ជប៉ុន ៖ សហគមន៍ខ្មែរនៅជប៉ុន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងតូក្យូ និងខេត្តក្យូតុ ដើម្បីសម្តែងមតិថ្កោលទោសកងកម្លាំងចម្រុះថៃ ដែលបានបន្តទន្ទ្រាន ឈូសឆាយដី នៅភូមិព្រៃចាន់ ឃុំអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ។
បន្ថែមពីនេះ ការប្រមូលផ្តុំរបស់សហគមន៍ខ្មែរនេះ ក៏មានការដាក់ញត្តិទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងបារាំងប្រចាំប្រទេសជប៉ុន ដើម្បីអំពាវនាវឱ្យថ្កោលទោសចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃ និងចាត់វិធានការបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសនេះបញ្ឈប់សកម្មភាពយ៉ាងគគ្លើននេះ។
អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ការប្រមូលផ្តុំនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ៗ ដើម្បីប្រកាសថ្កោលទោសចំពោះអំពើរំលោភបំពានលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ។
សហគមន៍ខ្មែរនៅប្រទេសជប៉ុនទាមទារឱ្យអាជ្ញាធរថៃបញ្ឈប់នូវទង្វើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះ ជាបន្ទាន់ និងគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ស្មារតីនៃកិច្ចប្រជុំ GBC និង RBC, MOU ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន៕
ចែករំលែកព័តមាននេះ