រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Takeshi Kito សហស្ថាបនិក និងនាយកប្រតិបត្តិស្ថាប័ន Global Finance & Technology Network (GFTN) នៃប្រទេសជប៉ុន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ ។
ក្នុងជំនួបនេះ លោក Takeshi Kito ដែលជាសមាជិកនៃគណៈកម្មាធិការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន (Japan’s regulator sandbox committee) ដែរនោះ បានបញ្ជាក់ពីគោលបំណងចម្បងនៃដំណើរទស្សនកិច្ចរយ:ពេលពីរថ្ងៃរបស់លោកនៅកម្ពុជា និងចំណាប់អារម្មណ៍ក្នុងការស្វែងយល់ពីដំណើរវិវត្តនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងស្វែងរកលទ្ធភាពថ្មីៗក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ។
ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានមានប្រសាសន៍ពីវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលកន្លងមក ជាពិសេសប្រព័ន្ធទូទាត់បាគង ដែលបានក្លាយជាគំរូសិក្សាសម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសជាច្រើន ។ បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងបានលើកទឹកចិត្តឱ្យស្វែងរកលទ្ធភាពក្នុងការពង្រីកកិច្ចសហការថែមទៀតផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ