ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ការងារ ​អាស៊ាន​លើក​ទី​២១ នឹង​ពិនិត្យ​​វឌ្ឍនភាព​ ​ផ្តោត​លើ​ទីផ្សារ​ការងារ ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម ចល័ត​ភាព​កម្លាំង​ពលកម្ម សុវត្ថិភាព និង​សុខភាព​ការងារ​

2 ថ្ងៃ មុន

ខេត្តសៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ការងារ​អាស៊ាន​លើក​ទី​២១ (21st SLOM)…

ខេត្តសៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ការងារ​អាស៊ាន​លើក​ទី​២១ (21st SLOM) ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ នៅ​ខេត្តសៀមរាប​។ នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​កម្ពុជា​មាន​កិត្តិយស បាន​ទទួល​រៀបចំ​កិច្ចប្រជុំ ​ឧត្តមមន្ត្រី​ការងារ​អាស៊ាន​ម្តងទៀត ដែល​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ ដើម្បី​បញ្ជាក់​ឡើង​វិញ​នូវ​គោលបំណង​រួម​គ្នា ក្នុង​ការ​ពង្រឹងកម្លាំង​ពលកម្ម​របស់​អាស៊ាន ប្រកបដោយ​បរិ​យា​បន្ន ចីរភាព ភាព​ធន់ និង​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ពេល​អនាគត ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​អបអរសាទរ​លោក​ជំទាវ Joan Moh អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ហត្ថពល​កម្ម នៃ​ប្រទេស​សិង្ហ​បុរី និង​ជា​តំណាង​ប្រធាន​ប្តូរ​វេន​ឧត្តមមន្ត្រី​ ការងារ​អាស៊ាន សម្រាប់​ឆ្នាំ២០២៤-២០២៦ ចំពោះ​ការ​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​ រដ្ឋមន្ត្រី​ការងារ​អាស៊ាន​លើក​ទី​២៨ (28th ALMM) និង​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ការងារ​អាស៊ាន លើក​ទី​២០ និង​លើក​ទី​២១ (20th & 21st SLOM) ដែល​នឹង​ពិនិត្យ​មើល​វឌ្ឍនភាព​ ដោយ​ផ្តោត​លើ​ទីផ្សារ​ការងារ ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម ចល័ត​ភាព​កម្លាំង​ពលកម្ម សុវត្ថិភាព និង​សុខភាព​ការងារ​ជាដើម​។

ឯកឧត្តម​ក៏​បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ ឧត្តមមន្ត្រី​ការងារ​អាស៊ាន​ ដែល​សម្រេច​បាន​នូវ​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់ ​ក្នុង​ការ​សម្រេច​បាន​នូវ​របៀបវារៈ​ពាក់ព័ន្ធ​ នឹង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម និង​វិស័យ​ការងារ តាម​រយៈ​ការ​ទប់ស្កាត់ ការ​អប់រំ ការ​គាំពារ​សង្គម ដែល​ស្រប​ជាមួយនឹង​ប្រធានបទ “​ពង្រឹង​ភាព​ធន់ និង​លើកកម្ពស់​នវានុវត្តន៍​” ដែល​មាន​សិង្ហ​បុរី​ជា​ប្រធាន និង​ប្រធានបទ “​បរិ​យា​បន្ន និង​ចីរភាព​” ដែល​មាន​ម៉ា​ឡេ​ស៊ី​ ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ ​។

ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់ ​នៃ​បរិវត្ត​កម្ម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ការងារ​បៃតង និង​លំ​អាន​ថ្មី​នៃ​ចល័ត​ភាព ​ទេសន្តរប្រវេសន៍ ដែល​ផ្ដល់​នូវ​ឱកាស​ជា​ច្រើន ​សម្រាប់​ការ​រីក​ចម្រើន និង​នវានុវត្តន៍ ​។ ក្នុង​បរិបទ​នេះ គំនិត​ផ្ដួចផ្ដើម​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​ សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​ឱកាស​ការងារ ប្រព័ន្ធ​ទីផ្សារ​ការងារ ការ​ពង្រីក​របប​សន្តិសុខ​សង្គម ការ​បិទ​គម្លាត​ជំនាញ ពិតជា​មាន​ភាព​ចាំបាច់​ណាស់​ ៕ អត្ថបទសហការ