ខេត្តកំពង់ធំ៖ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យតាំងក្រសាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានអគារបន្ទប់ទឹកស្អាត ដែលជាសមិទ្ធផលថ្មី នៃការចូលរួមលើកកម្ពស់បញ្ហាសុខភាព និងបរិស្ថាននៅក្នុងសាលារៀន ក្រោមគម្រោងគាំទ្រពី Autobahn VAG និង Tri Dong ។
លោកជំទាវបណ្ឌិត ជា សិរី ទសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅវិទ្យាល័យ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ, លោកជំទាវបានចូលរួមអបអរសាទរ ចំពោះអគារបន្ទប់ ទឹកដ៏ស្អាត និងមានសោភ័ណ្ឌភាព ដែលបានរចនាដោយគិតគូរគ្រប់ជ្រុងជ្រោយ ពន្លឺ ខ្យល់ អនាម័យ ក្លិន និងភាពងាយស្រួល មួយ ខ្នងនេះ ដែលមានចំនួន ៦ បន្ទប់, ៥ បន្ទប់សម្រាប់យុវតី និង ១ បន្ទប់ សម្រាប់សិស្សមានពិការភាព ហើយនេះក៏ជាសមិទ្ធផលថ្មីមួយ បន្ថែមទៀត សម្រាប់វិទ្យាល័យតាំងក្រសាំង ។
លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងក្រុមហ៊ុន Autobahn_VAC និងក្រុមហ៊ុន Tri Dung ដែលបានគាំទ្រឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ក្នុងការកសាងអគារបន្ទប់ទឹកស្អាតនេះឡើង និងបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, មន្ទីរអប់រំ យុវជន និងកីឡា, លោកនាយក, លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ រួមសាមគ្គីគ្នាកសាងអគារបន្ទប់ទឹកស្អាតថ្មីនេះឡើង ដើម្បីលើកកម្ពស់អនាម័យ អនាម័យមាន សារៈសំខាន់ណាស់ពិសេស សិស្សនារី ដែលជាផ្នែកមួយក្នុងការលើស្ទួយ ការពារសុខភាព និងការចូលរួមការពារនូវជម្ងឺដង្កាត់ផ្សេងៗ ។
លោកជំទាវ បន្តថា រាជរដ្ឋាភិបាលបន្តវេនថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យសំខាន់ៗ នានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្នែកអនាម័យ និងទឹកស្អាតជាអាទិភាពមួយជាមួយ នឹង ចក្ខុវិស័យជំរុញឲ្យមានការទទួលបានទឹកស្អាត និងសេវាអនាម័យជាសកលឱ្យបានត្រឹមឆ្នាំ២០៣០ ។ ក្នុងឱកាសនេះដែរ, លោកជំទាវ នាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភចែកជូនបងប្អូនសរុបប្រមាណ ៤១៨ នាក់ រួមមាន៖ ឧបត្ថម្ភវិទ្យាល័យតាំងក្រសាំងចំនួន ២ ម៉ឺន រៀល, ឧបត្ថម្ភមន្ត្រីការិយាល័យអប់រំ ១២ នាក់ រដ្ឋបាលស្រុក និងសមាជិកគណៈកម្មការបក្សឃុំ ៣១ នាក់ និងលោកគ្រូ-អ្នកគ្រូ ចំនួន ៧៥ នាក់ ក្នុងម្នាក់ៗទទួលបានក្រមា ១ និងថវិកាចំនួន ៣ ម៉ឺនរៀល, និងឧបត្ថម្ភសិស្សានុសិស្សចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួល បានឃីត ១ និងថវិកាចំនួន ១ ម៉ឺនរៀល ។
សូមបញ្ជាក់ថា នៅថ្ងៃដ៏ដែលនេះដែរ, លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញចូលរួមប្រគល់ផ្ទះមួយខ្នង ជូនគ្រួសារចាស់ជរា ស្ថិត នៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ