រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ «សូ រតនះ» សូមលុបចោលនូវវីដេអូដែលបានបង្ហោះ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ ជាបន្ទាន់ ព្រោះនោះជាវីដេអូចាស់ ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី ១៦ ខែតុលានេះថា សូមម្ចាស់គណនីឈ្មោះ «សូ រតនះ» លុបចោលវីដេអូដែលមានរយៈពេល ៥៧វិនាទីនោះជាបន្ទាន់ ព្រោះមិនមែនជាហេតុការណ៍កើតឡើងថ្មីៗនេះទេ គឺកើតឡើងតាំងពីឆ្នាំ ២០១៩ មកម្លេះ ។
លោកបន្ថែមថា ការបង្ហោះនេះ នាំឱ្យមានការភាន់ច្រឡំបន្តដល់សាធារណជន ដូច្នេះសូមម្ចាស់គណនីហ្វេសប៊ុកខាងលើ លុបចេញជាបន្ទាន់ ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក សូមកុំបន្តចែកចាយនូវវីដេអូនេះ ព្រោះអាចបង្កឱ្យមានការភាន់ច្រឡំបន្ថែម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ