ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មាន​សហជីព​ជិត ៧​ពាន់ បាន​ចុះ​បញ្ជិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា នេះ​សបញ្ជាក់​ពី​ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព និង​ផលប្រយោជន៍​កម្មករ

13 ម៉ោង មុន

រាជធានីភ្នំពេញ៖ គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២៥ នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សហជីព​ដែល​បាន​ចុះ​បញ្ជិការ​បាន​កើនឡើង​ជិត​ដល់ ៧​ពាន់ ដោយ​ក្រសួង​ការងារ​បាន​គូសបញ្ជាក់​ថា នេះ​ជា​លទ្ធផល​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព…

រាជធានីភ្នំពេញ៖ គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២៥ នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សហជីព​ដែល​បាន​ចុះ​បញ្ជិការ​បាន​កើនឡើង​ជិត​ដល់ ៧​ពាន់ ដោយ​ក្រសួង​ការងារ​បាន​គូសបញ្ជាក់​ថា នេះ​ជា​លទ្ធផល​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព និង​ផលប្រយោជន៍​របស់កម្មករ​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៤ ខែតុលា​នេះ​ថា គិត​ត្រឹម​សីហា ឆ្នាំ ២០២៥ សហជីព​ដែល​បាន​ចុះបញ្ជី​ការ​មាន​ចំនួន ៦ ៧៣៥ ដោយ​ក្នុង​នោះ សហជីព​មូលដ្ឋាន​មាន​ចំនួន ៦ ៤១១, សហព័ន្ធ​សហជីព​មាន​ចំនួន ២៨២ និង​សហភាព សហជីព​មាន​ចំនួន ៤២​ ។ នៅ​ក្នុង​នោះ ក៏​មាន​សមាគម​និយោជក​ចំនួន ១៣ ដែរ​។

លោក​បន្ត​ថា គ្រាន់តែ​ក្នុង​រយៈពេល ២​ខែ គឺ​នៅ​ខែកក្កដា និង​ខែសីហា ឆ្នាំ ២០២៥​នេះ ការ​ចុះ​បញ្ជិការ​សហជីព​ថ្មី​មាន​រហូត​ដល់ ៦៨ ដោយ​ក្នុង​នោះ សហជីព​មូលដ្ឋាន​មាន​ចំនួន ៦៧ និង​សហព័ន្ធ​សហជីព​ចំនួន ១​ ។

លោក ស៊ុន មេ​សា លើក​ឡើង​ថា៖ «​ការ​ចុះ​បញ្ជិការ​សហជីព គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់ ដែល​មាន​ជា​ធរមាន​នៅ​កម្ពុជា ​។ នេះ​សបញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា មាន​បំណង​ច្បាស់លាស់ ​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ និង​សេរីភាព​របស់​កម្មករ និង​និយោជក​ទាំងអស់​»​ ។

ជាមួយ​គ្នា​នេះ លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ចុះ​បញ្ជិការ​សហជីព​មូលដ្ឋាន មិន​មានការ​លំបាក ឬ​ក៏​ភាព​ស្មុគស្មាញ​អ្វី​នោះ​ទេ ហើយ​មក​ដល់​ពេល​នេះ ​ការ​ចុះ​បញ្ជិការ​សហជីព​មូលដ្ឋាន ​មាន​រហូត​ដល់​ជាង ៦​ពាន់​, សហព័ន្ធ​សហជីព​មាន​ជាង ២០០ និង​សហភាព​សហជីព​មាន​ជាង ៤០​។

លោក សំ សឿ​ន បាន​បន្ថែម​ថា តាម​រយៈ​តួលេខ​ដ៏​ច្រើន​នេះ បាន​បង្ហាញ​អំពី​លំហ និង​សេរីភាព​នៃ​ការ​ចង.ក្រង​សហជីព​នៅ​កម្ពុជា ដែល​មាន​ភាពល្អ​ប្រសើរ បើ​ប្រៀបធៀប​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​លើ​ពិភពលោក ​។

ចំណែក​លោក អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ បាន​លើក​ឡើង​ថា ការ​ចុះ​បញ្ជិការ​សហជីព​ជា​រួម មិន​មានការ​លំបាក​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​សហជីព​មាន​រហូត ​ដល់​រាប់​ពាន់​ឯណោះ​។ លោក អ៊ុ​ន ដា​រ៉ា បាន​កត់​សម្គាល់ថា ការ​ចុះ​បញ្ជិការ​សហជីព គឺ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​ស្រប​តាម​គោលការណ៍​ច្បាប់ និង​ដំណើរការ​នីតិវិធី ដែល​មាន​ជា​ធរមាន​ ។

ការ​កើនឡើង​នៃ​ចំនួន​សហជីព​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សញ្ញា​បង្ហាញ​ពី​ការ​រីក​ចំរើន​នៃ​វិស័យ​ពលកម្ម និង​ការ​យកចិត្តទុកដាក់​ពី​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធានា​សិទ្ធិ​សេរីភាព សុវត្ថិភាព និង​ផលប្រយោជន៍​កម្មករ​ទូ​ទាំង​ប្រទេស ​៕ អត្ថបទសហការ