ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សមាគមខ្មែរចំនួន ៦ នៅកូរ៉េខាងត្បូង ចេញញត្តិថ្កោលទោសចំពោះសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ 

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សមាគមខ្មែរចំនួន ៦ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥…

រាជធានីភ្នំពេញ ៖ សមាគមខ្មែរចំនួន ៦ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ នេះ បានចេញញត្តិដាច់ដោយឡែកពីគ្នា ដោយថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ ដែលបានរំលោ.ភលើកិច្ចព្រមព្រៀងបទឈប់បា.ញ់ និងរំលោ.ភលើស្មារតីនៃកិច្ចព្រមព្រៀង GBC និង RBC ។  

សមាគមទាំង ៦ នោះ រួមមាន៖ សមាគមខ្មែរជួយខ្មែរ នៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉េ, សមាគមកម្ពុជាសាមគ្គី, សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា, សមាគមខ្មែររួមគ្នាដើម្បីខ្មែរ នៅសាធារណរដ្ឋកូរ៉េ, សមាគមបញ្ញវន្ដខ្មែរនៅកូរ៉េ និងសមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ។ 

គួររំលឹកថា កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ។  

នៅក្នុងញត្តិថ្កោលទោសទាំងនោះ សមាគមទាំង ៦ បានសរសេរថា ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរគោរពកិច្ចព្រមព្រៀងបទឈប់បា.ញ់ ភាគីថៃបានបន្តរំលោ.ភកិច្ចព្រមព្រៀងបទឈប់បា.ញ់ដែលបានឯកភាពនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលមានន័យថា ភាគីទាំងពីត្រូវឈប់បា.ញ់ភ្លាមៗ និងត្រូវរក្សាទីតាំងខ្លួនឈរជើង នៅពេលបទឈប់បា.ញ់ចូលជាធរមាន ។ 

ទន្ទឹមនេះ ភាគីថៃ ក៏បានរំលោ.ភលើអនុស្សរណៈនៃការយោគយល់គ្នា ត្រង់ចំណុចទី ២ មាត្រា ៤ នៃ MoU ឆ្នាំ ២០០០ និងរំលោ.ភស្មារតីនៃកិច្ចប្រជុំ GBC និង RBC ដែលភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវរក្សាកម្លាំងទ័ពនៅទីតាំងដើមដែលខ្លួនកាន់កា.ប់ គិតត្រឹមពេលឈប់បា.ញ់ចូលជាធរមាន ដោយមិនត្រូវមានចល័តកងកម្លាំងដោយរួមទាំងការល្បាតផង សំដៅទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត ។

សមាគមទាំង ៦ នោះ បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើរំលោ.ភបំពានរបស់កងកម្លាំងសមត្ថកិច្ចថៃ មកលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា ជាពិសេសការអនុវត្តច្បាប់ថៃមកលើដែនអធិតេយ្យជាតិកម្ពុជា ។ ក្នុងនោះដែរ សមាគមទាំង ៦ ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ចំពោះអំពើរំលោ.ភបំពានរបស់ភាគីថៃ និងចាត់វិធានការចាំបាច់បំផុត ដើម្បីបង្ខំឱ្យប្រទេសនេះបញ្ឈប់សកម្មភាពឈ្លានពានយ៉ាងគឃ្លើនបែបនេះតទៅទៀត មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ៕ អត្ថបទសហការ