រាជធានីភ្នំពេញ៖ អ្នកវិភាគនៅកម្ពុជាបានចាត់ទុកការកើនឡើង ចំនួនអង្គការវិជ្ជាជីវៈ ខាងកម្មករនិយោជិតរហូតជិតដល់ ៧ពាន់ថាជាឋានសួគ៌ នៃសេរីភាពសហជីពនៅកម្ពុជា ពោលគឺសហជីពនៅកម្ពុជាកំពុងអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន បានយ៉ាងពេញលេញស្របតាមច្បាប់ ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ចំនួនសហជីពមានជិតដល់ ៧ពាន់ ខណៈរោងចក្រមានចំនួនតិចជាង នេះគឺជាឋានសួគ៌នៃសេរីភាពសហជីពនៅកម្ពុជា ដែលបង្ហាញពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិ របស់កម្មករនិយោជិតត្រូវបានអនុវត្តយ៉ាងពេញលេញ ។
លោកថ្លែងថា៖ «នេះជាឋានសួគ៌នៃសេរីភាពសហជីពនៅកម្ពុជា ថែមទាំងទទួលបានការងារធ្វើ មានសិទ្ធិពេញលេញនៅក្នុងទស្សនការពារផលប្រយោជន៍របស់ក្រុមខ្លួន នៅក្នុងការងារសហជីព អ៊ីចឹងខ្ញុំគិតថា នេះជាឋានសួគ៌មួយនៃសេរីភាពសម្រាប់ការបញ្ចេញមតិ នៃបងប្អូនកម្មករនិយោជិតរបស់យើង ក្នុងកម្រិតក្របខណ្ឌវិជ្ជាជីវៈ» ។
រីឯលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញក្តីរីករាយនៅពេលឃើញច្បាប់មានការបើកចំហរសិទ្ធិសេរីភាពបានទូលំទូលាយ ដែលសហជីពមានចំនួនច្រើនជាងរោងចក្រសហគ្រាស ។
លោកថ្លែងថា៖ «ខ្ញុំសប្បាយចិត្តនៅពេលដែលឃើញច្បាប់ បើកចំហរសិទ្ធិសេរីភាពឱ្យបានទូលំទូលាយ កំណត់រហូតដល់សហជីព មានច្រើនជាងរោងចក្រសហគ្រាសទៅទៀត ប៉ុន្តែធ្វើយ៉ាងណាឱ្យមានសុឆ្ឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយបញ្ហា កុំឱ្យទាញផលប្រយោជន៍អំពីអ្វី ដែលជាតួនាទីពាក់ព័ន្ធ» ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ