រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនពលករត្រឡប់មកពីថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
លោក ស៊ុន មេសា បានឱ្យដឹងបន្តថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាបនេះ នឹងត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៧ ខែតុលា រៀបចំនៅសាលាស្រុកអង្គរជុំ, ថ្ងៃទី ១៨ ខែតុលា នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ និងនៅថ្ងៃទី ១៩ ខែតុលា នៅមុខផ្សារកំពង់ក្តី ស្រុកជីក្រែង ។
អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងបន្ថែមថា នៅក្នុងពិព័រណ៍នេះ បងប្អូនពលករ ក៏ដូចជាយុវជនអាចដាក់ពាក្យ និងអាចសម្ភាសន៍ការងារភ្លាមៗ ហើយក៏អាចចុះឈ្មោះចូលរៀនជំនាញដែលស័ក្តិសម សម្រាប់បងប្អូនចំនួន ១២ជំនាញ ដោយឥតគិតថ្លៃ ហើយក៏ទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. នៅពេលចូលធ្វើការងារ ដែលរួមមាន៖ អត្ថប្រយោជន៍ហានិភ័យការងារ, ថែទាំសុខភាព និងប្រាក់សោធន ។
សម្រាប់ពិព័រណ៍នៅខេត្តសៀមរាបនេះ លោក ស៊ុន មេសា បានអំពាវនាវដល់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ ក៏ដូចជាយុវជនដែលមិនទាន់ទទួលបានការងារធ្វើ សូមទៅចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុក ដែលមានអត្ថប្រយោជន៍ជាច្រើន ។
គួរឱ្យដឹងថា ខេត្តសៀមរាប គឺជាខេត្តទី៣ ហើយ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ