ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាកលវិទ្យាល័យ ទួន​ហ្វា បើក​ទទួល​ចុះ​ឈ្មោះ​ឆ្នាំ​សិក្សា ២០២៦-២០២៧ ផ្តល់​ឱកាស​សិក្សា​ថ្មី​សម្រាប់​យុវជន​កម្ពុជា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សាកលវិទ្យាល័យ ទួន​ហ្វា បាន​ប្រកាស​បើក​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ សម្រាប់​ឆ្នាំ​សិក្សា ២០២៦–២០២៧ ចាប់ពី​ខែកក្កដា ឆ្នាំ​ ២០២៦ តទៅ ដោយ​បើកឱកាស​ដល់​សិស្ស​ថ្នាក់​ទី ​១២ និង​អ្នក​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​កម្រិត​ឧត្តម​សិក្សា អាច​ចាប់ផ្តើម​រៀបចំ​អនាគត​របស់​ខ្លួន​ជាមួយ​ការ​អប់រំ​ប្រកបដោយ​គុណភាព ​។

ក្នុង​ឱកាស​បើក​ទទួល​សិស្ស​ជំនាន់​ដំបូង សាកលវិទ្យាល័យ ទួន​ហ្វា បាន​ផ្តល់​អាហារូបករណ៍​ប្រមាណ ១០០ កន្លែង ទៅ​ដល់​សិស្ស​ឆ្នើម ដោយ​ផ្អែក​លើ​លទ្ធផល​សិក្សា ការ​ប្រឡង​អាហារូបករណ៍ និង​កម្មវិធី​អាហារូបករណ៍​ពី​ដៃគូ​សហការ ដើម្បី​ជួយ​លើកកម្ពស់​ឱកាស​ទទួល​បានការ​អប់រំ​សម្រាប់​យុវជន​ដែល​មាន​សមត្ថភាព ​។

ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​អបអរសាទរ​ការ​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ថ្មី សាកលវិទ្យាល័យ បាន​រៀបចំ​វត្ថុ​អនុស្សាវរីយ៍​ទៅ​ជូន​ដល់​អ្នក​ចុះ​ឈ្មោះ ៣០០ នាក់​ដំបូង ជា​ឈុត​សៀវភៅ និង​ដប​ទឹក​ដ៏​ស្រស់​ស្អាត​ពី​សាកលវិទ្យាល័យ​។ កម្មវិធី​នេះ មាន​គោលបំណង​លើកទឹកចិត្ត​ឱ្យ​សិស្ស​រៀបចំ​ផែនការ​បន្ត​ការ​សិក្សា​របស់​ខ្លួន​ឱ្យ​បាន​ទាន់​ពេលវេលា​ ។

លោក​បណ្ឌិត ហៀ​ង សុធា​រ៉ា សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ ទួន​ហ្វា បាន​លើក​ឡើង​ថា សាកលវិទ្យាល័យ ទួន​ហ្វា ផ្តល់​អាទិភាព​លើ​ការ​អប់រំ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ តាម​រយៈ​កា​រត​ភ្ជាប់​រវាង​កម្មវិធី​សិក្សា​ជាមួយ​មុខ​វិជ្ជា ដែល​ជា​តម្រូវការ​របស់​ក្រុមហ៊ុន សហគ្រាស និង​បាន​ចាក់​បញ្ចូល​មូលដ្ឋាន​គ្រឹះ​គណិត​វិទ្យា និង​ការ​វិភាគ​ទិន្នន័យ​សម្រាប់​គាំទ្រ​ការ​សម្រេចចិត្ត​ក្នុង​អាជីវកម្ម និង​ការងារ​ ។ ជាមួយ​គ្នា​នេះ សាកលវិទ្យាល័យ បាន​យកចិត្តទុកដាក់​ក្នុង​ការ​បណ្តុះ​និស្សិត​ឱ្យ​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​ក្នុង​ទីផ្សារ​ការងារ ដោយ​បញ្ចូល​ការ​សិក្សា​ភាសា​ចិន​រយៈពេល ៤ ឆ្នាំ​លើ​គ្រប់មុខ​ជំនាញ ដើម្បី​ឱ្យ​និស្សិត​អាច​ប្រើប្រាស់​ភាសា​ចិន​បាន​ប្រកបដោយ​ប្រសិទ្ធភាព បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​។

សាកលវិទ្យាល័យ ទួន​ហ្វា ផ្តល់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​លើ ១១ ជំនាញ ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ រួម​មាន ភាសា​ចិន​សម្រាប់​ធុរកិច្ច អប់រំ​ភាសា​ចិន បកប្រែ​ភាសា​ចិន ហិរញ្ញវត្ថុ និង​ធនាគារ គ្រប់គ្រង​ធុរកិច្ច គ្រប់គ្រង​ធនធានមនុស្ស ទីផ្សារ សេដ្ឋកិច្ច​ពាណិជ្ជកម្ម វិស្វកម្ម​សំណង់​ស៊ី​វិល និង​ហេដ្ឋារចនាសម្ព័ន្ធ វិស្វកម្ម​មេកា​ត្រូ​និក ព្រមទាំង​ស្ថាបត្យកម្ម និង​នគរូបនីយកម្ម​ ។

ការ​បើក​ទទួល​សិស្ស​ជំនាន់​ដំបូង​របស់​សាកលវិទ្យាល័យ ទួន​ហ្វា ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រួមចំណែក​ពង្រីក​ឱកាស​ទទួល​បានការ​អប់រំ​ថ្នាក់ឧត្តម​សិក្សា​ប្រកបដោយ​គុណភាព និង​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​មានចំណេះ​ដឹង ជំនាញ និង​សមត្ថភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​ ។ សាកលវិទ្យាល័យ ទួន​ហ្វា បាន​អំពាវនាវ​ដល់​សិស្ស​ថ្នាក់​ទី​ ១២ អ្នក​ទើប​បញ្ចប់​ការ​សិក្សា និង​អ្នក​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​ឱ្យ​អញ្ជើញ​មក​ស្វែង​យល់​ព័ត៌មាន និង​ដាក់​ពាក្យ​ចុះ​ឈ្មោះ​ចូល​រៀន​ចាប់ពី​ពេល​នេះ​តទៅ​ ៕ អត្ថបទសហការ