីរបស់ខ្លួនក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិយូរអង្វែង ។

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “ពានរង្វាន់ទាំងពីរនេះ ទទួលស្គាល់នូវសមត្ថភាពរបស់យើងខ្ញុំ ក្នុងការផ្តល់បទពិសោធធនាគារល្អឯកសម្រាប់អតិថិជនជារូបវន្តបុគ្គលរាប់លាននាក់ ខណៈផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែបជូនអាជីវកម្មតូចធំគ្រប់ប្រភេទដែលគាំទ្រដល់ការវិនិយោគ ការរីកចម្រើននិងវឌ្ឍនភាពសេដ្ឋកិច្ចយូរអង្វែង របស់កម្ពុជា” ។ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនគ្រប់រូបសម្រាប់ទំនុកចិត្ត និងសូមអរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់សម្រាប់ការបំពេញការងារបានយ៉ាងល្អប្រសើរ។ ការទទួលស្គាល់ទាំងនេះ គឺជាកម្លាំងបន្ថែម ដែលជំរុញឲ្យយើងខ្ញុំបន្តវិនិយោគទៅលើធនធានមនុស្ស បច្ចេកវិទ្យា និងអេកូស៊ីស្ទែម ដើម្បីយើងខ្ញុំមានសមត្ថភាពបន្ថែមក្នុងការផ្ដល់គុណតម្លៃកាន់តែប្រសើរ ព្រមទាំងរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា” ។
ឆ្ពោះទៅមុខ
ដោយផ្អែកលើភាពនាំមុខលើសេវារូបវន្តបុគ្គល និងការបន្ដពង្រីកសមត្ថភាពសេវាធនាគារសាជីវកម្ម ABA បន្តប្តេជ្ញាផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្ត ដើម្បីបន្តផ្តល់នូវសេវាកម្មតាមតម្រូវការថ្មីៗអតិថិជនគ្រប់ៗរូប។ តាមរយៈការបន្តវិនិយោគលើបច្ចេកវិទ្យា និងពង្រឹងសមត្ថភាពបម្រើសេវាធនាគារទាំងក្នុងផ្នែករូបវន្តបុគ្គល និងសាជីវកម្ម ABA នឹងបន្តក្លាយជាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នក ដែលពង្រឹងសមត្ថភាពអតិថិជន គាំទ្រអាជីវកម្ម និងរួមចំណែកដល់វិបុលភាពយូរអង្វែងរបស់កម្ពុជា ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ